ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​កាំភ្លើង​រាលកៃ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​មនុស្ស​បែក​ថ្នាំ និង​តែងតែ​រករឿង​បង្កទំនាស់​ជាមួយ​គេឯង​ជា​បន្តបន្ទាប់ គឺ​ត្រូវ​បាន​ស្លាប់​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ធ្វើ​សកម្ម ភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ជាមួយ​អ្នក​ភូមិ ហើយ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចូល​ទៅ​ជួយ អន្តរាគមន៍​ឃាត់​បាន​រាលកៃ​កាំភ្លើង​ផ្ទុះ​បណ្តាល​ឲ្យ​ត្រូវ​មួយ​គ្រាប់​ស្លាប់​ភ្លាម​ៗ​។

ហេតុការណ៍​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ បង្ក​ឡើង​ដោយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។ ក្នុង​ការ​បាញ់​គំរាម​បុរស​រង​គ្រោះ​ដែល​គេ​កំណត់​ថា​ជា​មនុស្ស បែក​ថ្នាំ ចំនួន​២​គ្រាប់ និង​បាន​រាលកៃ​កាំភ្លើង​មួយ​គ្រាប់​ទៀត នៅ​ពេល​ដែល​បុរស​រង​គ្រោះ ប្រដាប់​ដោយ​ព្រនង់​បាន​ស្ទុះ​ចូល​មក​ប្រតាយប្រតប់​ជាមួយនឹង​នគរបាល បណ្តាល​ឲ្យ​ត្រូវ​ចំ ឆ្អឹងជំនី​ពីមុខ​ធ្លាយ​ចេញ​ក្រៅ​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា នៅ​ភូមិ​ល្អៀ​ត ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។

បុរស​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយសារ រាលកៃ​កាំភ្លើង​ពី​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​ឈ្មោះ អ៊ុំ សី​ណា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ល្អៀ​ត ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​អ្នក​ភូមិ ក៏​ដូច​ជា​សមត្ថកិច្ច​កំណត់​ថា ជន​នេះ​មិន​ច​រិ​ក​កោងកាច ព្រោះតែ​រូបគេ​ជា មនុស្ស​បែក​ថ្នាំ​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​អនុសេនីយ៍ទោ អេ​ង ហឿ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ បន្ទាយ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ​ទី​១៦ ខែកក្កដា បុរស​រង​គ្រោះ​រូប​នេះ​ប្រដាប់​ដោយ ព្រនង់​ធំ​មួយ​បាន​ដើរ​វាយ​គេឯង​តាម​ផ្លូវ និង​ក៏​បាន​វាយ​មក​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ភ​ន ហី ដោយ​មិនដឹង​ខ្លួន​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បែកក្បាល​ដួល​នៅ​កណ្តាលផ្លូវ​។ ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ និង​មេ​ភូមិ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ពិនិត្យ​មើល និង​បាន​បាញ់កាំភ្លើង​ឡើង​លើ​មួយ​គ្រាប់ ដើម្បី​គំរាម​ឲ្យ​បុរស​រូប​នេះ​ទម្លាក់​ព្រនង់​ចោល​។

តែ​យ៉ាងណា​បុរស​រូប​នេះ​នៅ តែ​មិន​ព្រម​ទម្លាក់ ហើយ​បាន​កាន់​ព្រនង់​ដើរ​ស​ម្ដៅ​ចូល មក​ទៀត​នោះ  នគរបាល​ប៉ុស្តិ៍​ដដែល​បាន​បាញ់​បុកដី​មួយ​គ្រាប់​ទៀត ពេល​នោះ​បុរស​រូប​នេះ​នៅ​តែ​មិន​ព្រម ក៏​បាន​ហក់​មក​ទាំង​ព្រនង់​មក​វាយ​ប្រតាយប្រតប់​ជាមួយនឹង​នគរបាល​ដែល​បាញ់កាំភ្លើង ក៏​បាន​រាលកៃ​កាំភ្លើង​បណ្តាល​ឲ្យ​ត្រូវ​បុរស​រូប​នេះ​ចំ​ឆ្អឹងជំនី និង ត្រូវ​ស្លាប់​ភ្លាម​ៗ​។ ក្រោយ​ពី​មាន​ហេតុការណ៍​ផ្ទុះអាវុធ​ដោយ​អ​ចេតនា បង្ក​ឲ្យ​មាន មនុស្ស​ស្លាប់ ដោយសារ​ការ​រាលកៃ​កាំភ្លើង មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រូប​នេះ​បាន​គេចខ្លួន​។ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា លោក​វរសេនីយ៍ឯក កង សុ​វ​ណ្ណី អនុ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់ ថា បន្ទាប់​ពី​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ក៏​ដូច​ជា​តាម​សាក្សី អ្នក​ឃើញ​ហេតុ​នោះ​បាន​កំណត់​ថា ការ​ផ្ទុះអាវុធ​របស់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ក្នុង​កិច្ច​ការងារ​ចុះ​អន្តរាគមន៍​បង្ក្រាប​រហូត​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នេះ​វា​ជា​រឿង​អ​ចេតនា​។

តែបើ​ទោះជា​យ៉ាងណា​ស្ថាប័ន​អយ្យការ​បាន ទុក​ពេល​មួ​យស​ប្តា​ហ៍​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដែល​ជួប ហេតុការណ៍ និង​គេចខ្លួន​នោះ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយនឹង​សាច់ញាតិ​ជន រង​គ្រោះ ដើម្បី​មានការ​សម្របសម្រួល ដោយ​ប្រការ​ណាមួយ​។ ស្រប​ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​បុរស​រង​គ្រោះ​ក៏​បាន​បញ្ជាក់​ថា ពួ​គគាត់ និង​ដាក់​ពាក្យបណ្តឹង​ចូល​មក​សា្ថ​ប័ន​តុលាការ ក៏​ដូច​ជា​អង្គការ​សង្គម​ម​ស៊ី​វិល​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ហេតុ​ការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នេះ​៕