ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ទាមទារ​ដក​តួនាទី​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កែវសីមា ទាមទារ​ឲ្យ​ដក​តួនាទី​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គំរាម​កំហែង​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ខណៈ​អ្នក​ភូមិ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ពី​ព្រៃ​ដើម្បី​លក់​យក​ប្រាក់​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​រស់នៅ​ភូមិ​អូររណា និង​ភូមិ​អូរអាម ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​បណ្ដុះ​កូន​ឈើ​នៃ​សង្កាត់​ព្រៃ​ឈើ​កែវសីមា បញ្ចេញ​កំហឹង​ស្រែក​ទាមទារ​ឲ្យ​ដក​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់ ដែល​ពួក​គាត់​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គំរាម​កំហែង និង​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ភូមិ។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា បន្ទាប់​ពី​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់​មាន​ឈ្មោះ ឈួន និង​ឈ្មោះ ខែម ដក​កាំភ្លើង​គំរាម​ក្មេង​ជំទង់​ម្នាក់​ដែល​ព្យាយាម​ផ្ដួល​ម៉ូតូ ហើយ​រត់​គេច​ខ្លួន ខណៈ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​បើក​រថយន្ត​ដេញ​តាម​ចាប់​ម៉ូតូ​ដឹក​ឈើ​ពីរ​កំណាត់​របស់​ក្មេង​ជំទង់​នោះ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរអាម លោកស្រី វែន សុខចាន់ បញ្ជាក់​ថា អ្នក​ភូមិ​ផ្ទុះ​កំហឹង​នៅ​ពេល​ដឹង​ដំណឹង​ថា ក្មេង​ជំទង់​បាត់​ខ្លួន​មិន​ដឹង​មាន​គ្រោះថ្នាក់ ឬ​កើត​ហេតុ​អ្វី ទើប​អ្នក​ភូមិ​ប្រមូល​គ្នា​មក​ទីស្នាក់ការ​មន្ត្រី​ព្រៃ​ឈើ ទាមទារ​ឲ្យ​រក​ក្មេង​ជំទង់ និង​ថ្កោលទោស​ចំពោះ​សកម្មភាព​ដក​កាំភ្លើង​គំរាម​កូន​ចៅ​ប្រជាពលរដ្ឋ។ លោកស្រី​បន្ត​ថា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​តែង​នាំ​គ្នា​ចូល​ព្រៃ​ទិញ​ឈើ​ពី​ឈ្មួញ​ម្នាក់​ពីរ​កំណាត់ មក​លក់​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​នាក់​តម្រូវ​ឲ្យ​បង់​ប្រាក់​មួយ​ម៉ូតូ ៥​ពាន់​រៀល បើ​មិន​បង់​ប្រាក់​ទេ មន្ត្រី​ព្រៃ​ឈើ​ចាប់​យក​ម៉ូតូ​ប្រជាពលរដ្ឋ និង​ទាមទារ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ៖ «ពួក​ខ្ញុំ​ដឹក​ឈើ​ខ្ញុំ​ដឹង​ថា ពួក​ខ្ញុំ​ខុស​ច្បាប់​ហើយ ប៉ុន្តែ​អាជីព​ពួក​ខ្ញុំ​តែ​ប៉ុណ្ណឹង។ បើក​ឡាន​ដេញ​ចាប់ ដក​កាំភ្លើង​ដេញ​ចាប់​ទារ​លុយ ១​ម៉ឺន​រៀល អត់​យក​ទេ ទារ មួយ​រយ​ហាសិប​ដុល្លារ ម្ភៃ​ម៉ឺន​សាមសិប​ម៉ឺន​បាន​យក។ គេ​មក​យក​តាម​ផ្ទះ​រាល់​ថ្ងៃ​ហ្នឹង មេ​ព្រៃ​ហ្នឹង»

មិន​មាន​មន្ត្រី​ព្រៃ​ឈើ​ណា​ម្នាក់​នៅ​ទីស្នាក់ការ​បណ្ដុះ​កូន​ឈើ ចេញ​មុខ​ដោះស្រាយ​ជាមួយ​អ្នក​ភូមិ​ដែល​បញ្ចេញ​កំហឹង​តវ៉ា​នោះ​ទេ ខណៈ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​នាក់ បាន​បើក​រថយន្ត​គេច​ចេញ​ពី​ទី​កើត​ហេតុ។ ចំណែក​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ភូមិ​វិញ បន្ទាប់​ពី​ស្រែក​បញ្ចេញ​កំហឹង​ប្រមាណ ២​ម៉ោង​នៅ​មុខ​ទីស្នាក់ការ​មន្ត្រី​ព្រៃ​ឈើ​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ព្រៃ​ឈើ​ឈ្មោះ ឈួន និង​ឈ្មោះ ខែម សុំ​បញ្ជាក់​ពី​រឿង​ហេតុ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​ពី​ព្រៃ​ការពារ​ខុស​ច្បាប់​យក​មក​ធ្វើ​ជា​មុខ​របរ​លក់​ដូរ​ប្រចាំ​ថ្ងៃ បើ​ទោះ​បី​មន្ត្រី​ព្រៃ​ឈើ​បាន​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​របរ​នេះ​ច្រើន​លើក​ក៏ដោយ។ លោក​ថា មន្ត្រី​ព្រៃ​ឈើ​អនុវត្ត​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​ផ្ទុះ​កំហឹង។ លោក​ថា ប្រសិន​មាន​មន្ត្រី​ព្រៃ​ឈើ​ណា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជំរិត​ទារ​ប្រាក់ អ្នក​ភូមិ​ត្រូវ​ផ្តល់​ព័ត៌មាន​ជាក់លាក់​មក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​ដាក់​ពិន័យ​មន្ត្រី​នោះ៖ «កន្លង​មក​យើង​ណែនាំ​កុំ​ឲ្យ​គាត់​ដឹក គាត់​ស្តាប់​បាន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ គាត់​ដឹក​ទៀត។ ទៅ​ក្នុង​ព្រៃ​ការពារ​ហ្នឹង។ អ៊ីចឹង​មាន​ចាប់​ប៉ះ​ជាមួយ​គាត់ គាត់​ចង់​ដាក់​លក្ខខណ្ឌ​កុំ​ឲ្យ​ចាប់​ពួក​គាត់ ឲ្យ​គាត់​ដឹក​ស្រេច​ចិត្ត អាក្រក់​មើល​ពេក»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​ចុះ​ឃ្លាំ​មើល​ករណី​នេះ​កត់​សម្គាល់​ថា សាក្សី​អ្នក​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​មួយ​ចំនួន បាន​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ការ​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​ព្រៃ​ឈើ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ព្រៃ។ លើស​ពី​នោះ​ទៀត សាក្សី​ខ្លះ​ក៏​បាន​បង្ហាញ​ថា បទល្មើស​ព្រៃ​ឈើ​ផ្សេង​ទៀត​ពាក់ព័ន្ធ​ឈ្មួញ​មាន​ប្រាក់ ក៏​កើត​មាន​ច្រើន​នៅ​តំបន់​នោះ​ដោយ​គ្មាន​ការ​បង្ក្រាប៖ «ខ្ញុំ​សាទរ​ការ​អនុវត្ត​ច្បាប់​រឹត​បន្តឹង​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ សុំ​ឲ្យ​មាន​តម្លាភាព​រវាង​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ ទាំង​ប្រជាពលរដ្ឋ និង​ឈ្មួញ​រក​ស៊ី​ឈើ»

ប្រជាពលរដ្ឋ​ភូមិ​អូររណា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា មន្ត្រី​សង្កាត់​ព្រៃ​ឈើ​កែវសីមា បាន​ចាប់​ម៉ូតូ​ដឹក​ឈើ​អ្នក​ភូមិ ៦​គ្រឿង​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ និង​ទាមទារ​ឲ្យ​ម្ចាស់​ម៉ូតូ​ម្នាក់​បង់​ប្រាក់​ពិន័យ ១៥០​ដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​មន្ត្រី​ព្រៃ​ឈើ បញ្ជាក់​ថា ពួក​គាត់​បាន​ធ្វើ​ពាក្យ​ប្ដឹង​រួច​ហើយ តាម​រយៈ​មន្ត្រី​សិទ្ធិ​មនុស្ស ដើម្បី​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។