រឿង « កំណត់ហេតុ​នាង​នាថ » កាន់តែ​មានការ​ចាប់អារម្មណ៍​មុន​ចាក់​បញ្ចាំង

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​យល់​ច្រឡំ​ថា ភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ » ចម្លង​ពី​ប្រទេស​ថៃ​មក យុវវ័យ​ជា​ច្រើន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ស្នាដៃ​របស់​ផលិតករ​ខ្មែរ​មួយ​នេះ ។ គ្រា​ជិត​ចេញ​បញ្ចាំង​នេះ រឿង «​កំណត់ហេតុ​នាង​នាថ » ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​យុវវ័យ​ជា​ច្រើន​ទន្ទឹងរង់ចាំ​ទស្សនា ។

ផលិតករ និង​សិល្បករ​រំពឹង​ថា ខ្សែភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​» នឹង​លេចធ្លោ​នៅ​ចុងឆ្នាំ​២០១៦​នេះ ។

អ្នកនិពន្ធ និង​ដឹកនាំ​រឿង​វ័យក្មេង​លោក ចាន់ ណា​រ៉ូ​ណា​ន់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ភ្ញាក់ផ្អើល​គ្រា​ដែល​លោក​បង្ហោះ​ត្រឹម​រូបថត ជា​ឈុត​ឆាក​សម្តែង​ទទួល​បានការ​គាំទ្រ​ច្រើន​។ រូបថត​ដែល​ដាក់​បង្ហោះ​ក្នុង​បំណង​ផ្សព្វផ្សាយ​ទាំងនោះ​មាន​អ្នក​ចូល​មើល​រាប់​សែន​នាក់ និង​រាប់​ម៉ឺន​នាក់​ចុច Like និង Shar ។ លោក​ចាន់ ណា​រ៉ូ​ណា​ន់ រំពឹង​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​ខ្សែភាពយន្ត​នេះ​ព្រោះ​ទាំង​ការ​និពន្ធ​សាច់​រឿង​ថ្មី​ប្លែក ការ​ដឹកនាំ បច្ចេកទេស​ប្លង់ និង​ទេសភាព​សម្រិតសម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​ប្រាកដ​ថា​វា​គឺជា​ខ្សែភាពយន្ត​ដែល​លេចធ្លោ​សម្រាប់​ចុងឆ្នាំ​២០១៦​នេះ ។

មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​សំណូមពរ​ឲ្យ​ខ្សែភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​» ដាក់​បញ្ចាំង​ឲ្យ​បាន​ឆាប់ ខណៈ​រោង​ភាពយន្ត ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ព​ន្លឿ​ន​បញ្ចប់​ការ​ផលិត​ដើម្បី​បាន​ដាក់​បញ្ចាំង​ផង​ដែរ ។ ការ​ថត​បាន​បញ្ចប់​ហើយ ប៉ុន្តែ​ការ​កាត់ត​បញ្ចូល​សំឡេង​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ដែល​យ៉ាង​យូរ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត ទំនើប​ៗ​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ។

រហូត​មក​ដល់​ពេល​នេះ​ខ្ទង់ចំណាយ​នៃ​ការ​ផលិត​រឿង «​កំណត់ហេតុ​នាង​នាថ​»​បាន​ឡើង​ដល់​ប្រមាណ​ជាង​៦​មឺ​ុ​ន​ដុល្លារ ហើយ​អាច​នឹង​កើនឡើង​ដល់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​ទើប​រួចរាល់ ។ ក្រោយ​ដាក់​បញ្ចាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​រួច​លោក​ចាន់​ណា​ន់​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​តាម​សំណូមពរ​របស់​អ្នកគាំទ្រ ។ អ្នកនិពន្ធ​វ័យ​៣០​ឆ្នាំ ចាន់ ណា​រ៉ូ​ណា​ន់ បញ្ជាក់​ថា ក្រោយ​ពី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​«​កំណត់ហេតុ​នាង​នាថ​» រួច លោក​នឹង​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​រឿង «​សសរកន្លោង » ទៀត ។

ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម «​ឥន្ទ្រា​និ​មិ្ម​ត​ហ្វីល​ម៍​» រឿង «​កំណត់ហេតុ​នាង​នាថ​» បាន​រៀបចំ​ពិធី​ក្រុង​ពលី​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ តារា​សម្តែង បង្ហាញ​ម៉ូ​ដ និង​ពិធី​ការិនី​កញ្ញា​ណា​តា​ហ្សា  ព្រមទាំង​តារា​សម្តែង​ប្រុស​-​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​ដួង​ទៀត​ចូលរួម​សម្តែង​ក្នុង​រឿង «​កំណត់ហេតុ​នាង​នាថ »៕