ព្រឹក​នេះ បើក​សវនាការ​សំណុំរឿង​លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​នឹង​លើកយក​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​អតីត​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក ។

លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង និង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​តាម​សារ​តេ​ឡេ​ក្រាម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ដែល​មាន​លោក ឃី ឆៃ ជា​ប្រធាន​ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ក្នុង​ពេល​សវនាការ​នេះ ។

លោក លី សុ​ផា​ន់​ណា បាន​លើក​ឡើង​ថា សំណុំរឿង​នេះ​មាន​ជនជាប់ចោទ លោក នី ចរិយា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​បរិ​យា​កេ​រ្ត៍​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើក​យុ​ត្ថា​ធិ​ការ ។ ទោះបី​យ៉ាងណា ក្នុង​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា លោក នី ចរិយា បាន​លើក​ឡើង​ទាក់ទង​នឹង​មន្ត្រី​តុលាការខេត្ត​សៀមរាប​ម្នាក់​ក្នុង​ពេល​សន្និសីទកាសែត ។

តុលាការ​បាន​លើក​ឡើង​ថា នេះ​ជា​សំណុំរឿង​មួយ​ផ្សេង​ពី​សំណុំរឿង​ដែល​លោក នី ចរិយា ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ទាក់​នឹង​សូកប៉ាន់​សាក្សី និង សមគំនិត​សូកប៉ាន់​សាក្សី ជាមួយនឹង​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​៤​នាក់​ផ្សេង​ទៀ ។ បន្ទាប់​ពី​ឃុំខ្លួន​មួយ​រយៈពេល ជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​នេះ តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ និង​បន្ត​ឃុំខ្លួន​តទៅ​ទៀត រង់ចាំ​ការ​សវនាការ ៕