ប្រពន្ធ​របស់លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង​ជា​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហើយ​បាន​ក្លាយជា​ឆ្នាំងបាយ​របស់​មន្ត្រី​ខិលខូច​

ខេត្តកោះកុង ៖ ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ​ដ៏​ល្បីឈ្មោះ​អ្នកស្រី ពែ​ក រតនៈ ដែល​អ្នក​កោះកុង​ហៅ​(​ចែ​រតនៈ​) ជា​ប្រពន្ធ​របស់លោក​យឹម ផេង ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ក្នុង​ខេត្តកោះកុង ត្រូវបាន​ប្រភព​រាយការណ៍​ថា​ជា​អ្នក​នាំ​ទំនិញគេចពន្ធ ពី​ប្រទេស​សៀម ចូល​ខេត្តកោះកុង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ក្រៅពី​អាង​ប្ដី​របស់ខ្លួន​ឈ្មោះ យឹម ផេង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​នោះ គឺ​អ្នកស្រី ពែ​ក រតនៈ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ ទៀត​ដូចជា​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​សុទ្ធតែជា​អ្នក​ជួយ​សម្រួល​ការនាំ​ទំនិញ​ចូល​គ្រប់បែបយ៉ាង​ដោយ​ម្នាក់ៗ​សើម​មាត់​សើ​មក​សំងំ​ហើម​មាត់​លែងរួច​ទៅហើយ​។

​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​នៅ​ខេត្តកោះកុង​គេ​និយាយ​គ្រប់ៗ​គ្នា​ថា លោក យឹម ផេង គឺជា​ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ក្នុង​ខេត្តកោះកុង ហើយ​បច្ចុប្បន្ន កំពុង​ល្បីល្បាញ ខាង​យក​អំណាច​កាង​ជា​ខ្នងបង្អែក​ឲ្យ​ប្រពន្ធ​របស់ខ្លួន នាំចូល​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចែ​រតនៈ នាំ​ទំនិញគេចពន្ធ​ចូល​ខេត្តកោះកុង​ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​បង្ក្រាប​នោះទេ បាន​ប្រែក្លាយជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ ជាច្រើន​ស្ថាប័ន​ក្នុង​ខេត្តកោះកុង​យ៉ាង​រងំ​។ ប្រការ​នេះហើយ​ទើប​ឈ្មួញ​រូបនេះ អាច​នាំចូល​ទំនិញគេចពន្ធ មក​ចែកចាយ ក្នុង​ខេត្តកោះកុង និង​ដឹកជញ្ជូន មកកាន់​រាជធានី​ភ្នំពេញ​យ៉ាង​រលូន ហើយ​ជាទូទៅ​បើទោះជា​មានការ​ផ្លាស់ប្តូរ​មេ​គយ​ខេត្ត​ជាច្រើន​អ្នក​មក​ក៏ដោយ​ក៏​គេ​មិនដែល​ឃើញ​មេ​គយ​រូប​ណាមួយ​ហ៊ាន​ប៉ះ​រោមជើង​មេ​ឈ្មួញ​នេះ​ម្តងណា​ទេ​។​

ភាព​ស៊ុំគ្រលំ​លើ​ជំនួញ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​មិន​ប្រក្រតី ចែ​រតនៈ ជា​ប្រពន្ធ​របស់លោក​យឹម ផេង នេះ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង​បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ពិនិត្យមើល​ករណី​ជាបន្ទាន់​។ ដោយហេតុថា​ការដែល​អ្នកស្រី ពែ​ក រតនៈ ភរិយា​លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង នាំចូល​ទំនិញគេចពន្ធ បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍ បាន​ទៅលើ​មន្ត្រី​ពុករលួយ និង​ឈ្មួញ​ខិលខូច​ដែល​កំពុង​បិទបាំង​ទទួលយក​លាភសក្ការៈ​ធ្វើ​ជា​ចំណូល​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​ទៅវិញ​៕

03 KA-08-07-2016-05