តម្លៃ​ជី​​ ​ក្នុង​ស្រុក​ថ្លៃ ​ធ្វើ​ឲ្យ​កសិករ​នាំចូល​​​ពី​ប្រទេសជិតខាង ​តែ​ប្រឈម​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម

តម្លៃ​ជី​​ ​ក្នុង​ស្រុក​ថ្លៃ ​ធ្វើ​ឲ្យ​កសិករ​នាំចូល​​​ពី​ប្រទេសជិតខាង ​តែ​ប្រឈម​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម



បន្ទាយមានជ័យ​ ៖ ​ប្រជាកសិករ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ កំពុងតែ​ប្រឈមមុខ​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម​ទៅ​លើ​ការ​នាំ​ចូល​ជី​ កសិកម្ម​ ពី​ប្រទេសជិតខាង សម្រាប់​ដាក់​ស្រែ​ ខណៈ​ដែល​តម្លៃ​ជី​ក្នុងស្រុក ម៉ាក​ដូចគ្នា​​ ​តម្លៃ​ខ្ពស់​ជាង នៅ​ពេល​ដែល​ការ​ធ្វើ​ស្រែ​មិន​ចំណេញ និង​ជួប​គ្រោះធម្មជាតិ​ញឹកញាប់។

ការ​លើក​ឡើង​ដូច្នេះ​របស់​ប្រជាកសិករ បន្ទាប់ពី​មន្ត្រី​ការិយាល័យ​នីតិកម្ម បាន​ចុះ​ឃាត់​​ចាប់​ ការ​នាំ​ចូល​ជី​ ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា នៃ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ក្នុង​រយៈពេល​២,៣​ថ្ងៃ​នៃ​ចុង​សប្តាហ៍​នេះ។

ប្រជាកសិករ​ជាច្រើនរូប ដែល​នៅ​ស្រុក​ស្វាយចេក ស្រុក​ថ្មពួក និង​អូរជ្រៅ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹងថា ដោយ​រដូវ​នេះ​ ជា​រដូវវស្សា ពួកគាត់​សម្រុក​ធ្វើស្រែ ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រើ​ជី​សម្រាប់​ប៉ូវ​ដើម ដោយ​ក្នុង​មួយ​ហិកតា​ប្រើ​ជី​ពី​១​ទៅ​២​ការុង តាម​ប្រជាកសិករ​ណា​ ដែល​ត្រូវការ​ទិន្នផល​តិច​ឬ​ច្រើន។ ចំពោះ​ការ​ប្រើ​ជី​ ប្រជាកសិករ​តាម​ព្រំដែន​និយាម​ប្រើ​ជី​សញ្ញា​​ក្បាល​គោ និង​ជី​សញ្ញា​គប់​ភ្លើង សម្រាប់​ជី​សញ្ញា​ក្បាល​គោ​ ក្នុងស្រុក​របស់​ក្រុមហ៊ុន​នាំចូល​មួយ​ការុង​តម្លៃ​ប្រមាណ​ជា ៧៩០​បាត បើ​កសិករ​គាត់​ឆ្លងដែន​ទៅ​ទិញ​ក្នុង​ដី​ថៃ​ ដែល​ជាប់​ព្រំដែន​គ្នា មួយ​ការុង​តម្លៃ​តែ ៥៥០​បាត ចំណែក​ជី​សញ្ញា​គប់​ភ្លើង​ក្នុងស្រុក​តម្លៃ​ប្រមាណ​ជា​១០​ម៉ឺន​រៀល​ក្នុង​មួយ​ការុង ដោយឡែក​បើ​ទិញ​ក្នុង​ដី​ថៃ​តម្លៃ​៣៧៥​បាត ដែល​តម្លៃ​នេះ​វា​ខុសគ្នា​ឆ្ងាយ​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទិញ​ជី​ ដែល​នាំមក​លក់​ក្នុងស្រុក​បាន​ឡើយ។ ពួកគាត់​រអ៊ូ​ទៀត​ថា ការធ្វើ​ស្រែ​ជូន​ជួប​គ្រោះ​រាំងស្ងួត ជូន​ជួប​គ្រោះ​ទឹកជំនន់​ធ្វើ​ឲ្យ​ទិន្នផល​បាន​តិច ឬ​ខូច​ទាំងស្រុង លុះ​ពេល​ទទួល​ផល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ដូច្នេះ​បើ​ហាម​មិន​ឲ្យ​មានការ​ទិញ​ជី​ពី​ថៃ​ដោយ​ខ្លួនឯង ពួកគាត់​ត្រូវ​ចំណាយ​ទន់​ច្រើន សម្រាប់​ការទិញ​ជី​ដែល​មាន​តម្លៃ​ថ្លៃ​ខុសគ្នា ធ្វើ​ឲ្យ​ប្រឈម​នង​ការ​ធ្វើស្រែ​ខាត។

លោក សេង ម៉េង ប្រធាន ​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ ​ថា អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងកសិកម្ម ក៏ដូចជា​តាម​បញ្ជា​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​នាំ​ចូល​ជី​ពី​ប្រទេសជិតខាង និង​ការ​ប្តឹង​របស់​ក្រុមហ៊ុន​ជី​កសិកម្ម​មួយ​ចំនួន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មន្ត្រី​របស់​លោក បាន​ចុះ​បង្ក្រាប​ការ​នាំ​ចូល​ជី​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង​នានា​ក្នុង​ភូមិ​សាស្ត្រ ស្រុក​អូរជ្រៅ និង​ស្រុក​ស្វាយចេក និង​បាន​ធ្វើ​ការ​ឃាត់​ ការ​នាំ​ចូល​ជី​របស់​កសិករ និង​ឈ្មួញ តាមរយៈ​រថយន្ត​នីសាន់ កាមរី និង​គោយន្ត បាន​ចំនួន​៦០​គ្រឿង ដែល​មាន​ជី​សញ្ញា​ក្បាល​គោ និង​ជី​ដទៃ​ទៀត​រាប់​រយ​ការុង។ ការ​ឃាត់​នេះ​ពុំបាន​ធ្វើការ​ចាប់​ពិន័យ​ចំពោះ​ប្រជាកសិករ​ ដែល​បាន​ទិញ​មក​ប្រើប្រាស់​សម្រាប់​ដាក់​ស្រែ​ខ្លួន​ឡើយ គឺ​គ្រាន់តែ​បាន​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ថតរូប។ ដោយឡែក​ការ​នាំ​ចូល​ណា ​ដែល​មាន​លក្ខណៈ​ធ្វើ​អាជីវកម្ម​ ត្រូវ​បាន​ឃាត់​ធ្វើការ​ផាក​ពិន័យ​ទៅតាម​ច្បាប់។ សម្រាប់​ការ​បង្ក្រាប​ការ​នាំ​ចូល​ជី​ពី​ប្រទេសជិតខាង​របស់​ឈ្មួញ​ រំលោភ​កម្មសិទ្ធិ​បញ្ញា គិត​មកដល់ពេលនេះ​ បាន​ធ្វើការ​ផាក​ពិន័យ​គិត​ជា​ទឹកប្រាក់ បាន​ចំនួន​១២​លាន​រៀល។ លោក​ទទួល​ស្គាល់​ថា តម្លៃ​ជី​ក្នុងស្រុក និង​ជី​ដែល​ពួកគាត់​ទិញ​ដោយ​ផ្ទាល់ ​ក្នុង​ដី​ថៃ​ពិតជា​ថោក​ជាង​គ្នា​មែន ដែល​លោក​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ទម្លាក់​ថ្លៃ​របស់​ក្រុមហ៊ុន​ឡើយ។ ថ្វីត្បិតតែ​ជី​ក្នុងស្រុក​មានតម្លៃ​ថ្លៃ​ពិតមែន គឺ​មាន​ក្រុមហ៊ុន​ទទួល​ស្គាល់​ច្បាស់លាស់ ឯ​ការទិញ​ដោយផ្ទាល់​ក្នុង​ទឹកដី​ថៃ វា​មាន​ហានិភ័យ​ខ្ពស់​ប្រសិន​ជី​ណា​មានការ​ក្លែងបន្លំ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​កសិកម្ម ហើយ​គ្មាន​ការទទួលខុសត្រូវ។ ដើម្បី​ជំរុញ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំចូល​ជី​ខុសច្បាប់​ពី​ប្រទេសជិតខាង លោក​បាន​យក​លិខិត​របស់​សាលាខេត្ត​ ដែល​ហាម​មិន​ឲ្យ​មានការ​នាំចូល​ជី​ខុសច្បាប់ ទៅដល់​គ្រប់​ច្រក​របៀង ដើម្បី​ឲ្យ​ពួកគាត់​ហាមឃាត់​កសិករ​មិន​ឲ្យ​នាំចូល​ជី​ទាំងនោះ​ទៀត។

សូម​បញ្ជាក់​ សម្រាប់​ការ​នាំ​ចូល​ជី​ពី​ប្រទេសជិតខាង​របស់​កសិករ​ ថ្វីត្បិតតែ​តម្លៃ​ថោក តែ​ការ​នាំចូល​ត្រូវ​ចំណាយ ក្នុង​មួយ​ការុង អស់​២០​បាត ​ដើម្បី​បង់​ឲ្យ​សមត្ថកិច្ច​ថៃ និង​ខ្មែរ​នៃ​ច្រក​នីមួយ​ៗ ដោយ​ខាង​ថៃ​១០​បាត ខ្មែរ​១០​បាត ដោយ​ក្នុង​១​សប្ដាហ៍​ម្ដង​ការ​នាំ​ចូល​ជី រាប់​រយ​ការុង និង​ទំនិញ​ផ្សេង ៗ ជាច្រើន៕
តម្លៃ​ជី​​ ​ក្នុង​ស្រុក​ថ្លៃ ​ធ្វើ​ឲ្យ​កសិករ​នាំចូល​​​ពី​ប្រទេសជិតខាង ​តែ​ប្រឈម​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម

តម្លៃ​ជី​​ ​ក្នុង​ស្រុក​ថ្លៃ ​ធ្វើ​ឲ្យ​កសិករ​នាំចូល​​​ពី​ប្រទេសជិតខាង ​តែ​ប្រឈម​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម

តម្លៃ​ជី​​ ​ក្នុង​ស្រុក​ថ្លៃ ​ធ្វើ​ឲ្យ​កសិករ​នាំចូល​​​ពី​ប្រទេសជិតខាង ​តែ​ប្រឈម​នឹង​ការ​ចាប់​របស់​មន្ត្រី​កសិកម្ម