កាណូត​ដឹក​គ្រួ​ស​បង្កប់​ឈើ របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ហាក់

ខេត្ត​ត្បូងឃ្មុំ ៖ កាណូត​ដឹក​គ្រួ​ស​បង្កប់​ឈើ​អារ​ជា​ច្រើ​ម៉ែត្រគូប ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​ដុះ​ស្លែ ម្នាក់​ឈ្មោះ ហាក់ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប ចំណែក​ម្ចាស់​ឈើ​រត់គេច​ខ្លួន​បាត់​។ ហើយ​សមត្ថកិច្ច​អូស​យក​មក​ដាក់​ច្រាំង​ទន្លេ ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ហើយ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ត្រូវ​បាន​ប្រើ​គ្រឿងចក្រ​ចូក​គ្រួ​ស ដើម្បី​លើក​ឈើ​ដាក់​ឃ្លាំង​ធ្វើការ​វាស់វែង ។

មន្ត្រី​អាវុធហត្ថ​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ឲ្យ​ដឹង​ថា កាណូត​ដឹក​គ្រួ​ស​ធុន​ធំ​នេះ​បាន​បើក​ចេ ញ​មក​ពី​ខេត្តក្រចេះ​ចុះ​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ កាលពី​យប់​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ក្នុង​គោលបំណង​យក​ទៅ​កាន់​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ មន្ត្រី​អាវុធហត្ថ​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ដំណឹង​លេចឮ​ថា កាណូត​ដឹក​គ្រួ​ស របស់​ថៅកែ​ឈ្មោះ ហាក់ មាន​បង្កប់​ឈើ​អារ​ប្រហែល​២០​ម៉ែត្រគូប ព្រមទាំង​លាយ​ជាមួយនឹង​ឈើប្រណិត​ប្រភេទ​សុ​ក្រំ ថែម​ទៀត ដែល​គេ​អារច្រៀក​ចេញ​ជា​ដុំ​ៗ ។

ជាមួយ​នោះ​ថែម​ទាំង​មាន​ល្បី​ថា មាន​អ្នកកាសែត​ម្នាក់​បាន​រត់ការ​កាណូត​បង្កប់​ឈើ​នេះ សង្ស័យ​រត់ការ​មិន​ស្អាត​បែកការ​ណ៍ហើយ ទើបត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចេញ​ទៅ​បង្ក្រាប​តែ​ម្តង​តែ​ម្ចាស់​គេចខ្លួន ។ ស្រប​ពេល​ដែល​កាណូត​គ្រួ​ស ត្រូវ​បាន​បង្ក្រាប​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា កម្មករ​ម្នាក់​នៅ​លើ​កាណូត​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ នៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ កាណូត​ដឹក​គ្រួ​ស​នេះ​បាន​ដឹក​គ្រួ​ស​បង្កប់​ឈើ​អារយក​មក ពី​ស្រុកលើ​រាប់​ភ្លេច​មក​ហើយ ដោយ​កម្រ​នឹង​មាន​អ្នក​ណា​ដឹង គឺ​គេ​ដឹង​ស្ងាត់​ៗ តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្រប​ពេល​ដែល​កាណូត ដឹក​គ្រួ​ស​ខាងលើ​បាន​ចុះ​មក​ដល់​ត្រង់​ចំណុច​ជី​រោ​ទិ៍ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​បើកកាណូត​តាម​ពីក្រោយ ស្រប​ពេល​ដែល​ឆ្លងកាត់​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ដល់​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ត្រូវ​បាន​កៀង​ឲ្យ ចូល​ច្រាំង​ទន្លេ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ជាមួយ​នោះ​រូប​លោក​ច្រានចោល ជុំវិញ​ការ​ដែល​លេចឮ​ថា បម្រុង​នឹង​ដោះ​លែង​កាណូត​ដឹក​គ្រួ​ស​មិន​ពិត​ឡើយ ។ ការ​យឺតយ៉ាវ​រក​អ្នក​បើកកាណូត​មិន​បាន ដោយសារ​តែ​ខ្វះ​ជំនាញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​កក្កដា រូប​លោក​នឹង​ធ្វើការ​កាយ​គ្រួ​ស​ចេញ ដើម្បី​ឲ្យ​ដឹង​ពី បរិមាណ​ឈើ​ពិតប្រាកដ និង​ត្រូវ​បំពេញបែបបទ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕