បឹង​កេត ​បាន​ត្រឹម​ស្មើ​ទ័ព ឯ ណាហ្គាវើល ប្រជែង​យក​លេខ​៣ជាមួយ​ព្រះខ័នរាជថ្ងៃ​នេះ

ក្រុម​បឹង​កេតអង្គរ មិន​អាចសង​សឹក​លើ​ក្រុម​ក្រសួងការពារជាតិ(ទ័ព) បាន​នោះ​ទេ ខណៈ​ពួក​គេ មិន​អាច​រក្សា​ការ​នាំ​មុខ​រហូត​ដល់​ចាប់ការ​ប្រកួត​នោះ ខណៈ​ក្រុម​ខេមបូឌានថាយហ្គឺរ បាន​បន្ត​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ជា​លើក​ទី​២ រីឯ​ក្រុមណាហ្គាវើល នឹង​ត្រូវ​ប្រកួត​ដណ្តើមយក​លេខ​៣ ជាមួយ​ក្រុមព្រះខ័ន​រាជស្វាយ​រៀង នៅស្តាត​ចាស់ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ​នេះ។

mm1

សម្រាប់​ការ​ប្រកួតយ៉ាង​ស្វិត​ស្វាញ និង​តាន​តឹង​បំផុត ដែល​​បាន​ធ្វើ​នៅ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នោះ ក្រុម​បឹងកេត បាន​ធ្វើ​ការ​នាំមុខ​ក្រុម​ទ័ព ចំនួន​២លើក តែ​ទ័ព នៅ​អាច​រក​គ្រាប់​បាល់​តាម​ស្មើជាមួយ​លទ្ធ​ផល ២-២ ទាល់​តែ​បាន ខណៈ​ខ្សែ​ការពារ​ ទូច បញ្ចរ៉ុង របស់​បឹង​កេត បាន​បែក​នៅ​លើ​ផ្នែក​ខាង​ស្តាំ ឯមិត្ត​រួម​ក្រុម​របស់​គេ​ម្នាក់​ទៀត​គឺ​​ខ្សែ​បម្រើជន​ជាតិជប៉ុន Yoya Wada ត្រូវ​បាន​សែង​ចេញ នៅ​ពេល​ខ្សែ​ការពារ សរ ពិសិដ្ឋ បាន​ធាក់​ចំកន្លាក់​ក​ជើង បណ្តាល​ឲ្យ​ដើរ​លែង​រួច​នោះ។

mm2

ការ​ទប់​បាល់​មិន​បាន​ល្អ​របស់​ខ្សែ​ការពារ ពុំ តុលា បាន​ធ្វើ​ឲ្យ​បាល់​នោះ ធ្លាក់​នៅ​ពី​មុខ​ខ្សែ​ប្រយុទ្ធ Bata ដែល​ធ្វើឲ្យ​កីឡាករ​រូប​នោះ​ទាត់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​បឹង​កេត នាំ​មុខ​ក្រុម​ទ័ព នៅនាទីទី​៣០ ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​រត់​មិន​ជិនណាយ ឈិន ឈឿន បាន​អូស​បាល់​រំលង​តំបន់​ការ​ពារ​របស់​បឹង​កេត តែ​ម្នាក់​ឯង រួច​បាន​ស៊ុត​បាល់​នោះ​ផុត​ដៃ​អ្នកចាំ​ទី ស៊ូ យ៉ាទី ចូល​ទី​យ៉ាង​ល្អ​បំផុត នៅ​នាទីទី​៣៤។

mm3

យ៉ាង​ណា​ក៏​ដោយ នៅនាទីទី​៣៨ ខ្សែ​ការពារ សុខ សុវណ្ណ បាន​ជួយ​ឲ្យ​ក្រុម​បឹង​កេត នាំ​មុខ​ក្រុម​ទ័ព ២-១ ជាថ្មី​ម្តង​ទៀត ប៉ុន្តែ​នៅ​ក្នុង​តង់​ទី​២ ខ្សែ​ប្រយុទ្ធ​របស់​កូរ៉េខាង​ជើង Choe Myong Ho បាន​ទាត់​បាល់​ហ្រ្វីឃីត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​បំផុត ដើម្បី​ជួយ​ឲ្យ​ក្រុម​ទ័ព តាមស្មើ​បឹង​កេត ២-២ ក្នុង​ជើង​ទី​២​នេះ គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ ២-១ ក្នុងការ​ប្រកួត​ជើង​ទី​១ កន្លង​មក។

mm4

ទោះ​បីជា​យ៉ាង​ណា បឹង​កេត នៅ​តែ​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្រុបខ័ណ្ឌ​កំពូល​កម្ពុជា ដោយ​មាន៣៤ពិន្ទុ លើស​ក្រុម​ទ័ព ចំនួន​៦ពិន្ទុ​ដដែល។ ថ្វី​បើ​ទ័ព នៅ​សល់​៦​​ប្រកួត​ទៀតលើស​បឹង​កេត ដែល​សល់​ត្រឹម​៥ប្រកួត ប៉ុន្តែ​បឹង​កេត ​មាន​បៀប​ជាង គឺ​មាន​ន័យ​ថា បើ​បឹង​កេត អាច​ឈ្នះ​គ្រប់​ការ​ប្រកួត​រហូត​ដល់​ចប់រដូវ​កាល​ នោះ​ពួក​គេ​នឹង​លើក​ពាន​ហើយ ទោះ​ជា ទ័ព បាន​ឈ្នះ​ទាំង​៦​ប្រកួត​ដូច​គ្នា​ក៏​ដោយ។

mm5

ចំណែក​ក្រុម​ខេមបូឌាន​ថាយហ្គឺរ បាន​បន្ត​យក​ឈ្នះ​ក្រុមស៊ីម៉ាក់ ២-១ នៅ​កីឡដ្ឋាន​វេស្ទើន កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ ដើម្បី​មាន​២០ពិន្ទុ និង​លើក​មក​ឈរ​នៅ​លេខ​រៀង​ទី​៥ តែ​ស៊ីម៉ាក់ បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៨ ដោយ​មាន​៨ពិន្ទុ​ដដែល។ រីឯ​​ក្រុម​ប៉ូកលិស បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ១-០ កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​មាន១៤ពិន្ទុ។

mm6

ដោយ​ឡែក សម្រាប់​ជំនួប​​លើក​ទី​២​រវាង​ក្រុម​ណាហ្គាវើល និង​ព្រះខ័នរាជស្វាយ​រៀង នៅ​ថ្ងៃ​អាទិត្យ​នេះ វាជា​ការ​​ប្រជែង​គ្នា ដើម្បី​យក​លេខ​រៀងទី​៣។ សម្រាប់​ការជួបគ្នា​​ជើង​ទី​១ ណាហ្គាវើល បាន​ចាញ់​ក្រុម​ព្រះខ័ន​រាជ ២-១ ប៉ុន្តែ​បើ​សិន​ជា​ណាហ្គាវើល អាច​សង​សឹក​វិញ​បាន​នោះ គឺ ពួក​គេ​នឹង​ដណ្តើម​យក​លេខ​៣​ដែល​ព្រះខ័ន​រាជ កំពុង​គ្រប់​គ្រង​​នៅ​ពេល​នេះ ព្រោះ​ពេល​នេះ ព្រះ​ខ័ន​រាជ មាន​២២ពិន្ទុ ឯណាហ្គាវើល មាន​២១ពិន្ទុ៕​ ​