អ្នក​ភូមិ​ប្រឆាំង​មេព្រៃ​គិតតែ​ពី​ទារប្រាក់​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ

ខេត្តមណ្ឌលគិរី ៖ អ្នក​ភូមិ​អូរ​អាម និង​ភូមិ​អូរ​រណា ជាង​១០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​មុខ​ថ្នាល​បណ្តុះ​កូន​ឈើ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់ និង​ស្រែ​ព្រះ ហើយ​បាន​បិទ​ការ​ធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្រោយ​មាន​សកម្មភាព​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បើករថយន្ត​ប្រដេញ​ចាប់​ម៉ូតូ​ដឹកឈើ​របស់​អ្នក​ភូមិ​។

សកម្មភាព​ផ្ទុះ​ការ​តវ៉ា​រវាង​អ្នក​ភូមិ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​កើត​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០៦​ព្រឹក ថ្ងៃ​១៦ កក្កដា ២០១៦ មុខ​ស្នាក់​ការ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្ថិត​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី​។

តាម​សម្ដី​អ្នក​ភូមិ​ក្នុង​ពេល​កំពុង​តវ៉ា ពួក​គាត់​បាន​លើក​ឡើង​នូវ​បញ្ហា និង​ភាព​អសកម្ម​មួយ​ចំនួន​ដែល​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់ និង​ស្រែ​ព្រះ ឈ្មោះ ស្រ៊ុ​ន ឈួ​ន កំពុង​ធ្វើ​សកម្មភាព​បង្ក​ការ​មិន​ពេញចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​នោះ​មាន​ដូច​ជា លោក ស្រ៊ុ​ន ឈួ​ន មិន​បាន​បំពេញភារកិច្ច​ឱ្យ​សក្តិ​សមជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទេ តែងតែ​ចាប់​ម៉ូតូ​ដឹកឈើ​តិចតួច​ដែល​គ្រាន់តែ​បាន​កម្រៃ​ចិញ្ចឹមជីវិត បើសិនជា​មិន​បង់ប្រាក់​ឱ្យ​គាត់​, ដាក់​ឡាន ឬ​ចង​អង្រឹង​ដេក ដក​តុង​ពី​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​គាត់​គ្រប់គ្រង​, យក​កាំភ្លើង​ភ្ជង់​ក្មេង​អាយុ​១៥​ឆ្នាំ​, ដើរ​លុកលុយ​មើល​ឈើ​ក្នុងផ្ទះ​អ្នក​ភូមិ​ដែល​ទុក​ប្រើប្រាស់ រួច​ទាមទារ​ប្រាក់​, ប្រើ​អំណាច​គៀបសង្កត់​ពលរដ្ឋ​ក្រីក្រ​ជាដើម​...។ អ្នក​ភូមិ​បន្ត​ថា ក្រោម​ហេតុផល​ខាងលើ​ជា​ច្រើន​ដង​នេះ​ហើយ ទើប​អ្នក​ភូមិ​មានការ​កើត​ទុក​មិន​សុខចិត្ត ក៏​នាំ​គ្នា​ជាង​១០០​នាក់ តវ៉ា​មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ណាមួយ​ពី​អាជ្ញាធរ​។

សូម​ជម្រាប​ថា ការ​លើកគ្នា​មក​តវ៉ា​នេះ ត្រូវ​បាន​គេ​បញ្ជាក់​ថា បន្ទាប់​ពី​លោក ស្រ៊ុ​ន ឈួ​ន បាន​ជិះ​រថយន្ត ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ប្រដេញ​ម៉ូតូ​ដឹកឈើ​របស់​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ និង​បន្ត​ដេញ​រហូត​ចូល​ចំការ​ប្រជាពលរដ្ឋ និង​កិន​ដើម​ដំឡូង​មី ធ្វើ​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន​។

លើស​ពី​នេះ​លោក ស្រ៊ុ​ន ឈួ​ន បាន​យក​កាំភ្លើងខ្លី​ភ្ជង់​ក្មេង​ប្រុស​ខាងលើ បង្ក​ការ​ភ័យ​ខ្លាច​រត់​ចូល​ព្រៃ​មិន​ទាន់​រក​ឃើញ​នៅឡើយ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ស្រ៊ុ​ន ឈួ​ន បានឱ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ក្រោយ​ហេតុការណ៍​ថា លោក​មិន បាន​យក​កាំភ្លើង​ភ្ជង់​នរណា​នោះ​ទេ លោក​គ្រាន់តែ​ជិះ​រថយន្ត​តាម​ម៉ូតូ​ដឹកឈើ​មួយ​គ្រឿង ដើម្បី​ស្វែងរក កន្លែង​លាក់ ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ធ្វើការ​បង្ក្រាប​។ លោក​បន្ត​ថា ពាក្យ​សម្ដី​ខាងលើ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​លោក​តែ​ប៉ុណ្ណោះ​។

ក្នុង​ការ​តវ៉ា​នោះ​ផង​ដែរ អធិការ​នគរបាល​ស្រុក លោក ស៊ុន ប៊ុ​ន​ធឿ​ន  រួម​នឹង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា លោក ជុ​យ សុ​ឃាង បាន​ហៅ​តំណាង​ពលរដ្ឋ​បី​នាក់ ឱ្យ​ចូល​ទៅ​សាកសួរ និង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​។ ក្នុង​ជំ​នូ​ប​ដោះស្រាយ​នោះ តំណាង​អ្នក​ភូមិ​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​រក​ក្មេង​ប្រុស​ដែល​រត់គេច​ខ្លួន​បាត់ និង​សូម​ឱ្យ​លោក ស្រ៊ុ​ន ឈួ​ន មេត្តា​អធ្យាស្រ័យ ត្បិត​ពលរដ្ឋ​ក្រីក្រ​ដឹក​តាម​រយៈ​ម៉ូតូ​នេះ គឺ​គ្រាន់តែ​ទុក​ទិញ​អង្ករ និង​ម្ហូប​នោះ​ទេ​។