តាំងពី​ព្រឹក​មក​មិន​អី ស្រាប់តែ​អី​ពេល​នេះ

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​ក្រុមហ៊ុនអគ្គីសនី​ខេត្តកំពង់ឆ្នាំង​មួយ​ក្រុម​បាន​និង​កំពុង​ពង្រាយ​ខ្សែកាប​បន្ថែម​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោងជាង​១០​ព្រឹក ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​ផ្សា​រលើ​-​ផ្សារ​ក្រោម ស្ថិត​ក្នុង ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​សំដី​របស់​មេការ​ក្រុមហ៊ុនអគ្គីសនី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្មករ​ទាំង​២​នាក់​ដែល​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ កម្មករ​ដែល​រង​របួសធ្ងន់​មានឈ្មោះ លន់ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ចំណែក​អ្នក​រង​របួសស្រាល​មានឈ្មោះ ហ៊ីង កក្កដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ពី​មេការ​ក្រុមហ៊ុនអគ្គីសនី​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ បុគ្គលិក និង​កម្មករ​អគ្គី​ស​នី​ជា​ច្រើន​នាក់​បាន​ធ្វើការ​រាយ​ខ្យែ​កាប​បន្ថែម ដោយ​បាន​ផ្តាច់​ចរន្តអគ្គិសនី​រួចរាល់​អស់ហើយ និង​បាន​ធ្វើការ​មួយ​ព្រឹក គឺ​តាំងពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​ប្រមាណ​១០​ព្រឹក​ទៅ​ហើយ​មិន​មាន​កើតហេតុ​អ្វី​កើតឡើង​ឡើយ ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​១០​ជាង មាន​ចរន្តអគ្គិសនី​ឆ្លងកាត់​បណ្តាល​ឲ្យ​ឆក់​កម្មករ​ទាំង​២​នាក់ ដែល​កំពុង​នៅ​លើ​បង្គោល​ភ្លើង​តែ​ម្តង ក្នុង​នោះ​ម្នាក់​រង​របួសធ្ងន់​សន្លប់​លើ​បង្គោល​ភ្លើង សំណាងល្អ​មិន​ធ្លាក់​ដី និង​មា្ន​ក់​ទៀត​របួសស្រាល ហើយ​ទាំង​២​នាក់​ត្រូវ​បានរ​កវី​ធី​សង្គ្រោះ​ដាក់​ជន​រង​គ្រោះ​មក​ដី និង​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ឆក់​កម្មករ​អគ្គី​ស​នី​ទាំង​២​នាក់ ត្រូវ​បាន​មេការ​ក្រុមហ៊ុន​រូប​នោះ​សង្ស័យ​ថា អាច​មានផ្ទះ​ណាមួយ​ខ្វះ​បច្ចេកទេស​ត​ភ្លើង ហើយ​នៅ​ពេល​ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់​ភ្លើង​ដើម្បី​ធ្វើការ ម្ចាស់ផ្ទះ​មួយ​នោះ​គាត់​បាន​បញ្ឆេះ​ម៉ាស៊ីនភ្លើង​នៅ​តាម​ផ្ទះ​គាត់​ធ្វើ​ឲ្យ​អគ្គី​ស​នី​ឆ្លង​ចរន្ត​បុក​ភ្លើង​បញ្ច្រាស​មក​វិញ ទើប​បណ្តាល​ឲ្យ​ឆក់​កម្មករ​បែប​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា បើសិនជា​កម្លាំង​ភ្លើង​ខ្យែ​កាប​វិញ​មាន​កម្លាំង​រាប់​ពាន់​វ៉ា​ត់ ម្ល៉េះ​កម្មករ​ទាំង​២​ឆេះ​រលាក​ស្លាប់​បាត់​ទៅ​ហើយ ហេតុនេះ​អាច​បញ្ជាក់​បាន​ថា កម្លាំង​បុក​ឡង​ពី​ម៉ាស៊ីនភ្លើង​តាម​ផ្ទះ​មក​វិញ ទើប​កម្មករ​ទាំង​២​នាក់​គ្រាន់តែ​រង​របួសធ្ងន់​ស្រាល​ប៉ុណ្ណោះ ៕