ច្បាស់​ណាស់ ឃាតករ​រត់​មិន​រួច​ទេ

ខេត្តស្ទឹងត្រែង ៖ ជន​ដៃដល់​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ា​ង ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​បន្ទាប់​ពី​ឃាតករ​រូប​នោះ សម្លាប់​បងថ្លៃ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៦ ហើយ​រត់​មក​លាក់ខ្លួន​នៅ​ស្រុក​សៀម​ប៉ា​ង​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៦ ជន​ដៃដល់​ជា​ប្អូនថ្លៃ​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​បងថ្លៃ​របស់​ខ្លួន បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​ការ​ហូប​ចុក​នៅ​ខ្ទម​ស្រែ​ភូមិ​ស្វាយ ឃុំ​រំដោះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ប្រភព​បន្ត​ថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ជន​រង​គ្រោះ​ហើយ ក៏​បាន​គេច​មក​លាក់ខ្លួន​នៅ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។ ក្រោយ​ពី​ការ​ស្នើ​សុំ​សហការ និង​ផ្តល់​ភិនភាគ​អត្តសញ្ញាណ​ភ្ជាប់​ជាមួយ​រូបភាព​ជនសង្ស័យ សមត្ថកិច្ច​ជំនាញ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ហើយ​បាន​ស្នើ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា និង​លោកស្នងការ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៥ កក្កដា និង​រក្សា​ទុក​នៅ​អធិការដ្ឋាន លុះ​ថ្ងៃ​ទី​១៦ កក្កដា ទើប​ធ្វើ​សំណុំ​បែបបទ​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​។

អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង លោក វ៉ា សុ​ផា​ន់ ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ឃាតករ​មានឈ្មោះ តឿ តុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ សៅ សឿ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​រំដោះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

លោក​អធិការ​ស្រុក​បាន​បន្ត​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កាំភ្លើង​កែ​ឆ្នៃ (​កា​បិ​ន​) បាញ់​ជន​រង​គ្រោះ​នៅ​លើ​ខ្ទម​ស្រែ ខណៈ​ឈ្លោះប្រកែក​គ្នា​ពេល​ហូប​ស្រា​។ លោក​បន្ត​ថា ជន​ដៃដល់​ក្រោយ​ប្រព្រឹត្ត​សកម្មភាព​បាញ់​ជន​រង​គ្រោះ​បាន​អូស​សព​ជន​រង​គ្រោះ​ទៅ​ទម្លាក់​ទឹក ហើយ​ទៅ​ប្រាប់​បងស្រី​បង្កើត​របស់​ខ្លួន (​ប្រពន្ធ​ជន​រង​គ្រោះ​) ថា បងប្រុស​លង់ទឹក​ស្លាប់​ហើយ ហើយ​រូបគេ​បាន​រត់គេច​ខ្លួន ដោយ​ថ្មើរជើង​កាត់​ព្រៃ​ពី​ស្រុក​ជាំ​ក្សាន្ត មក​ដល់​ស្រុក​ឆែប រយៈពេល​បី​យប់​បី​ថ្ងៃ ទើប​ដល់​ផ្លូវជាតិ និង​សុំ​រថយន្ត​អ្នកដំណើរ​ជិះ​មក​ខេត្តស្ទឹងត្រែង ហើយ​បន្ត​មក​លាក់ខ្លួន​នៅ​ស្រុក​សៀម​ប៉ា​ង ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​មន្ត្រី​អនុវត្ត​ច្បាប់​ស្រុក​សៀម​ប៉ា​ង​ធ្វើការ​ចាប់​ខ្លូ​ន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​១៦ កក្កដា ២០១៦​នេះ តាម​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា និង​លោកស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​។

ក្រោយ​ពី​ការ​ចាប់ខ្លួន​ឃាតករ ក៏​បាន​ធ្វើការ​សាកសួរ ហើយ​ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាញ់​សម្លាប់​ជន​រង​គ្រោះ​ត្រូវជា​បងថ្លៃ​ដោយ​កាំភ្លើង​កែ​ច្នៃ ហើយ​អូស​ទៅ​ទម្លាក់​ទឹក​ដូច​ការ​រៀបរាប់​របស់​លោក​អធិការ​ខាងលើ​មែន ដោយសារ​ខ្លួន​ខឹង​ពេល​ហូប​ស្រា​។

បច្ចុប្បន្ន​ជន​ដៃដល់​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕