សុខ សោម៉ាវត្តី ឆក់ឱកាស ដណ្ដើម​​តំណែង ភិន សុដា​លីស ?

(ភ្នំពេញ)៖ គាប់ជួននឹងពេលនេះ តារាសម្ដែង នាង ភិន សុដាលីស កំពុងតែឱបជាប់នូវវិបត្តិស្នេហ៍ ពពោះកូនក្នុងផ្ទៃម្នាក់ឯង គ្មានស្វាមីហេងស៊យនៅក្បែរនោះ ស្រាប់តែគេឃើញវត្តមាន របស់តារាសម្ដែងក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី ចូលមកក្នុងផលិតកម្ម មហាហង្ស ព្រមទាំងទទួលបានតំណែង ជាតួឯកទៀតផង ខណៈដែលកន្លងតំណែងតួឯក ក្នុងរឿងថ្មីរបស់ផលិតកម្មមួយនេះ តែងតែបានទៅលើនាង ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក អ៉ិន សុភិន ជាអគ្គនាយក និងជាចាងហ្វាងផលិតកម្មផងដែរ។

គ្រាន់តែឮដំណឹងថា រឿងថ្មីមានចំណងជើងថា «សួស្ដីលោកគ្រូកំឡោះ» គ្មានវត្តមាននាង ភិន សុដាលីស សម្ដែងជាតួឯក ព្រោះតែកំពុងពពោះកូនក្នុងផ្ទៃ ប្រមាណជា៦ខែមកហើយ ភ្លាមៗនោះមហាជនបានកើតជាចម្ងល់ថា តើអ្នកនាង សុខ សោម៉ាវត្តី កំពុងតែចូលខ្លួនឆក់ឱកាស មកដណ្ដើមតំណែងរបស់ នាង ភិន សុដាលីស ឬយ៉ាងណា ខណៈដែលរឿងជាច្រើន ក្នុងផលិតកម្មមហាហង្ស គឺតែងតែផ្ដល់តំណែងជាតួឯកដល់ នាង ភិន សុដាលីស ព្រោះជាកូនស្រីរបស់ម្ចាស់ផលិតកម្មស្រាប់។ 

យ៉ាងណាមិញ ជុំវិញការលើកឡើងបង្កប់ជាចម្ងល់នេះ ត្រូវបានលោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាឪពុកបង្កើត របស់នាង ភិន សុដាលីស បានបកស្រាយថា ជាការពិត ការសម្រេចឲ្យអ្នកនាង សុខ សោម៉ាវត្តី បានតំណែងជាតួឯក ក្នុងរឿង«សួស្ដីលោកគ្រូកំឡោះ» វាមិនមែនជាការដណ្ដើមតំណែងគ្នា ពីកូនស្រីរបស់លោកនោះទេ ពោលគឺជាការដាក់តួ តម្រូវទៅតាមទីផ្សាររបស់ទស្សនិកជន ហើយក៏ត្រូវនឹងសាច់រឿងផងដែរ ព្រោះ សុខ សោម៉ាវត្តី កំពុងមានទីផ្សារខ្ពស់ មានអ្នកគាំទ្រច្រើន ហើយលោកជាអ្នកជំនួញ ដូច្នេះត្រូវតែមើលទៅលើទីផ្សារជាចំបង ពេលផលិតកុនចាក់បញ្ចាំងម្ដងៗ។

លោក អ៉ិន សុភិន និយាយថា «បើបែរទៅមើលទីផ្សារ សុខ សោម៉ាវត្តី មានទីផ្សារធំៗច្រើនជាតារាដទៃ សូម្បីតែតារាស្រីៗផ្សេងទៀតជាច្រើន ក៏មិនអាចប្រៀបបានដែរ ព្រោះការសម្ដែងរបស់គាត់ល្អមែនទែន។ បើនិយាយថា ខ្ញុំយក សុខ សោម៉ាវត្តី មកជំនួលកូនស្រីខ្ញុំ ព្រោះតែនាងពោះធំ ឬហៅថាដណ្ដើមតំណែងស្អីនោះ គឺអត់មានទេ ខ្ញុំសូមបដិសេធទាំងស្រុង។ ខ្ញុំជាអ្នកជំនួញ ដូច្នេះយើងធ្វើអ្វីមួយ ត្រូវសំឡឹងមើលពីផលចំណេញ និងតម្រូវការទីផ្សារ ណាមួយដាលីស កូនខ្ញុំគាត់កំពុងរវល់នឹងរឿងភាគច្រើន ហើយគាត់ក៏កំពុងមានការងារច្រើនត្រូវធ្វើដែរ ព្រោះគាត់ជានាយកប្រតិបត្តិនៅក្នុងផលិតកម្ម មហាហង្ស ដូចនេះគាត់រវល់ច្រើន..!»។

សូមបញ្ជាក់ថារឿង «សួស្ដីលោកគ្រូកំឡោះ» ជាប្រភេទរឿងកំប្លែង កាច់កុងឌឺដង និងមនោសញ្ចេតនា ជាពិសេសគឺផ្ដោតសំខាន់លើការអប់រំច្រើន ហើយតួសម្ដែងក៏សុទ្ធតែ កំពុងមានទីផ្សារគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ក្នុងនោះមានអ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រីនិងលោក ជា សុវណ្ណនរាហ៍ ជាតួឯកប្រុស ហើយក៏មានការបង្ហាញវត្តមានជាលើកដំបូង ចូលមកក្នុងផលិតកម្ម មហាហង្ស ពីសំណាក់តារាកំប្លែង នាយ ពាក់មី និងនាយគ្រឿន ផងដែរ។

ក្រៅពីតារាសម្ដែងខាងលើនេះ ក៏មានវត្តមានតារាសម្ដែងល្បីៗ ជាច្រើនទៀតដូចជា អ្នកនាង ខ្ញុង, កញ្ញា នីឡា, កញ្ញា ម៉ៅ គឹមធីតា, លោក ងួន សុបិន, លោក អូន ឧស្សាហ៍, លោក លឹម រដ្ឋា, កញ្ញា ផាន់ ផាផួង, កញ្ញា យ៉ែម ស្រីពេជ្រ, លោក ផាត់ គង់, លោក ស្រេង វណ្ណ ព្រមទាំងតារាកិត្តិយស ជាច្រើនដួងទៀត។ រឿង «សួស្ដីលោកគ្រូកំឡោះ»ជាស្នាដៃនិពន្ធដោយកញ្ញា ម៉ៅ ចាន់រស្មី ដឹកនាំសម្ដែងដោយលោក ទិត ធារិទ្ធ កែសម្រួលដោយលោក អ៉ិន សុភិន និងកញ្ញា សោម សារ៉ាពេជ្រ ដោយបានក្រុងពាលីថត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload