ភ្ញៀវទេសចរមកដល់កម្ពុជា តាមផ្លូវអាកាស កើនឡើងជាង៥ភាគរយ នៅដើមឆ្នាំ២០១៦

(ភ្នំពេញ)៖ កំណើនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកដល់ប្រទេសកម្ពុជា តាមផ្លូវអាកាសមានការកើនឡើង៥.៤ភាគរយនៅរយៈពេល ៥ខែ ខាងដើមឆ្នាំ២០១៦នេះ ខណៈដែលការធ្វើដំណើរតាមផ្លូវគោក បានធ្លាក់ថយចុះជាង១ភាគរយ។ នេះបើតាមរបាយការណ៍ប្រចាំ ឆមាសទី១ ដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍ថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា រយៈពេល៥ខែ នៅឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរមកទស្សនាកម្ពុជាតាមផ្លូវអាកាស មានចំនួន១,០៧៥,៩៤៥នាក់ ហើយនៅឆ្នាំ២០១៦ គិតត្រឹមខែឧសភាដែរនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជាតាម ផ្លូវអាកាស មានចំនួន ១,១៣៣,៩៤០នាក់ ដែលកើនឡើង ៥.៤ភាគរយ។ 

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានលើកឡើងថា «បច្ចុប្បន្នកម្ពុជាបាននិងកំពុង រៀបចំទំនាក់ទំនងជើងហោះហើរត្រង់ ជាមួយប្រទេសនានាក្នុងតំបន់ តួយ៉ាងជាមួយមហាអំណាចចិនមានការហោះហើរត្រង់ ចំនួន៣៥ជើង ក្នុងមួយថ្ងៃ នៅអាស៊ានមានសឹងគ្រប់ប្រទេសអស់ហើយ នៅតែជាមួយឥណ្ឌូនេស៊ីមួយទេ ហើយក្រៅពីនេះ នៅមានប្រទេសក្រៅតំបន់ជាច្រើនទៀត ដែលកម្ពុជាបាន និងកំពុងភ្ជាប់ទំនាក់ទំនង ក្នុងការជំរុញការអនុវត្តកិច្ចការនេះ»។

ក្នុងកំណើនភ្ញៀវទេសចរអន្តរជាតិមកតាមផ្លូវអាកាស ១,១៣៣,៩៤០នាក់នោះ មានមកតាមអាកាស យានដ្ឋាន ក្រុងភ្នំពេញ ៤៧១,០៧២នាក់, តាមអាកាសយានដ្ឋានខេត្តសៀមរាប ៦៥៩,៥០៣នាក់, និងអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ៣,៣៦៥នាក់។

របាយការណ៍បានកត់សម្គាល់ថា ទន្ទឹមនឹងកំណើននៃការធ្វើដំណើរតាមផ្លូវអាកាសរបស់ទេសចរអន្តរជាតិនេះ ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរមកទស្សនាកម្ពុជាតាមផ្លូវគោ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៦ បែរជាមានការធ្លាក់ចុះនៅត្រឹម ៨៩៦ ,៨២២នាក់ ពោលគឺថយចុះ១.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៥ ដែលមានចំនួន ៩០៧,៧៧៨នាក់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ស្រដៀងនឹងព័ត៌មាននេះដែរ កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ សម្រាប់ខែមេសា ឆ្នាំ២០១៦ មានចំនួន ១៤៦,១៩៦នាក់ ថយចុះ៤.៨០% បើប្រៀបធៀបទៅនិងខែមេសា ឆ្នាំ២០១៥ ហើយរកចំណូលបាន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។

ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាម៉េរិក៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញៀវទេសចរមកដល់កម្ពុជា តាមផ្លូវអាកាស កើនឡើងជាង៥ភាគរយ នៅដើមឆ្នាំ២០១៦

ភ្ញៀវទេសចរមកដល់កម្ពុជា តាមផ្លូវអាកាស កើនឡើងជាង៥ភាគរយ នៅដើមឆ្នាំ២០១៦