លោក ហ៊ុន ម៉ា​ណែ​ត និយាយ​នៅ​ខេត្តតាកែវ

ខេត្តតាកែវ ៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី និង​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព ព្រមទាំង​បាន​ថ្កោល​ទោស​​ចំពោះ​អំពើ​ឃាតកម្ម​នេះ ដែល​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជាតិ និង​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​វែកមុខ​ឃាតករ​មក​ផ្តន្ទាទោស​។

ការ​ថ្លែង​បែប​នេះ ខណៈ​ដែល​លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ក្នុង​ពិធី​កាត់​ឬ​សសី​មា និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ថ្មកែវ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ដែល​ពិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ត្រាំកក់ អាជ្ញាធរ​ខេត្ត លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក​បាន​លើក​ឡើង​ថា សូម​មនុស្ស​មួយ​ចំនួន​កុំ​យក​មរណភាព​លោក​បណ្ឌិត កែម ឡី កេង​ចំណេញ​នយោបាយ​វាយប្រហារ​ដល់​រដ្ឋាភិបាល អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្នុង​រឿង​នេះ​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត និង​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​ជំនាញ ដើម្បី​វែកមុខ​ឃាតករ និង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា មក​ដល់​ម៉ោង​នេះ ប្រទេស​ជាតិ​យើង​មាន​សន្តិសុខ ស្ថេ​រ​ភាព សន្តិភាព គឺ​បាន​មក​ដោយ​លំបាក​ដែល​ជា​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល និង​ផ្នែក​ដែល​ពាក់​ព័ន្ធ​ទាំងអស់​។ អំពើ​ឃាតកម្ម​នេះ បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ ចំពោះ​សន្តិសុខ​សង្គម​។ ដូច្នេះ​យើង​ពិតជា​មិន​ចង់​ឲ្យ​រឿង​ទាំងនេះ​កើតឡើង​នោះ​ទេ ហើយ​យើង​ត្រូវ​ថែរក្សា​នូវ​សន្ត​សុខ  ស្ថេ​រ​ភាព សន្តិភាព និង​សមិទ្ធផល​ទាំងឡាយ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ៗ ។