ពេល​មាន​ផ្ទៃពោះ ហេតុ​អ្វី​វិលមុខ​អញ្ចឹង​?

ពេល​មាន​ផ្ទៃពោះ ហេតុ​អ្វី​វិលមុខ​អញ្ចឹង​?


ពេល​មាន​ផ្ទៃពោះ ហេតុ​អ្វី​វិលមុខ​អញ្ចឹង​?

​ក្នុងពេល​មាន​ផ្ទៃពោះ មាន​ការប្រែប្រួល​ច្រើនណាស់ នៅក្នុង​ប្រព័ន្ធ​បេះដូង​សរសៃឈាម អាច​ជា​ការ​ធូរ​សរសៃឈាម និង​រីក​សរសៃឈាម​កាន់តែ​ធំ ដើម្បី​ជួយ​ដល់​ការបញ្ជូន​ជីវជាតិ ក៏ដូចជា​ចរន្តឈាម ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ បេះដូង​ដើរ​កាន់តែ​លឿន ចំណុះ​ឈាម​នឹង​ត្រូវ​កើនឡើង​ទ្វេដង ដើម្បី​បំពេញ​តម្រូវកា​រទាំង​ម្តាយ និង​កូន ហើយ​បេះដូង ក៏​ត្រូវការ​ច្របាច់​ឈាម ឲ្យបាន​កាន់តែ​ច្រើន​ទៀត ក្នុង​រយៈពេល​មួយ​នាទី​។ រាល់​សកម្មភាព​ទាំងនេះ នឹង​ធ្វើឲ្យ​ការ​ត្រឡប់​ឈាម ចូល​សរសៃឈាម​វ៉ែន​វិញ មាន​ការយឺតយ៉ាវ​ជាង​មុន​។ ដូច្នេះ សម្ពាធ​ឈាម​អាច​នឹង​ថយចុះ ក្នុងពេល​មាន​ផ្ទៃពោះ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សម្ពាធ​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ធ្លាក់​ចុះ​ទាប តែ​អាច​ព្យាបាល​បាន តាមរយៈ​ការកែសម្រួល​អេឡិចត្រូលីត្រ​ក្នុងខ្លួន​។

​ទោះបីជា​ឈាម​ត្រឡប់​ចូល ទៅក្នុង​សរសៃឈាម​វ៉ែន​យឺត​ក៏ដោយ ក៏​បេះដូង និង​ខួរក្បាល​អាច​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ កែសម្រួល​ទៅលើ​ការប្រែប្រួល​ទាំងនេះ​បាន​។ នៅពេល​វា​ត្រូវការ ពេល​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​នេះ ក៏​ជា​ពេលវេលា​ដែល​អ្នក មាន​អា​ការៈវិល​មុខ​បណ្តោះអាសន្ន​ដែរ​។​

សម្ពាធ​ឈាម នឹង​វិល​មក​ធម្មតា​វិញ នៅពេល​ដែល​រាងកាយ​អាច​កែប្រែ ឬ​សម្រប​ខ្លួន នឹង​ការប្រែប្រួល​របស់​អ័រម៉ូន និង​សកម្មភាព​ធម្មតា​ក្នុង​រាងកាយ​បាន​។ យ៉ាងណាមិញ ការវិល​មុខ​ត្រូវតែ​រកឲ្យឃើញ បើសិនជា​វា នៅតែ​បន្ត​ជា​បញ្ហា​ដល់​អ្នក​។ សម្រាប់​ម្តាយ​គ្រប់រូប ដែល​មាន​អា​ការៈវិល​មុខ នៅ​ពេល​កូន​ក្នុង​ផ្ទៃ​អាយុ​ចាប់ពី ៥ ខែ​ទៅ គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​រកមើល ក្រែង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ដោយសារ​ការ​មាន​ផ្ទៃពោះ (Pregnancy-induced Hypertension)​។ រឿង​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ លើ​ស្ត្រី​ដែល​មាន​សមាជិក​គ្រួសារ កើត​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ផ្ទៃពោះ​ច្រើន ឬ​មាន​ផ្ទៃពោះ ដោយ​ការចាក់​មេ​ជីវិត​។ នេះ​ហើយ​គឺជា​ហេតុផល​ដែលថា ការវិល​មុខ​ជាប់​រហូត ត្រូវតែ​រកឲ្យឃើញ ព្រោះ​វា​អាច​ជា​សញ្ញា របស់​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ការត្រៀម​ក្រឡាភ្លើង ហើយ​បើសិនជា​មិន​កំណត់​រឿងនេះ ឲ្យទាន់​ពេលវេលា​ទេ វា​អាច​បណ្តាល​ឲ្យ​កូន​ក្នុងផ្ទៃ មិន​លូតលាស់​គ្រប់គ្រាន់ ហូរ​ឈាម​ក្នុង​ស្បូន ឬ​សម្រាលកូន​មិន​គ្រប់​ខែ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។