អំពើពុករលួយមន្ត្រី កូនចៅលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ធ្វើបាបអ្នកស្រុក ប្រជាពលរដ្ឋប្រតិកម្ម

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៦ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កែវសីមា ទាមទារ​ឲ្យ​ដក​តួនាទី ​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់ ​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គំរាម​កំហែង​ទារ​ប្រាក់ ​ពី​ប្រជាពលរដ្ឋ ខណៈ​អ្នក​ភូមិ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ពី​ព្រៃ​ដើម្បី​លក់​យក​ប្រាក់​ចិញ្ចឹម​ជីវិត។

សេចក្តីរាយការណ៍បន្តថា ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​រស់នៅ​ភូមិ​អូររណា និង​ភូមិ​អូរអាម ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​បណ្ដុះ​កូន​ឈើ​នៃ​សង្កាត់​ព្រៃ​ឈើ​កែវសីមា បញ្ចេញ​កំហឹង​ស្រែក​ទាមទារ​ឲ្យ​ដក​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់ ដែល​ពួក​គាត់​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គំរាម​កំហែង និង​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ភូមិ។ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ខែ​កក្កដា បន្ទាប់ ​ពី​មន្ត្រី​ព្រៃ​ឈើ​ពីរ​នាក់​មាន​ឈ្មោះ ឈួន និង​ឈ្មោះ ខែម ដក​កាំភ្លើង​គំរាម​ក្មេង​ជំទង់​ម្នាក់​ដែល​ព្យាយាម​ផ្ដួល​ម៉ូតូ ហើយ​រត់​គេច​ខ្លួន ខណៈ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​បើក​រថយន្ត​ដេញ​តាម​ចាប់​ម៉ូតូ​ដឹក​ឈើ​ពីរ​កំណាត់​របស់​ក្មេង​ជំទង់​នោះ។អ្នក​ភូមិ​ផ្ទុះ​កំហឹង​នៅ​ពេល​ដឹង​ដំណឹង​ថា ក្មេង​ជំទង់​បាត់​ខ្លួន​មិន​ដឹង​មាន​គ្រោះថ្នាក់ ឬ​កើត​ហេតុ​អ្វី ទើប​អ្នក​ភូមិ​ប្រមូល​គ្នា​មក​ទីស្នាក់ការ​មន្ត្រី​ព្រៃ​ឈើ ទាមទារ​ឲ្យ​រក​ក្មេង​ជំទង់ និង​ថ្កោលទោស​ចំពោះ​សកម្មភាព​ដក​កាំភ្លើង​គំរាម​កូន​ចៅ​ប្រជាពលរដ្ឋ។ លោកស្រី​បន្ត​ថា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​តែង​នាំ​គ្នា​ចូល​ព្រៃ​ទិញ​ឈើ​ពី​ឈ្មួញ​ម្នាក់​ពីរ​កំណាត់ មក​លក់​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​នាក់​តម្រូវ​ឲ្យ​បង់​ប្រាក់​មួយ​ម៉ូតូ៥​ពាន់​រៀលបើ​មិន​បង់​ប្រាក់​ទេ មន្ត្រី​ព្រៃ​ឈើ​ចាប់​យក​ម៉ូតូ​ប្រជាពលរដ្ឋ និង​ទាមទារ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ៖ «ពួក​ខ្ញុំ​ដឹក​ឈើ​ខ្ញុំ​ដឹង​ថា ពួក​ខ្ញុំ​ខុស​ច្បាប់​ហើយ ប៉ុន្តែ​អាជីព​ពួក​ខ្ញុំ​តែ​ប៉ុណ្ណឹង។ បើក​ឡាន​ដេញ​ចាប់ ដក​កាំភ្លើង​ដេញ​ចាប់​ទារ​លុយ ១​ម៉ឺន​រៀល អត់​យក​ទេ ទារ មួយ​រយ​ហាសិប​ដុល្លារ ម្ភៃ​ម៉ឺន​សាមសិប​ម៉ឺន​បាន​យក។ គេ​មក​យក​តាម​ផ្ទះ​រាល់​ថ្ងៃ​ហ្នឹង មេ​ព្រៃ​ហ្នឹង»។

មិន​មាន​មន្ត្រី​ព្រៃ​ឈើ​ណា​ម្នាក់​នៅ​ទីស្នាក់ការ​បណ្ដុះ​កូន​ឈើ ចេញ​មុខ​ដោះស្រាយ​ជាមួយ​អ្នក​ភូមិ​ដែល​បញ្ចេញ​កំហឹង​តវ៉ា​នោះ​ទេ ខណៈ​មន្ត្រី​ព្រៃ​ឈើ​ទាំង​ពីរ​នាក់ បាន​បើក​រថយន្ត​គេច​ចេញ​ពី​ទី​កើត​ហេតុ។ ចំណែក​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ភូមិ​វិញ បន្ទាប់​ពី​ស្រែក​បញ្ចេញ​កំហឹង​ប្រមាណ ២​ម៉ោង​នៅ​មុខ​ទីស្នាក់ការ​មន្ត្រី​ព្រៃ​ឈើ​នោះ។

ហេតុការណ៍ខាងលើ គេហទំព័រសែនសុខ មិនអាចទទួលការពន្យល់ពីលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បាននៅឡើយទេ៕

អំពើពុករលួយមន្ត្រី កូនចៅលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ធ្វើបាបអ្នកស្រុក ប្រជាពលរដ្ឋប្រតិកម្ម