ប៉ូលិស​ខេត្តសៀមរាប​ចាប់ខ្លួន​ជនបិទមុខ​ម្នាក់

ខេត្តសៀមរាប ៖ ប៉ូលិស​ក្រុង​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្ល​ក្រាម បាន​ធ្វើការ​ឃាត់ខ្លួន​ជនបិទមុខ​ម្នាក់​ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ បន្ទាប់​ពី​ជនបិទមុខ​រូប​នោះ​បាន​យក​ដែក​មុត​ស្រួច​មក​ភ្ជង់ និង​ច្របាច់​.​ក​ដល់​ក្នុងផ្ទះ ហើយ​ប្រមូល​យក​លុយ​អស់​ចំនួន​៣៥៥.០០០​រៀល និង​៤៣​ដុល្លារ រួច​គេចខ្លួន ប៉ុន្តែ​អកុសល​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​១០ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​អនុសេនីយ៍ត្រី ធឹ​ម រិ​ទ្ធា នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៦​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ចោរ​ចូល​ភ្ជង់​ដល់​ក្នុងផ្ទះ​នោះ​មានឈ្មោះ ឡេ​ង គី​ម​លី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​មុខកំពូល ស្រុក​មុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១០ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​បាត់​បង់លុយ​ខ្មែរ​ចំនួន​៣៥៥.០០០​រៀល និង​លុយ​ដុល្លារ​ចំនួន​៤៣​ដុល្លារ ។

លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ផ្នែក​ព្រហ្មទណ្ឌ ដោយ​មានការ​ចូលរួម​សហការ​ល្អ​ពី​បងប្អូន​ប្រជា​ការពារ​ភូមិ​-​សង្កាត់​ស្ល ក្រុង បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​ដកហូត​បាន​មក​វិញ​នូវ​លុយ​ខ្មែរ​ចំនួន​៣៥៥.០០០​រៀល និង​លុយ​ដុល្លារ​ចំនួន​៤៣​ដុល្លារ ដែក​មានមុខ​មុត​ស្រួច​ប្រវែង​១​តឹក​២​ហ៊ុន​១​ដើម ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ព្រំ វុ​ត្ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរប​បើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ និង​ស្លាកស្នាម​របួស​លើ​ដងខ្លួន ក៏​ដូច​ជា​វត្ថុ​តាង​ដកហូត​បាន​មក​វិញ ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ចូល​ធ្វើ​សកម្មភាព​ដូច​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕