រន្ធត់ ! មក​ទិញ​រាល់ដង​ទៅ​វិញ មក​ទិញ​លើក​នេះ​លែង​ទៅ​វិញ​រហូត

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​រន្ធត់​ខ្លាំង​ណាស់​ដែល​បុរស​វ័យ​ចំណាស់​អាយុ​ជាង​៩០​ឆ្នាំ​ម្នាក់​បាន​ដួល​ស្លាប់​ភ្លាម​ៗ​ទាំង​មិន​ទាន់​បាន​និយាយ​អ្វីមួយ​ម៉ាត់​ផង បន្ទាប់​ពី​គាត់​ខំ​ធាក់​កង់​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​មក​ទិញ​គ្រឿងទេស​នៅផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​លក់​គ្រឿងទេស​ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុម​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​រូប​នោះ​មានឈ្មោះ ឡេ​ង ជិន អាយុ​៩១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ឈុ​ន វី​រៈ បាន​ឲ្យ​ដឹង​ថា ជា​រឿយ​ៗ​គាត់​តែង​ឃើញ​បុរស​ចំណាស់​រូប​នោះ​ជិះ​កង់​ពី​ផ្ទះ​នៅ​ភូមិ​ចំការ​តា​ម៉ៅ​ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​មក​ទិញ​អីវ៉ាន់​គាត់ ពេល​ខ្លះ​គាត់​មិន​យក​លុយកាក់​ទេ យូ​ៗ​ទៅ​សឹង​ថា ដូច​ឪពុកធម៌​និង​កូនធម៌​ទៅ​ហើយ ។ នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​ចំណាស់​រូប​នោះ​ជិៈ​កង់​មក​ដល់​ផ្ទះ​គាត់​ជា​ថ្មី​ទៀត ហើយ​គ្រាន់តែ​ឡើង​ដល់​លើ​ផ្ទះ ស្រាប់តែ​ដួល​ស្លាប់​តែ​ម្តង មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយ​គាំងបេះដូង ឬ​ដោយសារ​ខ្យល់គ រួច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បើ​តាម​អ្នក​ជិតខាង​របស់​បុរស​ចំណាស់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​សព្វថ្ងៃ​រស់នៅ​ជាមួយ​កូនចុង​នៅ​ភូមិ​ចំការ​តា​ម៉ៅ ក្នុង​ជីវភាព​ក្រលំបាក​ជា​ខ្លាំង ហើយ​សព​អាច​នឹង​ត្រូវ​យក​ធ្វើបុណ្យ​នៅ​វត្ត​ដែល​នៅ​ជិត​នោះ ព្រោះតែ​ជីវភាព​ក្រីក្រ ៕