ពលរដ្ឋ​ឃុំ​បឹងល្វា​ខេត្ត​កំពង់ធំ​ត្អូញត្អែរ​ចំពោះ​ការ​យក​ប្រាក់​ឆ្លង​កាត់​លើ​ផ្លូវ​សាធារណៈ​ក្នុង​ឃុំ

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ទាហាន ឃុបឃិត​គ្នា​យក​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ក្នុង​ឃុំ ក្រោម​ហេតុផល​ថា​ពួក​គេ​បាន​ធ្វើ និង​ជួសជុល​ផ្លូវ​នោះ។ ពលរដ្ឋ​យល់​ថា ការ​យក​ប្រាក់​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក បញ្ជាក់​ថា នឹង​ចាត់​វិធានការ​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ថ្លៃ​ឆ្លង​កាត់​ផ្លូវ និង​ស្ពាន​មួយ​កន្លែង​នៅ​ក្នុង​ឃុំ។ ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ដែល​ជា​មន្ត្រី​ទាហាន​ស្រុក​សន្ទុក បន្ត​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទៀត​នោះ ពួក​គាត់​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​ដល់​ថ្នាក់​ខេត្ត​តែ​ម្តង។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងល្វា លោក ដុក វី ឲ្យ​ដឹង​ថា សកម្មភាព​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ឆ្លង​កាត់​ផ្លូវ​មួយ​ខ្សែ​នៅ​ឃុំ​បឹងល្វា គឺ​កើត​ឡើង​ជាង ១​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា មាន​មន្ត្រី​ទាហាន​នៅ​ស្រុក​សន្ទុក ម្នាក់ បាន​បោះ​ទីតាំង​យក​ប្រាក់​ពី​ពលរដ្ឋ​ដោយ​ក្នុង​រថយន្ត​មួយ​គ្រឿង ១​ម៉ឺន​រៀល រទេះ​គោ​ក្របី​ឆ្លង​កាត់​ទៅ​មក ១​ម៉ឺន​រៀល ម៉ូតូ ១​គ្រឿង ១​ពាន់​រៀល​ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ម្តង៖ «សុំ​ឲ្យ​គាត់​ហ្នឹង​ឈប់​ទៅ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល (សង់) ស្ពាន​ហ្នឹង​ឲ្យ​មួយ​មក ចម្ងាយ​ប្រហែល ៤​ម៉ែត្រ​ទេ»

ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ដំបូង​ឡើយ ផ្លូវ​ប្រមាណ ៣​គីឡូម៉ែត្រ​ក្នុង​ភូមិ​កោះដង្កូវ និង​ស្ពាន​ឆ្លង​កាត់​មួយ​កន្លែង​នៅ​ចំណុច​អូរ​កែង​ទាត់ ឃុំ​បឹងល្វា គឺ​ពលរដ្ឋ​បាន​រៃអង្គាស​ប្រាក់​គ្នា​ក្នុង​មួយ​គ្រួសារ ១០​ម៉ឺន​រៀល ឬ​តិច​ជាង​ហ្នឹង ដើម្បី​កសាង​កាល​ពី​ឆ្នាំ​២០១៥។ ក្រោយ​មក​ក៏​មាន​ទាហាន​នៅ​ស្រុក​សន្ទុក ម្នាក់ តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​រាល់​ពេល​ឆ្លង​កាត់ ក្រោម​ហេតុផល​ថា ប្រាក់​ដែល​ប្រជាពលរដ្ឋ​រៃអង្គាស​គ្នា​កាលនោះ គឺ​មិន​គ្រប់​ចំនួន​ថ្លៃ​កសាង ហើយ​រូប​គេ​បាន​ចេញ​ថ្លៃ​ធ្វើ​ផ្លូវ និង​ស្ពាន​នោះ​ចំនួន​ជិត ២០​លាន​រៀល​បន្ថែម​ទៀត។

ជា​ថ្នូរ​នឹង​ការ​ចេញ​ប្រាក់​ជំនួស​ពលរដ្ឋ​ចំពោះ​ថ្លៃ​កសាង​ផ្លូវ និង​ស្ពាន​មួយ​ចំណែក​កាលណោះ ទាហាន​ម្នាក់​នៅ​ស្រុក​សន្ទុក ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​រយៈពេល ៦​ខែ ចាប់​ពី​ខែ​កុម្ភៈ ដល់​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា ទាហាន​រូប​នោះ​មិន​បាន​បញ្ឈប់​ការ​យក​ប្រាក់​ត្រឹម​ពេល​កំណត់​ឡើយ បែរ​ជា​យក​រហូត​ដល់​បច្ចុប្បន្ន។

ពលរដ្ឋ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រឹម​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។ ពលរដ្ឋ​ដដែល​ចោទ​ប្រកាន់​អាជ្ញាធរ​ទាំង​នោះ​ថា បាន​ឃុបឃិត​គ្នា​ដើម្បី​ធ្វើ​អាជីវកម្ម​លើ​ខ្នង​ប្រជាពលរដ្ឋ​តែ​ម្តង ហើយ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទាហាន​ដែល​បាន​ដាក់​កុងត្រូល​សម្រាប់​យក​ប្រាក់​ពី​អ្នក​ភូមិ​ទៀត​ផង៖ «ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខាង​ស្រុក ខាង​ខេត្ត​ហ្នឹង ជួយ​យក​ភ្នែក​មើល​ផង ព្រោះ​គាត់​ធ្វើ​អ៊ីចឹង​ធ្លាក់​អស់​ហើយ​សន្លឹក​ឆ្នោត»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​សន្ទុក លោក យស់ បញ្ញារិទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​សម្របសម្រួល​លើ​បញ្ហា​នេះ។ លោក​ថា​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ និង​ស្ពាន​មួយ​កន្លែង​នោះ ពីព្រោះ​សកម្មភាព​យក​ប្រាក់​កន្លង​មក អាជ្ញាធរ​មិន​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ៖ «ក្រោយ​ពី​បាន​ព័ត៌មាន​ហ្នឹង ខ្ញុំ​បាន​បញ្ចប់ បាន​បញ្ឈប់ ហើយ​ខ្ញុំ​ឲ្យ​មេ​ឃុំ​សម្របសម្រួល​ជាមួយ​សហគមន៍​ធ្វើ​ការ​បន្ត​ទៅ»

អភិបាល​ស្រុក​ដដែល​បដិសេធ​ថា អាជ្ញាធរ​មិន​ដែល​ទទួល​ប្រាក់​ពី​ម្ចាស់​អាជីវកម្ម ឬ​អ្នក​ដាក់​កុងត្រូល​យក​ប្រាក់​ពី​ពលរដ្ឋ​ទេ។ លោក​ថា តំបន់​ពលរដ្ឋ​រស់នៅ​នោះ កន្លង​មក​ជា​តំបន់​អនាធិបតេយ្យ ដោយ​មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​ផ្លូវ​ច្បាប់។ តែ​យ៉ាង​ណា ក្រោយ​ពេល​ភូមិ​មួយ​ចំនួន​នៅ​ឃុំ​បឹងល្វា ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​តាម​ច្បាប់​ហើយ​នោះ អាជ្ញាធរ​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ ស្ពាន ជូន​ប្រជាពលរដ្ឋ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា ករណី​យក​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ពី​ពលរដ្ឋ​នេះ គឺ​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​ឡើយ ពីព្រោះ​មិន​មាន​កិច្ចសន្យា​រវាង​អាជ្ញាធរ​រាជ​រដ្ឋាភិបាល និង​ម្ចាស់​អាជីវកម្ម ព្រម​ទាំង​មិន​មាន​តម្លាភាព​ផង។ លោក​បន្ត​ថា អាជ្ញាធរ​អាច​ដក ឬ​បញ្ឈប់​ម្ចាស់​អាជីវកម្ម​នោះ​បាន ដោយ​មិន​ចាំបាច់​មាន​សំណង ពីព្រោះ​ការ​យក​ប្រាក់​ពី​ពលរដ្ឋ​កន្លង​មក គឺ​ជា​សកម្មភាព​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។