តើ​គួរ​ធ្វើ​បែបណា ​ដើម្បី​លើកទឹកចិត្ត​កូនតូច​ឱ្យទទួល​ទាន​អាហារ​សុខភាព ?

6 Videos


តើកូនរបស់អ្នកចូលចិត្តបន្លែដែរឬទេ? តើអ្នកមានបញ្ហាក្នុងការឱ្យកូនតូចញ៉ាំបន្លែដែរឬទេ ?ការទទួលទានអាហារសុខភាពជាឬសគល់ចម្បងសម្រាប់កុមារក្នុងដំណាក់កាលលូតលាស់ប៉ុន្តែឧបសគ្គដ៏ធំគឺក្មេងចូលចិត្តញ៉ាំសាច់ជាងបន្លែ។ ការផ្លាស់ប្តូរទម្លាប់ញ៉ាំរបស់កូនតូចភ្លាមៗពុំមែនជាការងាយស្រួលនោះទេតែទោះជាយ៉ាងណាក៏វាពុំមែនជាបញ្ហាគ្មានដំណោះស្រាយដែរ។ អ្នកអាចសាកល្បងវិធីខាងក្រោមជាការលើកទឹកចិត្តឱ្យកូនបែរមកចាប់អារម្មណ៍និងចូលចិត្តបន្លែច្រើនជាងមុន។

P9

តើ​គួរ​ធ្វើ​បែបណា ​ដើម្បី​លើកទឹកចិត្ត​កូនតូច​ឱ្យទទួល​ទាន​អាហារ​សុខភាព ?

១. នាំកូនឱ្យចូលរួមជាមួយអ្នក
តើចូលរួមអ្វី? ស្ត្រីមេផ្ទះប្រហែលជាឆ្ងល់ថាតើកូនតូចអាចជួយអ្វីបានមានតែរំខានទៅវិញទេទើបតែងតែដាក់ពួកគេមិន ឱ្យមករវល់នឹងការងារចម្អិននិងដើរផ្សារ។ ការសាកសួរថាកូនចង់ញ៉ាំអ្វីនិងប្រាប់ណែនាំថាកូនគួរតែញ៉ាំអ្វីនាំកូនទៅទិញបន្លែជាមួយនិងបណ្តោយឱ្យកូនជួយរៀបចំអាហារគឺជាការបង្ហាត់បង្រៀនពីបំណិនជីវិតដល់កូននិងនាំចំណាប់អារម្មណ៍ របស់ក្មេងមកចាប់អារម្មណ៍នឹងការចម្អិននិងការញ៉ាំបានច្រើនជាងប្រក្រតី។

២. នាំកូនឱ្យស្គាល់ប្រភពនៃអាហារ
ប្រភពនៃអាហារ? ផ្សារត្រីមែនទេ? មិនត្រឹមតែផ្សារប៉ុណ្ណោះទេកុមារគួរយល់ដឹងថាតើបន្លែផ្លែឈើក្នុងផ្សារនោះបានមក ពីណា។ ប្រសិនបើអ្នកទំនេរអ្នកគួរនាំកូនទៅចំការបន្លែឬរៀបចំជាច្បារដំណាំក្រោយផ្ទះមួយដើម្បីឱ្យកូនបានឃើញជាក់ ភ្នែកថាតើការដាំដុះនោះជាអ្វី ការបេះផ្លែឈើដោយដៃខ្លួនឯងការទៅឃើញមេគោនៅកសិដ្ឋាននិងឃើញកសិកររឹតទឹកដោះគោ ដែលកិច្ចការទាំងនេះជាការបណ្តុះគំនិតកុមារឱ្យស្គាល់និងផ្តល់តម្លៃចំពោះការងារ។ ការទៅឃើញផ្ទាល់និងការដាំក៏ដូចជាប្រមូលផលផ្ទាល់ដោយខ្លួនឯងនឹងជំរុញឱ្យកុមារចូលចិត្តបន្លែមួយកម្រិតដូចគ្នា។

៣. ធ្វើឬទិញចំណីដែលផ្តល់ផលល្អចំពោះសុខភាព
គួរយល់ដឹងផងដែរកុមារនឹងទទួលទានអ្វីដែលមានក្នុងផ្ទះដូចនេះអ្នកគួរគិតទុកមុនថាចំណីបែបណាដែលមានលក្ខ ណៈ ធម្មជាតិនិងផ្តល់ប្រយោជន៍ចំពោះសុខភាពដូចជា ផ្លែឈើស្រស់ដែលចិតដាក់ចានទុកក្នុងទូរទឹកកកស្រាប់ធញ្ញជាតិចំណិតការ៉ុតពោតលីងដោយខ្លួនឯងទំពាំងបាយជូរក្រៀមជាដើមជាជាងទិញអាហារកញ្ចប់ស្តុកទុក។

៤. ផ្តល់ជម្រើសឱ្យកូន
ក្មេងតែងតែចង់ធ្វើតាមចំណូលចិត្តរបស់ខ្លួន ដូចនេះអ្នកម្តាយគួរមានភាពវៃឆ្លាតឱ្យកូនជាអ្នកសម្រេចដោយខ្លួនឯងថាចង់ញ៉ាំអ្វី ហើយផ្តល់ជម្រើសអាហារដែលមានប្រយោជន៍ដូចៗគ្នាឬរៀបចំបន្លប់រសជាតិដូចជាធ្វើអាហារសាច់តែទឹកជ្រលក់ជាទឹកជ្រលក់បន្លែច្រើនមុខក្រឡុកចូលគ្នា។

៥. ទឹកក្រឡុក
ប្រសិនបើកូនបដិសេធមិនព្រមញ៉ាំអាហារ អ្នកអាចផ្លាស់ប្តូរពីអាហារមកភេសជ្ជៈវិញគឺទឹកក្រឡុកផ្លែឈើ និងបន្លែ។

៦. ធ្វើខ្លួនជាគំរូ
តាមការស្រាវជ្រាវបានបង្ហាញថាចំណូលចិត្តកុមារចំពោះអាហារដូចនឹងម្តាយឪពុករបស់ពួកគេ។ ដូចនេះបើអ្នកចង់ឱ្យកូនញ៉ាំបន្លែ អ្នកគួរតែជាមនុស្សដំបូងដែលញ៉ាំបន្លែឱ្យកូនបានឃើញនោះកូនអាចនឹងត្រាប់តាមរួចក៏ចូលចិត្តបន្លែដែរ។

៧. កុំឆាប់បោះបង់
នៅពេលបង្រៀនកូនឱ្យទទួលទានអាហារថ្មីសូមកុំរំពឹងថាក្មេងនឹងព្រមញ៉ាំតែម្តងព្រោះជួនកាលគេមិនព្រមញ៉ាំទេ ប៉ុន្តែប្រសិនបើអ្នកព្យាយាមច្រើនដងនោះក្មេងអាចនឹងព្រមញ៉ាំ។

៨. បង្រៀនកូនឱ្យទម្លាប់នឹងអាហារសុខភាពតាំងពីតូចទៅ
គួរចាប់ផ្តើមបញ្ចូលអាហារសុខភាពជាចំណីញ៉ាំលេងហើយរៀបចំឱ្យមានច្រើនមុខពីព្រោះទោះជាក្មេងមិនចូលចិត្តបន្លែ ក័ក្មេងចូលចិត្តរើសដែរ ដូចនេះអ្នកប្រាកដជាជោគជ័យ ៕ លក្ខិណា