អ្នក​ម៉ូតូឌុប​ស៊យ​ធំ ឌុ​ប​ប៉ះ​ចោរ​នាំ​យក​ទៅ​ប្លន់

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព ចំណែក​បុរស​ជា​ម្នាក់​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់​ធ្ងន់់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នៅ​ជិត​កន្លែង​កើតហេតុ ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧​ខែកក្កដា ឆ្នាំ​២០១៦ ចំណុច​ផ្លូវលំ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ច​យ ប្រុ​ញ អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​ពោធិ៍​ស្នាយ ឃុំ​ព្រែក​ខ្នះ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​ដឹក​សង្ស័យ​២​នាក់​នៅ​ផ្សា​រកា​ណា​ឌី​យ៉ា​ទៅ​ចំណុច​អគ្គិសនី ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​តំលៃ​៤​ពាន់​រៀល ខណៈ​មក​ដល់​ចំណុច​ខាងលើ​ជនសង្ស័យ​ឲ្យ​គាត់​ឌុ​ប​ទៅ​ផ្សារ​ទួល​ពង្រ​បន្ត​ទៀត ដោយ​គាត់​ដឹក​រហូត​មក​ដល់​ចំណុច​ខាងលើ​ជា​ផ្លូវ​ស្ងាត់ ជនសង្ស័យ​បាន​ឲ្យ​គាត់់​ឈប់​ម៉ូតូ ហើយ​ជន​វាយ​គាត់​ចំ​ម៉ាត់​បណ្តាល​ឲ្យ​បែក​ឈាម ធ្វើ​ឲ្យ​គាត់​ងងឹតមុខ​ហើយ​ជនសង្ស័យ​បាន​ដណ្តើម​យក​ម៉ូតូ​របស់​គាត់​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-8141 ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយ​កើតហេតុ​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ល្បាត​ឃើញ ហើយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្នុង​ករណី​ខាងលើ​នេះ​បើ​តាម​គ្រូពេទ្យ​ដែល​ប្រចាំការ និង​ព្យាបាល​បុរស​ខាងលើ​បាន​ប្រាប់​ថា ស្ថានភាព​របួស​របស់​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ គឺ​បែក​មាត់​រយះ​ដេរ​អស់​ជាង​១០​ថ្នេរ​ឯណោះ ៕