លោត​ពីលើ​ស្ពាន​ថ្មី​ជ្រោយចង្វា ព្រោះ​មិន​ចង់​រស់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា ខូចចិត្ត​រឿង​អី​ទេ បាន​មក​ដើរ​ឡើង​ដើរ​ចុះ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ហើយ​ដោះ​ស្បែកជើង និង​ស្រោមដៃ​ចេញ​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចុះ​ក្រោម​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ កក្កដា ២០១៦ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​បាន​ប្រាប់​ដឹង​ថា គេ​បានឃើញ​បុរស​ខាងលើ​នេះ ដើរ​ឡើង​ដើរ​ចុះ​នៅ​លើ​ស្ពាន ដោយ​គេ​ស្មាន​តែ​បុរស​ម្នាក់​នេះ​ដើរ​លេង​ធម្មតា​ទេ​លុះ​មួយសន្ទុះ​ក្រោយ ស្រាប់តែ​ឃើញ​បុរស​នោះ​បាន​ដោះ​ស្បែកជើង និង​ស្រោមដៃ​ចេញ​ហើយ​ឡើង​លើ​បង្កាន់ដៃស្ពាន​លោត​ចុះ​ក្រោម​ចូល​ទៅ​ក្នុង​ទឹកតែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ស្ពាន​ជ្រោយចង្វា​ថ្មី​បាន​នាំ​គ្នា​ឈប់​ម៉ូតូ​អើត​មើលទៅ​ក្នុង​ទឹក ព្រោះ​ចង់​ដឹង​ថា តើ​បុរស​នោះ​លិច ឬ​ក៏​នៅ ប៉ុន្តែ​មិនឃើញ​បុរស​នោះ​ទេ គេ​នាំ​គ្នា​និយាយ​ថា បុរស​លិច​បាត់​ហើយ​។ ហើយ​នៅ​លើ​ស្ពាន​ដែល​បុរស​នោះ​លោត​បន្សល់​ទុក​តែ​ស្បែកជើង​មួយគូរ និង​ស្រោមដៃ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ជិត​មួយ​ម៉ោង​ហើយ មិនឃើញ​មាន​សម្ថ​ត​កិច្ច​ប៉ុស្តិ៍​ជ្រោយចង្វា​មក​មើល​ឡើយ មិនដឹង​ថា គាត់​រវល់​ធ្វើ​ស្អី​ទេ៕