ឃើញ​នាង​នៅ​ម្នាក់​ឯង​ ឡើង​ទៅ​ចាប់​រំលោភ​មិនបាន​សម្រេច បែរជា​សម្រេច​ជាប់​ខ្នោះ​ទៅ​វិញ

ឃើញ​នាង​នៅ​ម្នាក់​ឯង​ ឡើង​ទៅ​ចាប់​រំលោភ​មិនបាន​សម្រេច បែរជា​សម្រេច​ជាប់​ខ្នោះ​ទៅ​វិញ



បាត់ដំបង​ ៖​ ជនសង្ស័យ​ម្នាក់ ដែលជា​ជន​ល្មោភកាម ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក មោងឬស្សី ធ្វើការ​ឃាត់ខ្លួន​ ខណៈដែល​ជននេះ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ពេញ​មួយថ្ងៃ ក្រោយ​ពេលដែល​គេ​បានធ្វើ​សកម្មភាព លប​ឡើង​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ ​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​រួចមក តែ​មិនបាន​សម្រេច។

លោក​វរសេនីយ៍ទោ គិត​.​ហ៊ាង អធិការ​នគរបាល​ស្រុក​មោងឬស្សី បានឲ្យដឹងថា ​ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ១​និង​១៨​នាទី រំលង​អធ្រាត្រ​នៅ​ចំណុច​ ភូមិ​គួ​យ​ជីកដី ​ ឃុំ​របស់​មង្គល​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ មាន​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​​មួយ​បាន​កើតឡើង ដដែល​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់ បាន​ឡើងទៅ​លើផ្ទះ​ក្មេង​ស្រី​រងគ្រោះ​បំណង​ចាប់​រំលោភ​ តែ​មិនបាន​សម្រេច។

យោងតាម​ពាក្យបណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ ឆ វ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​រៀបរាប់ថា សព្វថ្ងៃ​គឺ​នាង​រស់នៅ​ក្នុង​ផ្ទះ​នេះ​តែ​ម្នាក់​ឯង​ដើម្បី​សិក្សា ដោយសារតែ​​ ​ឪពុក​ម្តាយ​របស់​នាង​បាន​ចាក​ចេញពី​ភូមិ​ទៅ​នៅ​ឯ​ព្រំដែន​កម្ពុជា ថៃ ដើម្បី​ស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ។

នាង​បាន​បន្ត​ថា នៅ​យប់​ថ្ងៃកើតហេតុ គឺ​ខណៈ​ដែល​នាង​កំពុង​ដេក​លង់លក់​ទៅហើយ​នោះ ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់ បាន​លប​ឡើង​ទៅ​លើផ្ទះ​របស់​នាង ​ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ខ្ទប់មាត់​​ដោយ​គេ​បាន​គំរាម​មិន​ឲ្យ​នាង​រើ​ និង​ស្រែក​ឡើយ ដែល​សំឡេង​នេះ​បានធ្វើ​ឲ្យ​នាង​ស្គាល់​គេ​យ៉ាងច្បាស់​គឺ​មនុស្ស​ប្រុស​នោះ​មានឈ្មោះ រី រិ​ទ្ធ អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា និង​មានផ្ទះ​នៅក្បែរ​គ្នា​ថែមទៀត​នេះ​ ដោយសារតែ​គេ​ឃើញ​នាង​រស់នៅ​ម្នាក់ឯង។

ភ្លាមៗ​នោះដែរ ក្នុងពេលដែល​យុវជន​រូបនេះ​បម្រុង​ចាប់​ស្រាត​នាង​ដើម្បី​រំលោភ នាង​បាន​រើ​បម្រះ​ហើយ​ស្រែក​យ៉ាងខ្លាំង​តែម្តង​ដើម្បី​ឲ្យ​អ្នកភូមិ​មកជួយ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ទាំង​យប់​ថែម​ទៀត​ផង ដោយឡែក​យុវជន​ដែល​បង្ក​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល​ទាំង​យប់។

ករណីនេះ​លោក គិត ហ៊ាង អធិការនគរបាល​ស្រុក​មោងឬស្សី បាន​ចាត់​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​ដដែល វេលា​ម៉ោង ៥ និង​៣៤​នាទី ល្ងាច តាម​បញ្ជា​របស់​លោក នួន​.​សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕