បច្ចេកវិទ្យា​4​យ៉ាង​កំពុង​មាន​ឥទ្ធិពល​លើ​វិស័យ​អចលនទ្រព្យ​ជាស​កល

ការ​វិនិយោគ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​កម្រិត​សកល ចាំបាច់​ត្រូវ​តែ​យល់​ដឹង​ពីសារ​ប្រយោជន៍ និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា ។ តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់ CBRE បាន​រក​ឃើញ​ពីសារ​សំខាន់​នៃ​ប​ចេ្ច​ក​វិទ្យា​ទំនើប​ចំពោះ​ឈ្មួញ​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម ។

ខាងក្រោម​នេះ គឺជា​កត្តាប​ចេ្ច​ក​វិទ្យា​ទាំង​៤ ដែល​មាន​ឥទ្ធិពល​លើ​អនាគត​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ជាស​កល ៖

១-​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាន់តែ​ខ្ពស់ ៖
ភាព​ជឿនលឿន​នៃ​សកលភាវូបនីយកម្ម​បាន​នាំ​ឱ្យ​ការ​ទទួល​ព័ត៌មាន សេវាកម្ម និង​ចំណេះដឹង​សមត្ថភាព​កាន់តែ​រីកសាយ​យ៉ាង​ទូលំទូលាយ​។ នាយក​គ្រប់គ្រង​ការ​អនុវត្ត​ទីផ្សារ​ឧស្សាហកម្ម​មក​ពី CBRE លោក Jack Fraker បាន​លើក​ឡើង​ថា ៖ « ព័ត៌មាន​អំពី​អចលនទ្រព្យ ក៏​ដូច​ជា​ពាណិជ្ជកម្ម​ដែល​វិនិយោគិន​អាច​ទទួល​បាន​ដំណឹង​ច្រើន និង​ត្រឹមត្រូវ អាច​ស្រាវជ្រាវ​បាន​គ្រប់ពេលវេលា និង​ជាក់ស្ដែង​ជាង​មុន​» ។ ជា​លទ្ធផល វិនិយោគិន​ទាំងអស់​កំពុង​ប្រើប្រាស់​ព័ត៌មាន​ទាំងនេះ​ក្នុង​ការ​សម្រេចចិត្ត​វិនិយោគ​អ្វីមួយ​ក្នុង​ប្រភេទ​ទ្រព្យសម្បតិ្ត និង​ភូមិសាស្ត្រ​នានា ។

២-​ទិន្នន័យ​ច្រើន ៖
ប​ចេ្ច​ក​វិទ្យា​បាន​ផ្លាស់​ប្តូរ​វិធី​ដែល​យើង​ប្រមូល និង​វិភាគ​ព័ត៌មាន ។ សព្វ​ថ្ងៃនេះ វិនិយោគិន​អាច​តាមដាន​នូវ​ព័ត៌មាន​ទាំងឡាយ ដែល​ពី​មុន​ពួក​គេ​ពុំ​អាច​ទទួល​បាន ។ សូម​ពិចារណា​ពី​របៀបកា​រវិ​វត្ត​នៃ​ទិន្នន័យ​ដ៏​សម្បូរ​បែប​ដែល​កំពុង​ផ្លាស់​ប្តូរ​ការ​វិភាគ​របស់​យើង​ទៅ​លើ​នគរូបនីយកម្ម ។ ប្រជាជន​សព្វថ្ងៃ​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់នៅ​បែប​ទីក្រុង​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​កន្លង​មក ។ ដោយ​សង្កេត​ទៅ​លើ​វិធី​ដែល​ពិភពលោក​កំពុង​អភិវឌ្ឍន៍​ឆ្ពោះទៅ​ភាព​ស៊ី​វិ​ល័យ​នោះ វិនិយោគិន​អាច​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម ។

យោង​តាម​លោក David Egan ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ឧស្សាហកម្ម​សម្រាប់​អា​មេ​រិ​កមក​ពី CBRE បាន​ថ្លែង​ថា ៖ « ទិស​ដៅ​ឧស្សាហកម្ម​អចលនទ្រព្យ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយនឹង​ទិស​ដៅ​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ដែល​សម​ស្រប​ទៅ​នឹង​កំណើនប្រជាជន » ។

៣-​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ៖
ក្នុង​កំណើន​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក វា​ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ភាព​ងាយស្រួល ពោល​គឺ​ពុំ​មានការ​ចាំបាច់​ទៀត​ទេ​សម្រាប់​ឈ្មួញ​លក់រាយ​ម្នាក់​ក្នុង​ការ​ដើរ​តាម​អតិថិជន​របស់​ខ្លួន ។ ប៉ុន្តែ​ការ​សន្មត​នេះ​មិន​ប្រាកដ​ថា ត្រឹមត្រូវ​ទាំងស្រុង​ដែរ ។ អចលនទ្រព្យ​មាន​សារសំខាន់​ជាង​មុន​ៗ​ទាំងអស់ ជាមួយនឹង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ។ អ្នក​លក់​រាយ​ទាំងអស់​ចាំបាច់​ត្រូវ​តែ​នៅ​ក្បែរ​ទីក្រុង ជា​កន្លែង​ដែល​ទំនិញ​ពួក​គេ​ត្រៀម​ចែកចាយ​រួចរាល់ ដើម្បី​ធានា​បាន​នូវ​ការ​ចែកចាយ​មាន​ប្រសិទ្ធភាព​និង​តម្លៃ​នៃ​ការ​ចែកចាយ​ទំនិញ។

៤-​រថយន្ត​គ្មាន​មនុស្ស​បើក ៖
ការ​ដឹក​ជញ្ជូន​ស្វយ័ត​កំពុង​តែ​វាយលុក​លើ​ប្រតិបត្តិការ​ដឹក​តាម​រថយន្ត ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ។ រថយន្ត​គ្មាន​មនុស្ស​បើក អាច​ចត​បាន​ដោយ​ខ្លួន​វា​ផង​ដែរ មាន​ន័យ​ថា អនាគត​អចលនទ្រព្យ​នឹង​មាន​តម្រូវការ​កន្លែង​ចត​តិច ។ បើ​ទោះជា​ក្នុង​ទីក្រុង​ដែល​ពុំ​សូវ​សម្បូរ​ចំណត​ក្តី ក៏​វិធី​មួយ​នេះ​អាច​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​ដែរ។

រថយន្ត​ចរាចរ​ដោយ​ខ្លួនឯង ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ចែកចាយ និង​ការ​ផ្គត់ផ្គង់​ផង​ដែរ ។ នៅ​តាម​ទីក្រុង​នានា​នឹង​អនុម័ត​ការ​ដឹក​ជញ្ជូន​ស្វយ័ត​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់ និង​សេដ្ឋកិច្ច ខណៈ​ដែល​ទំនៀមទម្លាប់​ក្នុងស្រុក​អនុវត្ត​ការ​ប្រើប្រាស់​រថយន្ត​គ្មាន​មនុស្ស​បើក ៕