ល្បែង​ដុះ​ស្លែ ក្បែរ​ផ្ទះ​លោកស្រី​អភិបាលក្រុង​ច្បារមន

ខេត្តកំពង់ស្ពឺ ៖ បន​ល្បែង​ដុះ​ស្លែ​នៅ​ក្បែរ​ផ្ទះ​លោកស្រី​អភិបាលក្រុង​ច្បារមន អ្នកលេង​សុទ្ធ​សឹង​ជា​សមត្ថកិច្ច​លេង​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប សង្ស័យ​មាន​ខ្នងបង្អែក​ធំ ឬ​ក៏​ម្ចាស់​ទីតាំង​សែនព្រេន​គ្រប់​ជំនាញ​អស់ហើយ​ទើប​គ្មាន​អ្នក​ឈឺឆ្អាល​ទាល់តែ​សោះ​អ​ញ្ចឹ​ង​។ ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ខាងលើ​នេះ​ស្ថិត​នៅ​ខាងលិច​ផ្ទះសំណាក់​ពិសិដ្ឋ ក្បែរ​ផ្ទះ​លោកស្រី​អភិបាលក្រុង​ច្បារមន ក្នុងភូមិ​បុរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​នេះ​មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ហើយ​បន​ល្បែង​មួយ​នេះ​បើក​លេង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ មាន​ល្បែង​គ្រប់​ប្រភេទ​(​បៀរ​គ្រប់​ប្រភេទ​)​ការ​លេងល្បែង​នេះ​រាល់ថ្ងៃ​តែ​ម្តង​គឺ ជា​ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​មាន​អតិ​ថ​ជន​ច្រើន​ស្ទើរតែ​រក​កន្លែង​ចត​ម៉ូតូ និង​រថយន្ត​គ្មាន​ផង​។ ប្រភព​បន្ត​ថា បន​ល្បែង​ដុះ​ស្លែ​មួយ​នេះ​មាន​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ ដែល​ជា​កម្លាំង​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ទៀត​ផង មួយ​ដៃ​អ្នក​ចាញ់​មិន​ក្រោម​៣​ទៅ​៤​លាន​រៀល​នោះ​ទេ​។

បើ​តាម​សម្តី​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​រកា​ធំ​មួយ​រូប​បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា កន្លែង​បន​ល្បែង​មួយ​នេះ​លោក​ក៏​បានដឹង​ដែរ ប៉ុន្តែ​មិន​ហ៊ាន​ទេ​ដោយសារ​តែ​អ្នក​មក​លេង​នៅ​ក្នុង​បន​ល្បែង​មួយ​នេះ​មានបុណ្យ​សក្តិ​ធំ​ៗ​ណាស់ មាន​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ក៏​មាន​ដែរ គ្រាន់តែ​ដើរទៅ​ក្បែរ​ក៏​មិន​ហ៊ាន​ផង​។ កន្លង​មក​លោកស្រី​អភិបាលក្រុង ប៉ោក សេដ្ឋា បាន​អួត​ក្តែ​ង​ៗ​ថា​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ខុសច្បាប់​ដូច​ជា​បៀរ អាប៉ោង ហ្គេ​ម និង​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​អនុវត្ត​តាម​គោលការណ៍​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ ។ ប៉ុន្តែ​បន​ល្បែង​នៅ​ក្បែរ​ផ្ទះ​លោកស្រី​ហាក់បីដូចជា​មើល​រំលង​ទៅ​វិញ សង្ស័យ​ម្ចាស់​ទីតាំង​ជា​សាច់ញាតិ​លោកស្រី​ផង​ក៏​មិនដឹង ឬ​មួយ​ដឹង​ហើយ​ធ្វើ​មិនដឹង ដូច​ពាក្យ​គេ​តែង​ពោល​ថា យល់​ញាតិ​ឃ្លាត​ច្បាប់​នោះ​ហើយ​។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​បុរី​កម្មករ បាន​និយាយ​ថា មិន​ត្រឹមតែ​មាន​បន​ល្បែង​ទេ​នៅ​ក្នុងភូមិ​នេះ​មាន​ទាំង​ក្រុម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង​គឺ នៅ​ខាងក្រោយ​វត្ត​ថ្មី​តែ​ម្តង​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បុរី​កម្មករ​ទាំងអស់​សុំ​សំណូមពរ​ដល់​លោកស្រី​អភិបាលក្រុង​ច្បារមន ជួយ​ចុះ​ទៅ​ពិនិត្យ​មើល​បន​ល្បែង​ដុះ​ស្លែ​មួយ​នេះ​ផង និង​កន្លែង​ក្រុម​ជួញដូ​គ្រឿងញៀន​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​សុវត្ថិភាព​នោះ កុំ​ចេះ​តែ​អួត​បាន​តែ​មាត់ ការ​អនុវត្តន៍​គ្មាន ឬ​មួយ​ម្ចាស់​បន​ល្បែង​នោះ​ជា​សាច់ញាតិ​របស់​លោកស្រី ទើប​គ្មាន​ចំណាត់ការ​បែប​នេះ​។ ប្រជាពលរដ្ឋ​ជា​កូនចៅ​របស់​លោកស្រី​សង្ឃឹមថា​លោកស្រី​នឹង​ចុះ​ទៅ​មើល​មិនបាច់​ចុះ​ទៅ​មើល​ក៏​បាន​ដែរ គ្រាន់តែ​អើត​មើល​ក៏​ឃើញ​ដែរ ពីព្រោះ​នៅ​ក្បែរ​ផ្ទះ​លោកស្រី​ស្រាប់​ហើយ​នោះ​។

  ប្រជាពលរដ្ឋ​ជឿជាក់​ថា​លោកស្រី​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ជាក់​ជា​មិន​ខាន កុំ​ឲ្យ​មាន​ពាក្យ​ថា​ពាក់​ព​ន្ធ័​នឹង​លាភ​សក្ការ​នោះ​។ ប្រជាពលរដ្ឋ​ដដែល​បាន​និយាយ​ថា សូម​សំណូមពរ​យ៉ាង​ទទូច​ដល់​អស់លោក​សមត្ថកិច្ច​ធំ​ៗ​ជួយ​ចុះ​ពិនិត្យ​មើល​មន្ត្រី​របស់​លោក​ដែល​ជា​អ្នក​អនុវត្តន៍​ច្បាប់ ហើយ​បែរជា​នាំ​គ្នា​មក​លេងល្បែង​ស៊ីសង​ខុសច្បាប់​មិន​បង្ក្រាប​ហើយ អ្នកខ្លះ​កាង​ទៀត មិន​ត្រឹមតែ​កាង​ល្បែង​ប៉ុណ្ណោះ​ទេ អ្នកខ្លះ​ទៀត​ខ្លួន​ជា​សមត្ថកិច្ច​ផង ជា​មេ​កន្ទុយលេខ​ទៀត​។ ប្រជាពលរដ្ឋ​សង្ឃឹមថា​មាន​ថ្នាក់លើ​ទេ ជា​ពិសេស​ក្រសួង​ដែល​ពាក់ព័ន្ធ មេត្តា​ចុះ​អង្កេត​មើល និង​បោសសម្អាត​បញ្ហា​នេះ​ផង​៕