ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​សម្លាប់​មនុស្ស​ នៅ​ខាង​​ត្បូង​បារាំង

ក្រុមរដ្ឋអ៊ីស្លាម បានចេញមុខ​ប្រកាសទទួលស្គាល់ ថាក្រុមខ្លួនជាអ្នក​នៅ​ពីក្រោយ​ភេរវកម្ម បើក​​រថយន្ដ​ដឹក​ទំនិញ បុក​-កិន​សម្លាប់​​មនុស្ស ស្លាប់​៨៤នាក់ ក្នុងយប់​ថ្ងៃបុណ្យ​១៤កក្កដា នាទីក្រុងនីស (Nice - ខាងត្បូង​បារាំង)។ នេះ បើ​តាម​​ការ​ប្រកាស​​ឲ្យ​ដឹង នៅថ្ងៃសៅរ៍នេះ របស់ទីភ្នាក់ងារ​ព័ត៌មាន «Amaq» ដែលជាឧបករណ៍​​ឃោសនា​​ផ្លូវ​ការ របស់​ក្រុម​ភេរវនិយម។
ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បើក​រថយន្ដ​បុក​សម្លាប់​មនុស្ស​ នៅ​ខាង​​ត្បូង​បារាំង

ពីឆ្វេងទៅស្ដាំ៖ រថយន្ដដឹកទំនិញ ដែលភេរវជនបើកបុកមនុស្ស និងក្រុមយុទ្ធជនរដ្ឋអ៊ីស្លាម។ (រូបថតទ្វីសធើរ)

ទីភ្នាក់ងារព័ត៌មាន «Amaq» ដែលជាឧបករណ៍ឃោសនាផ្លូវការ របស់ក្រុមភេរវនិយម បានចេញផ្សាយឲ្យដឹង នៅថ្ងៃសៅរ៍នេះ ថាក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ជាអ្នក​នៅពីក្រោយភេរវកម្ម​​បើក​រថយន្ដ​ដឹកទំនិញ បំបុកសម្លាប់​មនុស្ស​ដ៏​រង្គាល នាទីក្រុងមាត់សមុទ្រ​ភាគ​ខាង​ត្បូង នៃប្រទេសបារាំង កាលពីថ្ងៃបុណ្យជាតិ «១៤កក្កដា» កន្លង​មក​នេះ។

ទីភ្នាក់ងារ «Amaq» ដែលអះអាងថាបានស្រង់ប្រភព ពីផ្នែកសន្តិសុខរបស់ក្រុមរដ្ឋអ៊ីស្លាម បានសរសេរថា៖ «អ្នកដឹកនាំប្រតិបត្តិការ (...) នៅក្នុងទីក្រុង នីស (Nice) ប្រទេសបារាំង គឺជាយុទ្ធជនមួយរូប របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។ យុទ្ធជនរូបនេះ បានអនុវត្តន៍គម្រោងការ ដើម្បីឲ្យស្របទៅនឹងសេចក្ដីអំពាវនាវ ក្នុងពេលកន្លងមក ដែលប្រកាសឲ្យមានការវាយប្រហារ ទៅលើបណ្ដាជន​ នៃបណ្ដាប្រទេសទាំងឡាយ ដែលស្ថិតក្នុង​ក្រុម​សម្ព័ន្ធ​មិត្ត ដែលកំពុងប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។»

បើតាមអាជ្ញាធរបារាំង បានឲ្យដឹងថា ភេរវជនវ័យ៣១ឆ្នាំ ឈ្មោះ«Mohamed Lahouaiej-Bouhlel» បាន​បើក​រថយន្ដ​ដឹកទំនិញធុនធ្ងន់ (ដែលបានជួល ពីក្រុមហ៊ុនជួលរថយន្ដ) បោលចូលក្នុងហ្វូងមនុស្ស ដែលបាន​ជួប​ជុំ​គ្នា នៅលើដងវិថី «Promenade des Anglais» ដែលនៅជាប់មាត់សមុទ្រ ដើម្បីកំសាន្ដរីករាយ​នឹង​ការ​បាញ់​កាំជ្រួច​ជ្វាលា ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។

កាលពីថ្ងៃសុក្រកន្លងមក លោក ហ្វ្រង់ស៊័រ ម៉ូឡាំង (François Molins) រដ្ឋអាជ្ញានៃរដ្ឋធានីប៉ារីស ដែល​ទទួល​បន្ទុក​ស៊ើប​អង្កេតករណីនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ភេរវជនដែលមានមុខរបរ ជាអ្នកដឹក​ជញ្ជូនទំនិញ និងកំពុងស្ថិតក្នុងការលែងលះខាងលើនេះ មិនដែលត្រូវបានផ្នែកចារកិច្ចបារាំង ស្គាល់​ពីមុន​មក​ទេ ហើយក៏មិនដែលជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅ «S» នៃជនសង្ស័យដែលជាប់ទាក់ទង នឹងបណ្ដាញ​ភេរវ​និយម​នោះ​ដែរ។ ប៉ុន្តែជននេះ ធ្លាប់ត្រូវបានផ្ដន្ទាទោស ត្រឹមតែបទព្រហ្មទណ្ឌកម្រិតស្រាល មានដូចជា បទ​គម្រាម ប្រើហិង្សា ប្រព្រឹត្តិចោរកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រវាងពីឆ្នាំ២០១០១ មក​ទល់​នឹង​ឆ្នាំ ២០១៦។

អត្តសញ្ញាណនៃបុរស «Mohamed Lahouaiej-Bouhlel» បានស្ថិតក្នុងភាពមន្ទិល មុនការប្រកាសទទួល​ស្គាល់​ភេរវកម្ម ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម។ នាយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) អះអាង​ថា ភេរវជនរូបនេះ ពិតជាមានជាប់ទាក់ទង នឹងបណ្ដាញអ៊ីស្លាមនិយមជ្រុលណាមួយ ទោះវាស្ថិតក្នុង​ស្ថានភាព​បែប​ណា​ក្ដី។ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាហ្សស្នូវ (Bernard Cazeneuve) បែរ​ជា​បាន​បដិសេធ មិន​អះអាងថាជននេះ មានជាប់ទាក់ទង នឹងក្រុមអ៊ីស្លាមនិយមជ្រុលណាមួយទៅវិញ។

ជាច្រើនដងហើយ ដែលក្រុមរដ្ឋអ៊ីស្លាម បានធ្វើការអំពាវនាវ ឲ្យមានការវាយប្រហារ តាមគ្រប់មធ្យោបាយ ទៅក្នុងបណ្ដា​ប្រទេស​ចូលរួមជាមួយ​កងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ដែលបាន និងកំពុងធ្វើការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស ប្រឆាំងអង្គការភេរវនិយមមួយនេះ នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ រាប់ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន៕

-------------

» ទិដ្ឋភាពនៃការបាញ់បង្ក្រាបភេរវជន ដែលបានបើករថយន្ដ បោលចូលហ្វូងមនុស្ស៖

#BREAKING: New video: Moment police stormed and killed #Nice terrorist (Credit: Silvan Ben Weiss) pic.twitter.com/VWak9U4oGi

— Amichai Stein (@AmichaiStein1) 15 juillet 2016