កុំ​ចេះ​តែ​ហ៊ាន ទោះបី​គេ​នៅ​ម្នាក់ឯង​ក៏​ដោយ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​មោងឫស្សី​ចាប់ខ្លួន​​កាល​ពី​បន្ទាប់​ពី​បាន​រត់គេច​ខ្លួន​បាន​១​ថ្ងៃ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំម្នាក់​ ថា​​បាន​លប​ឡើង​លើ​ផ្ទះ​បម្រុង​ចាប់រំលោភ​ខណៈ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង ។

សមត្ថកិច្ច​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រី រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ត្រូវ​បាន​​សមត្ថ​កិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ជ​.​ឆ​.​វ អាយុ​១៣​ឆ្នាំ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នាង​រស់នៅ​ផ្ទះ​តែ​ម្នាក់ឯង ដោយសារ​ឪពុក​ម្តាយ​របស់​នាង​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ព្រំដែន ។ នៅ​យប់​កើតហេតុ ខណៈ​នាង​កំពុង​ដេក​លក់ ស្រាប់តែ​បុរស​ម្នាក់​បាន​លប​ឡើងផ្ទះ​របស់​នាង​ហើយ​បាន​ចាប់​ខ្ទប់មាត់​នាង ព្រមទាំង​គំរាម​នាង​មិន​ឲ្យ​រើបម្រះ និង​ស្រែក​ឡើយ ។ ដោយសារ​សំឡេង​នោះ​ធ្វើ​ឲ្យ​នាង​ដឹង​ថា​ជា​ឈ្មោះ រី រិ​ទ្ធ ដែល​នៅផ្ទះ​ក្បែរ​គ្នា ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​បម្រុង​សម្រាត​នាង​ដើម្បី​រំលោភ នាង​ក៏​មានឱកាស​រើបម្រះ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ៗ​ដើម្បី​ឲ្យ​អ្នក​ភូមិ​គេ​បានឮ​ និង​មក​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ។

សមត្ថកិច្ច​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​នេះ​ដោយ​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ហើយ​ក៏​ធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ល្ងាច​ថ្ងៃ​បន្ទាប់​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕