ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​២៣៨​នាក់​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​

ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​២៣៨​នាក់​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​



កណ្តាល ៖ ប្រជាពលរដ្ឋ​ទីទ័លក្រ​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​សរុប​២៣៨​នាក់ ស្រី ១៥៣​នាក់ ក្នុងនោះ​កុមារ ចំនួន​២៣​នាក់​ នៅ​ក្រុង​តាខ្មៅ​ បានទទួល​អំណោយ​មនុស្សធម៌​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​នៅ​បរិវេណ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។​
ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា និង​

លោក​ ជាវ តា​យ​ ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា​ អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​តាខ្មៅ ​​ជុំវិញ​ខេត្ត យុវជន​កាកបាទក្រហម និង​សប្បុរសជន ជាច្រើនរូប​ទៀត។

បន្ទប់​ពី​លោក ហេង ធៀ​ម ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​តាខ្មៅ អាន​របាយការណ៍​ស្វាគមន៍​រួចមក​ មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​ពិធី​ចែក​អំណោយ​ លោក​បណ្ឌិត ម៉ៅ ភិ​រុណ​ បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ និង​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​លោកស្រី​ក្មួយៗ​ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​នៅទីនេះ​ដោយ​ក្តី​នឹករលឹក​បំផុត។​

លោក​មានប្រសាសន៍​បន្ត​ថា ទីណា​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក កាកបាទក្រហម ត្រូវ​ទៅ​ដល់​ទីនោះ​ ដើម្បី​ជួយ​ដោះស្រាយ​សម្រាល​ការ​លំបាក​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​នាំយក​អំណោយ​ជា​ស្បៀង អាហារ​ និង​ជា​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៅ​ជួយឧបត្ថម្ភ​ជាបន្ទាន់ ​ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ។

ជាមួយគ្នានេះដែរ​ លោ​ក​បណ្ឌិត​ប្រធាន​កិត្តិយស​សាខា ​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់ ​កុំ​អស់សង្ឃឹម​ឲ្យ​សោះ​ ពីព្រោះ​នៅ​ក្បែរ​បងប្អូន​មាន​ស្ថាប័ន​មនុស្សធម៌ ក្រុម​កាកបាទក្រហម សង្កាត់​ អនុសាខា​កាកបាទក្រហម​ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន​ចាំ​ជួយ​បងប្អូន​នៅ​គ្រប់ពេល ​ប៉ុន្តែ​ស្នើសុំ​បងប្អូន​ទាំងអស់​យកចិត្តទុកដាក់​ខិតខំ​តស៊ូ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត និង​យកចិត្តទុកដាក់​ដោយ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​សុខភាព​៣​ប្រការ​ជា​ចម្បង ​គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត។ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ លោក​បណ្ឌិត​ក៏បាន​សំណូមពរ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់​ ត្រូវ​ចូលរួម​ទាំងអស់គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ព្រោះថា ​សព្វថ្ងៃ​អត្រា ​នៃ​អ្នក​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​អ្នក​ស្លាប់​ជាង​៦​នាក់ និង​រង​របួស​ប្រមាណ​ជាង​២៤​នាក់។

ក្នុង​នោះ​ដែរ​ លោក​បណ្ឌិត​ក៏បាន​បញ្ជាក់​ថា ​អំណោយ​មនុស្សធម៌​ដែល​បាន​ឧបត្ថម្ភ​ជូន​នា​ឱកាស​នេះ ថ្វី​ត្បិត​មាន​ចំនួន​តិចតួច​មិន​សម​ទៅនឹង​ទំហំ​ នៃ​ការ​លំបាក​ខ្វះខាត​របស់​បង​ប្អូ​ក៏ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណា​ អំណោយ​ទាំងនេះ​ក៏​អាចជួយ​សម្រាល​ការ​លំបាក​បាន​មួយ​រយៈពេល​ផង​ដែរ ។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់​ជូន​ក្នុង​១​នាក់​មានៈ អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១ យួរ ទឹក​សុទ្ធ​១​កេស នំប៉័ង​១​ដើម និង​ថវិកា​ចំនួន​៦០.០០០​រៀល (ប្រាំមួយ​ម៉ឺន​រៀល)៕
ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​២៣៨​នាក់​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​

ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​២៣៨​នាក់​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​

ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​២៣៨​នាក់​ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​