​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ប៉ៃលិន

ប៉ៃលិន:
​លោក អ៊ី ឈាន ក្នុងនាម​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​បទបញ្ជា​នីតិវិធី​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ជូន​ដល់​សមាជិក សមាជិកា​គណបក្ស​រប​ស់​ខ្លួន​នៅ​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ខេត្ត​ប៉ៃលិន​។​

​ពិធី​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​កសាង​សមត្ថភាព​ដល់​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា អំពី​គោលការណ៍​សំខាន់ៗ​នៃ​ច្បាប់បោះឆ្នោត អប់រំ​ផ្សព្វផ្សាយ​ដល់​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ បាន​យល់ដឹង​ពី​គោលការណ៍ បែបបទ នីតិវិធី​នៃ​ច្បាប់បោះឆ្នោត ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​គណបក្ស​ក្នុងការ​ការពារ​ភាពត្រឹមត្រូវ​ផ្នែក​ច្បាប់​ដល់​គណបក្ស ក៏​ដូច​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ។​

 លោក​អ៊ី ឈាន ក៏បាន​ធ្វើការ​ណែនាំ ដល់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន ឃុំ សង្កាត់ និង​ភូមិ​ដើម្បី​ជួយ​ជំរុញ​ដល់​សមាជិក​បក្ស​ទាំងអស់​ទូទាំង​ខេត្ត បាន​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ជំនួយ​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត នាពេលខាងមុខ ព្រមទាំង​ជម្រុញ​ឲ្យ​ផ្សព្វផ្សាយ​ដល់​សមាជិក​បក្ស និង​មហាជន ឲ្យ​បាន​យល់​ជ្រួតជ្រាប អំពី​សភាពការណ៍​ថ្មីៗ​ដែល​កំពុង​វិវត្តន៍​នៅក្នុង​សង្គម ដើម្បី​កុំ​ឲ្យ​មានការ​ចាញ់​ឧបាយកល​បោកប្រាស់​របស់​គណបក្ស​នយោបាយ​មួយចំនួន ដែល​តែងតែ បំ​ភ្លើ​ស បំប៉ោង បំភាន់​មតិ​ជាតិ និង​អន្តរជាតិ ពី​សភាពការណ៍​ក្នុងសង្គម ដោយ​ធ្វើការ​ញុះញង់​លាប​ពណ៌​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្តបន្ទាប់ ។​

​លោក បាន​មានប្រសាសន៍​ស្នើ​ឲ្យ​បងប្អូន​រក្សា​ជំហរ​ដ៏​រឹងមាំ នៃ​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ថែរក្សា​ការពារ នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ជូន​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល ព្រមទាំង​បន្ត​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​និរន្តរភាព ផងដែរ ៕s​