លោក ញ៉ែម វ៉ា​លី ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​

លោក ញ៉ែម វ៉ា​លី ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​



កំពង់ឆ្នាំង ​៖ នៅក្នុង​ឱកាស​ដែល​ប្រជា​ពុទ្ធសាសនិក កំពុង​រីករាយ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​ពិធីបុណ្យ​ចូល​ព្រះវស្សា​នោះ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ លោក ញ៉ែម វ៉ា​លី អនុប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ព្រម​ទាំង​ក្រុម​គ្រួសារ រួម​ដំណើរ​ជាមួយ​មន្ត្រីក្រោមឱវាទ ​នៃ​ក្រសួង​ធម្មការ​ និង​សាសនា បាន​នាំ​យក​ទៀន​ព្រះ វស្សា ទេយ្យវត្ថុ និង​បច្ច័យ​មក​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត និង​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ចំនួន​៥​គ្រួសារ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

វត្ត​ចំនួន​៥ ដែល​ទទួលបាន​នោះ​រួមមាន វត្ត​ត្រឡែងកែង វត្ត​ព្រះឥន្ទ្រ​ទេព វត្ត​សុ​ភី​រង្សី វត្ត​សង្គម​មានជ័យ និង​វត្ត​ត្រពាំង​សួគ៌ា ដែល​ក្នុង​មួយ​វត្ត​ទទួល​បាន​ទៀន​ព្រះវស្សា​មួយ​គូ ទឹកត្រី ទឹក​ស៊ីអ៊ីវ ទឹកបរិសុទ្ធ មី ទឹកក្រូច សាដក​១ និង​បច្ច័យ​មួយចំនួន ព្រមទាំង​បាន​ឧបត្ថម្ភ​បច្ច័យ​១​លាន​រៀល​ដល់​វត្ត​ត្រឡែងកែង ដើម្បី​កសាង​សមិទ្ធផល​បន្ថែមទៀត​។

ដោយឡែក ​គ្រួសារ​ក្រីក្រ​ចំនួន​៥​គ្រួសារ​ដែល​មក​ពី​ភូមិ​វត្ត ក្នុង​១​គ្រួសារ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​៥​ម៉ឺន​រៀល​។ ជា​រៀងរាល់ឆ្នាំ លោក ញ៉ែម វ៉ា​លី តែងតែ​ចូលរួម​ក្នុង​ពិធី​បុណ្យ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន ញាតិកា​ទាំង​៧ សន្តាន ជាពិសេស​យុទ្ធជន យុទ្ធ​នារី ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ប៉ុលពត។

មាន​មតិ​សំណេះសំណាល​ក្នុង​ពិធី​នោះ លោក ញ៉ែម វ៉ា​លី បាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា រយៈពេល​៣៧​ឆ្នាំ​កន្លងមកនេះ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​សង្គម ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ ដោយ​យើង​មាន​វត្ត​អារាម​ជិត​៥​ពាន់​វត្ត និង​មាន​ព្រះសង្ឃ​គង់នៅ​ជិត​៦​ម៉ឺន​អង្គ ដែល​ផ្តល់​ឱកាស​ដល់​ប្រជា​ពុទ្ធបរិស័ទ​បាន​ធ្វើ​បុណ្យ​ទាន​គ្រប់ៗ​គ្នា​៕

លោក ញ៉ែម វ៉ា​លី ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​