អ្នកលក់​ម្ហូបអាហារ​មិន​ត្រូវ​សម្លាប់​មនុស្ស​ដើម្បី​លុយ

មានការ​ភ័យ​ខ្លាច​កើត​មាន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​សង្គម​កម្ពុជា ទាក់ទង​នឹង​ម្ហូបអាហារ​ដែល​បាន​លក់​នៅ​តាម​ផ្សារ ឬ​ក៏​ហាង​នានា​។

មនុស្ស​ម្នា​នាំ​គ្នា​គិត​ថា មានការ​ប្រើប្រាស់​ជាតិ​គីមី​ច្រើន​ហួសហេតុ​សម្រាប់​ការ​ថែរក្សា​បន្លែ ឬ​ផ្លែ​ឈើ​ឱ្យ​នៅ​ស្រស់ ឬ​ក៏​ថែរក្សា​សាច់សត្វ​អោយ​នៅ​គង់វង្ស​បាន​យូរ​។ ការ​ប្រើ​ប្រាស់​​ជាតិ​គីមី ដើម្បី​គោលបំណង​ទាំងនោះ បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ដល់​សុខភាព និង​ជីវិត​របស់​ប្រជាជន​។

រឿង​ដែល​ធ្វើ​អោយ​ភ័យ​ខ្លាច​បំផុត​នោះ គឺ​វា​អាច​បង្ក​អោយ​កើតជា​ជំងឺមហារីក​ដែល​នឹង​សម្លាប់​មនុស្ស​។

ដូច្នេះ​ហើយ​នៅ​តាម​ក្រសួង​នានា បាន​នាំ​គ្នា​ភ័យ​ខ្លាច​ខ្លាំង​ដល់​ការ​ទិញ​បន្លែ ផ្លែ​ឈើ និង​សាច់​ពី​អ្នកលក់​ដែល​គេ​មិន​ស្គាល់​ដោយ​ភ័យ​ខ្លាច​អំពី​ការ​ប្រើប្រាស់​ជាតិ​គីមី​ដែល​នាំ​ដល់​ការ​ប៉ះពាល់​ដល់​សុខភាព​។

វា​ជា​ការ​ពិត​ណាស់​ដែល​អ្នកលក់​ទាំងនោះ ត្រូវការ​ប្រាក់​ចំណេញ ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​ខ្លួន និង​ដើម្បី​មាន​ជីវភាព​រស់នៅ​សមរម្យ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​លក់​ដូរ​ត្រូវ​តែ​មាន​សីលធម៌ ហើយ​គិតដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ផង ។ គេ​មិន​គួរ​បំផ្លាញ​សុខភាព ឬ​ជីវិត​របស់​មនុស្ស ដើម្បី​ចំណេញ​លុយ​បន្តិចបន្តួច​នោះ​ឡើយ​។ ការ​ប្រកាន់​គោល​ជំហរ​លក់ដូរ​ប្រកបដោយ​សីលធម៌ និង​គិតគូរ​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​នឹង​ធ្វើ​អោយ​មានការ​ទុកចិត្ត​ពី​អ្នក​ប្រើប្រាស់​។ ដូច្នេះ​វា​នឹង​បង្កើន​បរិមាណ​នៃ​ការ​លក់​ដែល​ក៏​នឹង​នាំ​ដល់​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ដែរ​។ ម្ល៉ោះហើយ​អ្នកលក់​មិន​សម​នឹង​ងាក​ទៅ​រក​ផ្លូវ​បំផ្លាញ​សុខភាព​អ្នក​ប្រើប្រាស់ ដើម្បី​ប្រាក់​ចំណេញ​ឡើយ​។

អ្នកលក់​នឹង​មាន​វិប្បដិសារី បើសិនជា​មាន​មនុស្ស​ស្លាប់​ដោយសារ​តែ​ការ​ប្រើប្រាស់​ម្ហូបអាហារ​ដែល​មាន​ជាតិ​គីមី​ច្រើន​ហួសហេតុ​។

ចំណែក​អាជ្ញាធរ​គួរតែ​គ្រប់គ្រង​អោយ​បាន​ល្អ​ដល់​គុណភាព​ម្ហូបអាហារ ដើម្បី​ជួយ​ការពារ​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​៕