ឃាត់ខ្លួន​លោក​កូន​ទំនើង​និង​បក្ខពួក ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ម្ដាយ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ចុះ​បង្ក្រាប ករណី​ហិង្សា ហើយ​ឆែក​ឃើញ​កាំភ្លើងខ្លី​១​ដើម និង​គ្រឿងញៀន​២​កញ្ចប់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី ស្ថិត​នៅផ្ទះ​លេខ​៧៦ ផ្លូវ​បេតុង ក្រុម​ទី​៦ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ប្រភព​ពី​ម្ដាយ​ជនសង្ស័យ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​បន្ទាប់​ពី​រូប​គាត់​ជា​ម្ដាយ​បាន​ហាម​មិន​ឲ្យ​កូន​ទំនើង​ម្នាក់​នេះ​(​ជនសង្ស័យ​)​មិន​ឲ្យ​ចូល​ផ្ទះ ស្រាប់តែ​រូបគេ​បាន​ដក​កាំភ្លើង​ហើយ​អា​មេ​គំរាម​ដល់​គាត់ ទើប​គាត់​រាយការណ៍​ដល់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​។

នៅ​ពេល​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​សួរនាំ​ជនសង្ស័យ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ដាយ​ខ្លួនឯង និង​ធ្វើការ​ឆែកឆេរ ក៏​ប្រទះ​ឃើញ​ហើយ​ដកហូត​បាន​កាំភ្លើងខ្លី​ម៉ាក K៥៤​មួយ​ដើម មាន​១០​គ្រាប់ បាញ់​អស់​២​គ្រាប់ គ្រឿងញៀន​២​កញ្ចប់ ម៉ូតូ​២​គ្រឿង និង​ឃាត់​មនុស្ស​៤​នាក់​។ បន្ទាប់​មក​ជនសង្ស័យ និង​បក្ខពួក​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕