ក្មេង​កំព្រា​៣​នាក់​បងប្អូន​ត្រូវ​ឪពុក​ស្លាប់ចោល​រហូត​សព​ស្អុយរលួយ​នៅក្នុង​ខ្ទម​

​ខេត្តរតនគិរី​៖ ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​អារម្មណ៍​ក្តុកក្តួល​អាណិតអាសូរ និង​អនិច្ចារ​បំផុត​ចំពោះ ក្មេង​កំព្រា​ទាំង​៣​នាក់​បងប្អូន ខណៈ​ឪពុក​មាន​ជំងឺ​ជា​ទម្ងន់​រហូត​ស្លាប់ចោល​ពួកគេ​ជាច្រើន​ថ្ងៃ​នៅក្នុង​ខ្ទម​ហើយ​សាកសព​ត្រូវ​ហើម​ស្អុយរលួយ ដែល​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​រស់​ដោយ​ពឹង​លើ​ដើរ​បេះ​ផ្លែឈើ និង​ជីក​ដំឡូង​ដើម្បី​យកមក​ហូប ។ ហេតុការណ៍​នេះ​បាន​ដឹក​ដល់​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

អ្នកស្រុក​និយាយថា គេ​បាន​ធុំក្លិន​ស្អុយរលួយ​ចេញពី​ខ្ទម​រស់នៅ​របស់​ក្មេងៗ​ទាំង​៣​នាក់​នោះ ហើយ​អ្នកភូមិ​សន្និដ្ឋានថា​បុរស​ជា​ឪពុក​ក្មេង​នោះបាន​ស្លាប់​យ៉ាងតិច​ពី​៤​ទៅ​៥​ថ្ងៃ​មកហើយ​។ មុន​ពួកគាត់​បានដឹង​រឿងនេះ អ្នកភូមិ​បាន​សង្កេតឃើញ កូន​ទាំង​៣​នាក់ ចេះតែ​នាំគ្នា​ទៅ​ឈរ​នៅ​ចិញ្ចើមថ្នល់ ដើម្បី​កាក់​អ្នកភូមិ និង​អ្នកធ្វើដំណើរ​ឲ្យ​មក​ចូល​មើល និង​ចូល​បុណ្យ ប៉ុន្តែ​ដោយសារ​ខ្ទម​មួយ​នេះ នៅ​ឆ្ងាយ​ពី​អ្នកភូមិ ទើប​គេ​ពុំបាន​ដឹង​ពី​ទុក្ខសោក​វេទនា​របស់​ក្មេង​កំព្រា​រទាំង​៣​នាក់ ។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់ ឈ្មោះ ស៊ីន បូរ៉ា អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត រស់នៅ​ភូមិ​កូន​ត្មាត ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ប្រពន្ធ​ឈ្មោះ សាន សុខុម ដែល​ទើបនឹង​ស្លាប់ចោល​ប្តី និង​កូន​ប្រហែល​ជាង​៤ ទៅ​៥​ខែ​កន្លងមកនេះ​ដោយសារតែ​ភាពក្រីក្រ​ហួសកំណត់ ។ អ្នកភូមិ​បន្តថា ម្តាយ​បាន​ស្លាប់ ចោល ក្រោយមក​ឪពុក​ក៏បាន​ស្លាប់ បន្សល់ទុក​នូវ​កូនកំព្រា​៣​នាក់​បងប្អូន ពិតជា​គួរ​ឲ្យ​អាណិត​ពួកគេ ដែល​នៅ​តូចៗ កូន​បង មាន​ឈ្មោ រ៉ា សាន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, កូន​ទី​២ ឈ្មោះ រ៉ាវ វ៉ិ​ត ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​កូន​ទី​៣ ឈ្មោះ រ៉ា ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៧​ឆ្នាំ ។

​អ្នកភូមិ​បាន​ពោល​ឲ្យ​ដឹងថា តាមពិត​រឿងហេតុ​ខាងលើនេះ ត្រូវ​បានដឹង​ពី​អ្នកភូមិ ដែល​គាត់​បាន​ទៅ​ដក​ផ្សិត​នៅក្នុង​ព្រៃ ក៏បាន​ក្រឡេកឃើញ​ក្មេង​ទាំង​៣​នាក់​អង្គុយ​ទ​ទូល​តង់​ក្រោម​តំណក់ភ្លៀង ដែលមាន​ចម្ងាយ​ប្រមាណ​ជា​២០​ម៉ែត្រ​ពី​ខ្ទម​សព​របស់​ឪពុក ទើប​គេ​ចូលមក​សួរថា ហេតុអ្វី​ក៏​ពួក​អ្នក​ទាំងអស់គ្នា​នាំគ្នា​មក​អង្គុយ​នៅទីនេះ ។ ពួកគេ​ក៏បាន​ប្រាប់​ទៅកាន់​អ្នកភូមិ​ថា ឪពុក​ខ្ញុំ​កំពុង​ឈឺ​ខ្លាំង ក្រោក​មិន​រួច មិន​និយាយស្តី ដណ្តប់ភួយ​៤​ទៅ​៥​ថ្ងៃ​មកហើយ ។​

​ក្រោយពី​ស្តាប់​សំដី​ក្មេងៗ​រួច អ្នក​ដក​ផ្សិត​ក៏​នាំគ្នា​ទៅ​មើល​ទើប​ដឹងថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ និង​រាយការណ៍​ជូន​សមត្ថកិច្ច​អាជ្ញាធរ ទើប​មាន​វត្តមាន​លោក ងើយ ដន អធិការរង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ក៏បាន​ចាត់ចែង ដឹកនាំ​កម្លាំង​ចូលមក​ពិនិត្យ​សាកសព ហើយ​ពិនិត្យ​រួចរាល់ ឃើញថា សាកសព​ហើម​ស្អុយរលួយ អ្នកស្រុក​ក៏បាន​នាំគ្នា​ជួយ​ធ្វើបុណ្យ និង​បូជា​នៅក្នុង​ខ្ទម​នេះ​តែម្តង ។ ចំណែក​ក្មេងៗ​ទាំង​៣​នាក់ ត្រូវបាន​យកទៅ​ចិញ្ចឹម​សិន​នៅឯ​ស្រុក ដើម្បី​រង់ចាំ​អង្គការ​ណា​ដែល​គេ​អាច​យកទៅ​ចិញ្ចឹម ឲ្យ​បាន​រៀនសូត្រ និង​មាន​អនាគត កុំ​ឲ្យ​ពួកគេ ជួប​នូវ​រឿង​ដ៏​អភ័ព្វ រស់នៅ​កំព្រារ កម្សត់ ។

តាម​ប្រភពព័ត៌មាន​ពី​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ក្មេង​កំព្រា​៣​នាក់​បងប្អូន ដែល​ឪពុកម្តាយ​បាន​ស្លាប់ចោល​នៅ​ស្រុក​អូ​រយ៉ា​ដាវ​នោះ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លោក​គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ដោយមាន​សណ្តាន​ចិត្ត​អាណិតអាសូរ​លោក​បានសម្រេច​ចិត្ត​ទទួល​យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា​ឲ្យ​បាន​រៀនសូត្រ​៕ លី វណ្ណៈ​

KA-16-07-2016-01 KA-16-07-2016-02 KA-16-07-2016-03 KA-16-07-2016-04