ការ​ស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិក​មាន​ទុទ្ទិដ្ឋិនិយម​អំពី​បញ្ហា​ពូជ​សាសន៍

ពលរដ្ឋអាមេរិកាំងភាគច្រើន មានទុទ្ទិដ្ឋិនិយមកាន់តែខ្លាំងឡើងអំពីទំនាក់ទំនងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក

យោងតាមការស្ទង់មតិថ្មីមួយដោយបណ្ដាញសារព័ត៌មានWashington Post និង ABC News បានឲ្យដឹងថា ពលរដ្ឋអាមេរិកចំនួន៦៣ភាគរយ គិតថា ទំនាក់ទំនងពូជសាសន៍ នៅក្នុងប្រទេសនេះ មានសណ្ឋានអាក្រក់។ ចំនួនពលរដ្ឋអាមេរិកដែលយល់បែបនេះ បានកើនឡើងពី៤៨ភាគរយ នៅក្នុងការស្ទង់មតិមួយទៀតកាលពីឆ្នាំមុន។

ក្នុងចំណោមពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិក មាន៧២ភាគរយ មានទុទ្ទិដ្ឋិនិយមអំពីទំនាក់ទំនងពូជសាសន៍នេះ។

ភាពអស់សង្ឃឹមកាន់តែខ្លាំងឡើងនេះ អាចបណ្តាលភាគច្រើនមកពីការបាញ់សម្លាប់បុរសស្បែកខ្មៅដោយប៉ូលិសជាបន្តបន្ទាប់ និងការបាញ់ប៉ូលិសវិញ ដោយបុរសស្បែកខ្មៅម្នាក់នៅក្រុងDallas រដ្ឋតិចសាស់ កាលពីពេលថ្មីៗនេះ។

ការបែកខ្ញែកគ្នាខាងពូជសាសន៍ ដែលពលរដ្ឋអាមេរិកកំពុងមានអារម្មណ៍នេះ អាចចំណេញដល់បេក្ខជនប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ។

ការស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំង៥៨ភាគរយមានជំនឿទុកចិត្តលើលោកស្រី Hillary Clinton ក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងពូជសាសន៍នេះ។

មានពលរដ្ឋអាមេរិកតែ២៦ភាគរយប៉ុណ្ណោះ ដែលគិតថា គូប្រជែងរបស់លោកស្រីClinton គឺលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ អាចមានសមត្ថភាព ដោះស្រាយបញ្ហានេះបាន ទោះបីជា លោកDonald Trump បាននិយាយថា រូបលោក«គឺមនុស្សដែលប្រកាន់ពូជសាសន៍តិចជាងគេបំផុត»ក៏ដោយ៕

ប្រភពៈ VOA


Related Posts