៥​ ចំណុច​គួរ​ដឹង​ដើម្បី​ការពារ​បញ្ហា​ឈឺចង្កេះ​!

6 Videos


បញ្ហាឈឺចង្កេះអាចបង្កជាផលលំបាកផ្នែកសុខភាពច្រើននៅក្នុងការងារប្រចាំថ្ងៃ។ អាការឈឺចង្កេះនេះច្រើនកើតមានទៅលើមនុស្សគ្រប់វ័យ នេះក៏ដោយសារសកម្មភាពការងារប្រចាំថ្ងៃទាំងនៅផ្ទះក្តីនិងកន្លែងធ្វើការក្តីហើយមិនត្រឹមតែកើតមាននៅលើចង្កេះប៉ុណ្ណោះទេ តែវាក៏ច្រើនបណ្តាលមកពីបញ្ហាឈឺឆ្អឹងកងខ្នងផងដែរ។

P9

៥​ ចំណុច​គួរ​ដឹង​ដើម្បី​ការពារ​បញ្ហា​ឈឺចង្កេះ​!

សកម្មភាព ៥ ចំណុចខាងក្រោមគួរជៀសវាងដើម្បីកុំឲ្យឈឺចង្កេះ ៖

១. លើកវត្ថុធ្ងន់ៗ ៖ ការលើកវត្ថុធ្ងន់ៗគឺជាបញ្ហាចម្បងដែលធ្វើអោយឈឺចង្កេះ។ ប៉ុន្តែបើអ្នកមិនអាចចៀសផុតបានដោយសារវាជាការងារប្រចាំថ្ងៃរបស់អ្នកនោះអ្នកត្រូវអង្គុយ ឈរនិងធ្វើចលនាលើវត្ថុទាំងនោះក្នុងឥរិយាបថឲ្យបានសមស្របចៀសវាងការបត់បែនខ្លួនខុសចលនានៃសន្លាក់ឆ្អឹង ។

២. អង្គុយយូរ ៖ ការអង្គុយយូរច្រើនម៉ោងពេកអាចបង្ករសំពាធទៅលើឆ្អឹងកងជាងឥរិយាបថឈរ ។ ប៉ុន្តែបើការងារអ្នកចាំបាច់ត្រូវអង្គុយច្រើនម៉ោង អ្នកត្រូវលៃពេលក្រោកឈរនិងដើរខ្លះៗចៀសវាងអង្គុយរាប់ម៉ោងជាប់ៗគ្នា ។

៣. បើកបរច្រើនម៉ោង ៖ ចំពោះអ្នកបើកបរផ្លូវឆ្ងាយនិងតែងធ្វើដំណើរញឹកញាប់អ្នកក៏ត្រូវចំណាយពេលអង្គុយច្រើនម៉ោង ហើយឥរិយាបថបែបនេះហើយគឺប៉ះពាល់ដល់សន្លាក់ឆ្អឹងកងផងដែរ ។ ដូច្នេះអ្នកត្រូវអង្គុុយបើកបរក្នុងឥរិយាបថសមស្របក្នុងកម្រិត៩០ដឺក្រេគឺឲ្យបានត្រង់ខ្លួននិងត្រូវឈប់សម្រាកខ្លះៗដើម្បីបន្ថយសភាពតានតឹងពេលបើកបរ ។

៤. កុំពាក់ទ្រនាប់ជើងកែងខ្ពស់៖ ចំពោះស្ត្រី ការពាក់ទ្រនាប់ជើងខ្ពស់ពេកមិនត្រឹមតែធ្វើឲ្យអ្នកឈឺជើងប៉ុណ្ណោះទេតែថែមទាំងធ្វើអោយឈឺចង្កេះផងដែរ។ តែបើសិនវាជាកត្តាចាំបាច់ក្នុងការចូលរួមកម្មវិធីផ្សេងៗ អ្នកត្រូវកាត់បន្ថយការចលនាដើរ និងឈរយូរៗពេក ។

៥. គេងពូកទន់ពេក៖ ការគេងនឹងពូកទន់ ពិតហើយវាធ្វើឲ្យអ្នកគេងលក់ស្រួល ប៉ុន្តែពូកដែលទន់ពេកវាមិនល្អសម្រាប់សុខភាពឆ្អឹងខ្នងនោះទេ ព្រោះវាខ្វះនូវការរក្សា លំនឹងនៃឆ្អឹងកងខ្នង។ ប៉ុន្តែនេះក៏មិនមានន័យថាអ្នកត្រូវជ្រើសរើសពូកដែលមានសភាពរឹងពេកនោះដែរ។ អ្នកគួរជ្រើសរើសពូកដែលមិនទន់ពេកនិងរឹងពេក៕ សុផល