​សួត​កំពុង​មាន​បញ្ហា អាច​នឹង​មាន​សញ្ញា​ទាំងនេះ​

​សួត​កំពុង​មាន​បញ្ហា អាច​នឹង​មាន​សញ្ញា​ទាំងនេះ​


​សួត​កំពុង​មាន​បញ្ហា អាច​នឹង​មាន​សញ្ញា​ទាំងនេះ​

​ខណៈពេល​ដែល​យើង​ដឹង​ហើយ​ថា សរីរាង្គ​ណា​ដែល​សំខាន់ និង​ត្រូវ​ថែរក្សា​នោះ តែ​យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​បន្ថែម ទៅលើ​សុខភាព​សួត​ផងដែរ​។ រាល់​ការបង្ក​រោគ ឬ​របួស​នៅ​សួត មិន​គ្រាន់តែ​ប៉ះពាល់ ដល់​ការដកដង្ហើម​ទេ តែ​ក៏​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​ផ្លូវដង្ហើម​ជាច្រើន​ទៀត ដូចជា ជំងឺ​ហឺត និង​ជំងឺរបេង​ដែរ​។ ខាងក្រោម​នេះ គឺជា​អាការៈ​មួយចំនួនតូច ដែល​អាច​បញ្ជាក់​ថា សួត​អ្នក​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ និង​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

ពិបាក​ដកដង្ហើម​រយៈ​ពេល​យូរ​
មិន​ខ្វល់​ថា ការឡើង​កាំជណ្តើរ ឬ​ការធ្វើ​ការងារ​ធម្មតា​ទេ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម ក្រោយពី​ធ្វើ​ការងារ​ធម្មតាៗ​ទាំងនេះ វា​អាច​បញ្ជាក់​អំពី បញ្ហា​ណាមួយ​ហើយ​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​ពិបាក​ក្នុង​ការ​រត់ ឬ​ពិបាក​ដកដង្ហើម​គ្រប់ពេល​វេលា​ទាំងអស់ សូម្បី​តែ​គេង​ដែរ នោះ មានន័យ​ថា អាច​ជា​បញ្ហា​លើ​សួត​ហើយ​ដូចជា ជំងឺ​រលាក​ទងសួត ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​ទាក់ទង​នឹង​បេះដូង​។

មាន​ស្លេស​ច្រើន​
ការ​ដែល​ក្អកមាន​ស្លេស ឬ​កំហាក តែ​មនុស្ស​ភាគច្រើន​មើលរំលង​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​អាការៈ​បែបនេះ លើស​ពី​បី​ខែ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ទៅ ព្រោះ​វា​អាច​ជា​សញ្ញា របស់​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។ បើសិន​ជា​រឿង​នេះ កើត​ឡើង​ជាមួយ​នឹង​ការដកដង្ហើម លឺសូរ​ដូច​ហួច ឬ​ពិបាក​ដកដង្ហើម​ទៀត​នោះ វា​អាច​ជា​សញ្ញា​របស់ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​វិញ​។ ដូច្នេះហើយ បើសិន​ជា​អ្នក​ក្អក​រយៈពេល​យូរ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

ឈាម​ក្នុង​កំហាក​
សញ្ញា​គន្លឹះ​មួយ​ផ្សេងទៀត ដែល​បញ្ជាក់​អំពី ជំងឺ​សួត​នោះ គឺ​វត្តមាន​របស់​ឈាម​ក្នុង​កំហាក​។ ខណៈពេល​ដែល​ការប្រែប្រួល ពណ៌​របស់​កំហាក​អាច​បង្ហាញ​ច្រើន អំពី​សុខភាព​នោះ វត្តមាន​របស់​ឈាម​ក្នុង​កំហាក អាច​ជា​សញ្ញា​របស់​ជំងឺរបេង​។​

ឈឺ​ទ្រូង​
បើសិន​ជា​អ្នក​គិតថា ការ​ឈឺទ្រូង តែងតែ​បញ្ជាក់​ពី ជំងឺ​គាំងបេះដូង​នោះ អ្នក​ពិតជា​គិត​ខុស​ហើយ​។ បើសិន​ជា​អ្នក​មាន​អា​ការៈឈឺ​ទ្រូង ដូច​មាន​អ្វី​មួយ​ស្រួច​ចាក់​ក្នុង​ទ្រូង នៅពេល​ដកដង្ហើម ក្អក ឬ​កណ្តាស វា​អាច​ដោយសារតែ ការបង្ក​រោគ​នៅ​សួត ដែល​បង្កឡើង​ដោយ​បាក់តេរី ឬ​វីរុស​។ ករណី​ដ៏​កម្រ​គឺថា វា​អាច​មាន​កំណក​ឈាម ក្នុង​សរសៃឈាម​អាក់ទែ​របស់​សួត ដែល​នាំ​ឲ្យ​ស្ទះ​ដល់​លំហូរ​ឈាម ឬ​ហៅ​ថា Pulmonary Embolism​។

ដកដង្ហើម​លឺ​ដូច​ហួច​
ការ​លឺ​សម្លេង​ដូច​ហួច​ពេល​ដកដង្ហើម អាច​ជា​សញ្ញា​បញ្ជាក់ថា មុខងារ​សួត​ថយចុះ​។ រឿង​នេះ​បញ្ជាក់ថា សួត​កំពុងតែ​មាន​ការពិបាក​ដកដង្ហើម ដោយសារ​តែ​ផ្លូវដង្ហើម​រួម​តូច ឬ​សរសៃឈាម​ស្ទះ ដោយសារ​កម្ទិចកម្ទី មក​ពី​ខាងក្រៅ​រាងកាយ​។ ករណី​ភាគច្រើន ការដកដង្ហើម​លឺសូរ​ដូច​ហួច មាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​រលាក​ដោយសារ​ជំងឺ​ហឺត រលាក​ទងសួត រលាក​សួត ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​ការស្ទះ​ក្នុង​រាងកាយ ដោយសារ​ដុំ​សាច់ ឬ​កំទិចកំទី​ពី​ខាងក្រៅ​រាងកាយ​។​

ក្អក​រ៉ាំរ៉ៃ​
សញ្ញា​ដ៏​សំខាន់បំផុត ដែល​បញ្ជាក់​ថា​សួត កំពុង​ស្ថិត​ក្នុង​ស​ភាពគ្រោះថ្នាក់ គឺ​ការ​ក្អក​រ៉ាំរ៉ៃ​។ ខណៈពេល​ដែល​ការ​ក្អក អាច​បណ្តាលមកពី ការបង្ក​រោគ​ដោយ​វីរុស ឬ​ជំងឺ​ផ្តាសាយ វា​គួរតែ​ធូរស្រាល​ទៅវិញ នៅ​រយៈពេល​ពីរ ទៅ​បី​សប្តាហ៍​ក្រោយ​។ យ៉ាងណាមិញ បើសិន​ជា​បន្ត​រយៈពេល​យូរ​ជាង​នេះ ឬ​រហូត​ដល់ ច្រើនជាង ៨ សប្តាហ៍ វា​អាច​ជា​រឿង​ត្រូវ​បារម្ភ​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ជំនាញ​ផ្លូវដង្ហើម​ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។ មូលហេតុ​មួយចំនួន នៃ​ការ​ក្អក​រ៉ាំរ៉ៃ អាច​ជា​ការ​រលាក​ទង​សួត ជំងឺ​ហឺត ជំងឺ​រលាក​សួត និង​របេង​៕

ប្រភព៖ www.thehealthsite.com

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។