សម្រាប់​កូន​2​នាក់​គ្រួសារ​កូរ៉េ​ខាងត្បូង​ចំណាយ​ប្រាក់​1​ខែ​1.128​ដុល្លារ​

យោង​តាម YONHAP ថា ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន​សុខភាព និង​កិច្ចការ​សង្គម​កូរ៉េ​បង្ហាញ​នា​ថ្ងៃ​ទី​១៧ កក្កដា ថា នៅ​កូរ៉េ​ខាងត្បូង ដើម្បី​ចិញ្ចឹម​កូន​២​នាក់ គ្រួសារ​មួយ​ត្រូវ​ចំណាយ​ប្រាក់​ជា​មធ្យម​១,២៨​លាន​វ៉ុ​ន (១.១២៨​ដុល្លារ​) ក្នុង​មួយ​ខែ ។

តាម​វិទ្យាស្ថាន​នេះ​ថា ការ​អប់​រំជា​ប្រភព​សំខាន់​នៃ​ការ​ចំណាយ​នេះ ។ ការ​ចំណាយ​យោង​ទៅ​តាម​ប្រាក់​ចំណូល​របស់​គ្រួសារ​នីមួយ​ៗ ។ ការ​សិក្សា​នេះ​ធ្វើ​លើ​នារី​៦.១៧២​នាក់ មាន​អាយុ​ពី​១៥​ទៅ​៤៩​ឆ្នាំ ដែល​មានកូន​២​នាក់ ។ ប្រជាជន​តាម​ទីក្រុង​ធំ​ៗ ចំណាយ​ប្រាក់​១,៣៨​លាន​វ៉ុ​ន សម្រាប់​ការ​អប់រំ អាហារ ការ​ថែរក្សា​សុខភាព សម្លៀក​បំពាក់ និង​ចំណាយ​ផ្សេង​ៗ​ទៀត ។ សម្រាប់​ប្រជាជន​នៅ​តាម​ទីក្រុង​តូច​ៗ ឬ​នៅ​តំបន់​ជនបទ​ការ​ចំណាយ​បែប​នេះ​មាន​ប្រមាណ​ជា​១,០៦​លាន​វ៉ុ​ន ។

គ្រួសារ​នីមួយ​ៗ​ចំណាយ​ជា​មធ្យម​៦៥៧.០០០​វ៉ុ​ន សម្រាប់​ការ​អប់រំ​កូន​២​នាក់ ២២៤.០០០​វ៉ុ​ន ចំណាយ​សម្រាប់​សាលារៀន​រដ្ឋ និង​៤៣៣.០០០​វ៉ុ​ន សម្រាប់​សាលា​ឯកជន ៕