ប៉ះពាល់​ភ្នំ​ដោះ​ក្រមុំ ជនជាតិ​តវ៉ា

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ព្នង នៅ​ស្រុក​ចំនួន​ប្រាំ ក្នុង​ខេត្តមណ្ឌលគិរី គ្រោង​តវ៉ា​ប្រឆាំង​ការ​ឈូស​ឆាយដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​រក្សា​ទីនោះ​ទុកជា​តំបន់​បូជនីយកិច្ច​ដាច់​ដោយឡែក​របស់​ជនជាតិ​ដើម​ភាគតិច ខណៈ​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី កំពុង​ឈូស​ឆាយដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដើម្បី​រៀបចំ​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​កូនចៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស ពីមុខ​ជំនាញ​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេងកាត​។ ចំណែក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​អភិរក្ស​ភ្នំ​ដោះ​ក្រមុំ ចាត់​ទុក​ការ​សាងសង់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​វប្បធម៌ ជំនឿ និង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​។

គ្រឿងចក្រ​កំពុង​ឈូស​ឆាយដី​មួយ​ផ្នែក​នៃ​កំពូលភ្នំ​ដោះ​ក្រមុំ កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ក្បែរ​នោះ​ភ្ញាក់ផ្អើល ហើយ​រៀបចំ​គម្រោង​ប្រមូលផ្តុំ​សហគមន៍​ពី​ស្រុក​នានា និង​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​ធ្វើការ​តវ៉ា​ការ​ឈូស​ឆាយ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។

អ្នក​រស់នៅ​ភូមិ​ឡៅ​កា បាន​និយាយ​ថា សហគមន៍​ឡៅ​កា មិន​យល់ព្រម​ប្រគល់​ដី​ភ្នំ​ដោះ​ក្រមុំ​សម្រាប់​ការ​សាងសង់​អ្វី​ក្រៅពី​ទុក​តំបន់​នោះ​សម្រាប់​ទី​សក្ការៈ តាម​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​។ លើស​ពី​នេះ​ទៀត ការ​ឈូស​ឆាយ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ នឹង​បង្ក​ផល​ប៉ះពាល់​កន្លែង​សក្ការៈ​អ្នក​ភូមិ ដែល​ធ្លាប់​ចាត់​ទុក​ភ្នំ​នេះ ជា​ទីស្នាក់អាស្រ័យ​នៃ​អារក្ស​អ្នកតា​សម្រាប់​ជួយ​ផ្តល់​សេចក្តីសុខ​ដល់​អ្នក​ភូមិ​។

ភ្នំ​ដោះ​ក្រមុំ ក្រៅពី​អភិរក្ស​សម្រាប់​តំបន់​បូជនីយកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច ភ្នំ​នេះ​ក៏​ជា​តំបន់​ទេសចរណ៍វប្បធម៌​ដ៏​សំខាន់​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​សែន​មនោ​រម្យ នៃ​ទឹកដី​ខេត្តមណ្ឌលគិរី ។ កន្លង​ទៅ​នេះ ដី​មួយ​ចំនួន​នៅ​ជុំវិញ​ជើងភ្នំ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូល​ទៅ​តាំងទី​លំនៅ និង​កាត់​យក​ដី​ចំណី​ភ្នំ​អស់​ជា​ច្រើន​ហិ​កតា​។ បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដែល​នៅ​សេសសល់​មាន​ទំហំ​ប្រមាណ​៧០​ហិ​កតា ដែល​អ្នក​ភូមិ​នាំ​គ្នា​សង់រោង និង​រូបសំណាក​អ្នកតា​ដ៏​ធំ​សម្រាប់​គោរព​បូជា​។

ចំណែក​ជនជាតិ​ដើម​ភាគតិច​រស់នៅ​សហគមន៍​ប៊ូ​ស្រា​ឱ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​ធ្លាប់​បាន​តវ៉ា​ច្រើន​លើក​ទាក់ទិន​គម្រោង​អភិវឌ្ឍន៍​នានា ដែល​បង្ក​ផល​ប៉ះពាល់​ដល់​កន្លែង​គោរព​បូជា​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ភ្នំ​ដោះ​ក្រមុំ​នេះ​។ លោក​ថា អាជ្ញាធរ​ត្រូវ​តែ​គោរព​សិទ្ធិ និង​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ដែល​ច្បាប់​បាន​កំណត់​។

កាលពី​ឆ្នាំ​២០១៤ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង មក​ពី​ស្រុក​នានា​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ស្លាក​នៅ​លើ​ដី​មួយ​ផ្នែក​នៃ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​រក្សា​ទុកជា​ទីតាំង​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ និង​ថាមពល ខណៈ​អាជ្ញាធរ​ខេត្ត​សម្រេច​កាត់​ដី​ជាង​៥​ហិ​កតារ​ប្រគល់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​កូនចៅ​ប្រជាពលរដ្ឋ​។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុខ សេ​រ៉ា បញ្ជាក់​ដែរ​ថា ទីតាំង​ដី​ដែល​កាត់​ចេញ​សម្រាប់​សាងសង់​វិទ្យាស្ថាន មិន​ប៉ះពាល់​កន្លែង​គោរព​បូជា​របស់​សហគមន៍​នោះ​ទេ ពីព្រោះ​ទីតាំង​រោង​អ្នកតា​របស់​សហគមន៍​នៅ​មួយ​ចំហៀង​នៃ​កំពូលភ្នំ​។ លោក​ថា អ្នក​ភូមិ​គួរ​យោគយល់ និង​ចូលរួម​ជាមួយ​អាជ្ញាធរ​ប្រគល់​ទីនោះ​សម្រាប់​ការ​អភិវឌ្ឍ​វិទ្យា​ស្ថាន​មាន​សារ​ប្រយោជន៍​ធំធេង​សម្រាប់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ពិសេស​ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី បន្ត​ការ​សិក្សា​ជំនាញ​បច្ចេកទេស​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​សាលាខេត្ត​លោក សុខ សេ​រ៉ា ឲ្យ​ដឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ជួប​ពិភាក្សា​ជាមួយ​ចាស់ទុំ​តំណាង​សហគមន៍ ដើម្បី​ពន្យល់​ពីសារ​ប្រយោជន៍​នៃ​ការ​សាងសង់​វិទ្យាស្ថាន​លើក​ដំបូង​ក្នុង​ខេត្តមណ្ឌលគិរី និង​តួនាទី​របស់​សហគមន៍​ក្នុង​ការ​ចូលរួម​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ជា​ប្រយោជន៍​សាធារណៈ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​។