សាស្ត្រាចារ្យ​ជប៉ុន​លើកកម្ពស់​ការបណ្តុះបណ្តាល​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

​សៀមរាប:
 “​មេរៀន​អំពី​រចនាសម្ព័ន្ធ​ប្រាសាទ​ក្នុង​តំបន់​អង្គរ គឺ​ពិតជា​ស្មុ​គ្រ​ស្មាញ​ខ្លាំងណាស់ កុំថាឡើយ​រៀន​​ត្រឹម​ពីរ​សប្តាហ៍ ទោះបី​មួយខែ ៦​ខែ ឬមួយ​ឆ្នាំ​ក៏ដោយ​ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់​ដែរ​។ យើង​ពិតជា​រីករាយ​នឹង​បន្ត​បណ្តុះបណ្តាល​អ្នកជំនាញ​វ័យក្មេង​ទាំងនេះ​ទៀត​នៅ​ឱកាស​ក្រោយៗ​”​។

​នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រាចារ្យ KENICHRO HIDAKA អ្នកជំនាញ​Adhoc បុរាណវិទ្យា​នៃ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​អង្គរ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​បច្ចេកទេស​វាស់​ស្ទង់​លំ​ងាក​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​
 
​លោក​សាស្ត្រាចារ្យ Azedine Beschaouch លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ ICC-Angkor និង​ជាទី​ប្រឹក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​ចែក​វិញ្ញាបនបត្រ​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​លើកឡើងថា យើង​ពិតជា​រីករាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​របស់​សាស្ត្រាចារ្យ​ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ជំនាញ​បុរាណវិទ្យា​នេះ​។

​លោក​សាស្ត្រាចារ្យ​បន្ថែមថា សាកលវិទ្យាល័យ​ធំៗ​លើ​លោក​ដែល​លោក​ធ្លាប់​ស្គាល់  និង​ធ្លាប់​បង្រៀន មិនសូវមាន​សាកលវិទ្យាល័យ​ណា​ដែល​បណ្តុះបណ្តាល​លម្អិត​លើ​មុខជំនាញ​នេះ ដូច​វគ្គប​ណ្តុះ​នៅពេលនេះ​ទេ​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ពិតជា​មានសំណាង​ណាស់ ដោយសារ​សិក្ខាកាម​ទាំងអស់​សុទ្ធតែ​ធ្លាប់​អនុវត្ត​លើ​ការងារ​អភិរក្ស​ផ្ទាល់ ហើយ​បានទទួល​វគ្គ​បណ្តុះបណ្តាល​លម្អិត​ថែមទៀត​។ លោក​នឹង​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​នៅពេល​ឆាប់ៗ​ខាងមុខ​ទៀត ដើម្បី​ឲ្យ​លោក​សាស្ត្រាចារ្យ​បាន​បន្ត​នូវ​មេរៀន​ដ៏​មាន​សារៈសំខាន់​នេះ​។​

​លោក ម៉ៅ សុខ​នី ដែលជា​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​រៀបរាប់ថា លោក​ពិតជា​រីករាយ​ដែល​បានទទួល​នូវ​ចំណេះដឹង​បន្ថែម​ក្នុង​វគ្គ​នេះ​។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នេះ មាន​មេរៀន​ពីរ​សំខាន់ៗ​ដែល​លោក​ទទួលបាន​គឺ របៀប​ប្រើប្រាស់​Scanner ដើម្បី​ធ្វើ​សម្រង់​ប្រាសាទ​ជា​3D និង​សិក្សា​អំពី​វិធី​គណនា​នូវ​លំ​ងាក​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ​។ លោក​បន្ថែមថា រចនាសម្ព័ន្ធ​ប្រាសាទ​តែងមាន​លំ​ញ័រ​ជាប្រចាំ​ដោយ​ខ្យល់ព្យុះ ឬ​ដោយ​យានជំនិះ​ជាដើម​។ លំ​ញ័រ​នេះ​នឹង​នាំ​ឲ្យ​ប្រាសាទ​មាន​លំ​ងាក​បន្តិច​ម្តងៗ ដែល​យើង​មើល​ដោយ​ភ្នែក​ទទេ​មិនឃើញ តែ​តាម​វិធី​គណនា យើង​អាច​ដឹងបាន ហើយនឹង​រក​វិធី​ទប់ស្កាត់បាន​ទាន់ពេល​។​

​គួររំឭកថា វគ្គ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​បច្ចេកទេស​វាស់​ស្ទង់​លំ​ងាក​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​រយៈពេល​ពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៤​ដល់​១៦ ខែកក្កដា​នេះ ដោយមាន​សិក្ខាកាម​ចំនួន​២៥​រូប ដោយ​រួមទាំង​អ្នកជំនាញ​មកពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ចំនួន​៣​រូប​ផង​៕s​