ក្រុមម្ចាស់ជើងឯកថៃ លត់កម្ពុជា ៦-០ ដើម្បីឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ

ក្រុមម្ចាស់ជើងឯក៣សម័យកាលគឺU16ជម្រើសជាតិថៃ បានលត់ក្រុមម្ចាស់ផ្ទះកម្ពុជា ក្នុងលទ្ធផល ៦-០ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF U16 Championship 2016 ជាថ្មីម្តងទៀត រីឯក្រុមU16ឡាវ ក៏បានបង្កើតឱកាសឡើងវិញ ដើម្បីត្រៀមប្រជែងជាប្រយោល នៅក្នុងការប្រកួតជម្រុះលើកចុងក្រោយជាមួយក្រុមU16កម្ពុជា និងទីម័រខាងកើត ផងដែរ។

mm5

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់ម៉ឺននាក់ កាលពីយប់ម្សិលមិញនោះ ក្រុមកម្ពុជា ដែលចាញ់ប្រៀបផ្នែកកាយសម្បទា និងកម្លាំងលើគូប្រកួតនោះ បានព្យាយាមវាយបកភ្លាមៗយ៉ាងស្វាហាបផងដែរ ដើម្បីស្វែងរកជ័យជម្នះជូនជាតិ ប៉ុន្តែការបង្កើតឱកាសភាគច្រើន ត្រូវបានបំផ្លាញនៅត្រឹមតំបន់ការពាររបស់ថៃ។ រីឯការវាយសម្រុករបស់ថៃ ក៏ត្រូវកម្ពុជា បិទវិញបានល្អដែរ គឺបានរហូតតែ១គ្រាប់ទេ ដែលស៊ុតបញ្ចូលទីដោយកីឡាករពាក់ស្លាកលេខ ១១ Korawich Tasa នៅនាទីទី៤០ ក្នុងតង់ទី១។

mm4

ប៉ុន្តែការបង្កើតកំហុសរបស់ សាន គឹមហេង ដោយបានបុកឲ្យ Korawich Tasa ដួលក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យថៃ ហើយ Ratchakan ជាអ្នកធ្វើបានសម្រេច នៅនាទីទី៥៣។ ការនាំមុខ ២-០ នេះបានធ្វើឲ្យកម្ពុជា កាន់តែបង្កើនការវាយបក ដោយមិនខ្វល់ពីការលែងទប់នោះឡើយ ជាហេតុនាំឲ្យក្រុមថៃ បានស៊ុតបំប៉ោងសំណាញ់ទីរបស់ខ្លួន បាន៤គ្រាប់បន្ថែមទៀត ដែលរកបានដោយ Peerapat នៅនាទីទី៦៨ និង Jinnawat បន្ថែមបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី៧៥ និង៨៣ មុនពេល Korawich Tasa រកឃើញគ្រាប់បាល់របស់គេ នៅនាទីទី៨៨។

mm3

ការឈ្នះជាលើកទី៣នេះ បានជួយឲ្យក្រុមថៃ មាន៩ពិន្ទុពេញ និងទទួលបានឱកាសឡើងទៅបន្តដោយស្វ័យប្រវត្តិ និងសល់១ប្រកួតទៀតជាមួយក្រុមឡាវ ប៉ុន្តែក្រុមកម្ពុជា ដែលមាន៦ពិន្ទុដដែលនោះ ចាំបាច់ត្រូវយកឈ្នះក្រុមទីម័រ ក្នុងការប្រកួតលើកចុងក្រោយ នៅថ្ងៃអង្គារ ជាដាច់ខាត ទើបអាចទៅវគ្គបន្តជាប្រវត្តិសាស្រ្តបាន ព្រោះកាលពីម្សិលមិញដែរនោះ ក្រុមឡាវ បានលត់ក្រុមប្រ៊ុយណេ ៤-០ ដើម្បីមាន៤ពិន្ទុស្មើជាមួយក្រុមទីម័រដែរ៕

mm2
mm1