ឆាក​នៃ​ការ​វាយ​សម្លាប់​តាម​ដង​វិ​ថី​ពួក​ទាហាន​ធ្វើ​រដ្ឋប្រហារ

កាលពី​ថ្ងៃ​ទី​១៦ កក្កដា ក្រោយ​រដ្ឋប្រហារមិន​បាន​សម្រេច មាន​រូបភាព​គួរ​ឱ្យ​ក្តុកក្តួល​នានា​នៃ​ឆាក​វាយ​សម្លាប់​ពួក​ទាហាន​ធ្វើ​រដ្ឋប្រហារ​ត្រូវ​បាន​រាយការណ៍​ដោយ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក ហើយ​ជា​ពិសេស​បង្ហោះ​តាម​បណ្តាញ​សង្គម ។

ក្នុង​រូបភាព​ទាំងនេះ​គេ​ឃើញ​ពួក​បា​តុ​ុ​ករ​ប្រឆាំង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កំពុង​តែ​វាយ​សម្លាប់​យ៉ាង​សាហាវ ពួក​ទាហាន​ធ្វើ​រដ្ឋប្រហារ​ពិសេស​នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល ។ នៅ​លើ​ស្ពាន BOSPHORE ពួក​បាតុករ​ស្និទ្ធ​របប​ប្រធានាធិបតី​បាន​ប្រើ​ជា​ពិសេស​នូវ​ខ្សែក្រវាត់​វាយ​ពួក​ទាហាន​ធ្វើ​រដ្ឋប្រហារ ។ AFP រាយការណ៍​ថា មនុស្ស​ម្នា​សង្គ្រប់​លើ​ពួក​បះបោរ ខណៈ​ពួក​ប៉ូលិស​ធ្វើ​មិនដឹងមិនឮ​ថែម​ទាំង​ស្រែ​កថា សម្លាប់​ពួក​វា​ទៅ​ក្នុង​នាម​ព្រះ​ជា​ម្ចាស់​ទៀត​ផង ។ ទាហាន​មួយ​ចំនួន​ត្រូវ​ចាក់​នឹង​កាំបិត​។ ពួក​ទាហាន​បះបោរ​ខ្លះ​ត្រូវ​ទម្លាក់​ពីលើ​ស្ពាន BOSPHORE  ។

ម្យ៉ាងវិញទៀត ទាហាន​ជិត​៣.០០០​នាក់ ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១៦ កក្កដា ហើយ​ទាហាន​បះបោរ​១០៤​នាក់ ត្រូវ​សម្លាប់ ខណៈ​មនុស្ស​សរុប​ជិត​៣០០​នាក់ ត្រូវ​ស្លាប់​ពេល​មាន​ការ​​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​របប​លោក​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ។ នេះ​ជា​ឱកាស​ដែល​ស្រមៃ​ទុក​សម្រាប់​ប្រធានាធិបតី​តួ​ក​គី ធ្វើការ​បោសសម្អាត​ក្នុង​ជួរ​កងទ័ព​បណ្តា​សមាសភាព​ប្រឆាំង​​ដូចដែល​លោក​ធ្លាប់​បាន​ប្រកាស ។ ខាង​បារាំង និង​អា​ល្លឺ​ម៉​ង់ ដែល​ថ្កោលទោស​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បាន​សម្តែង​ការ​ភ័យ​ខ្លាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​បង្ក្រាប ៕