ក្រុមហ៊ុន​ថ្មី​របស់​អាហ្រ្វិក​មួយ​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ ​លោក ​Mark Zuckerberg

ជំនួញផ្នែកបច្ចេកវិទ្យាថ្មីមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ឈ្មោះថា Andela ត្រូវបានដាក់ឲ្យដំណើរការដើម្បីស្វែងរកអ្នកមានទេពកោសល្យខ្លាំងខាងបច្ចេកវិទ្យានៅទូទាំងទ្វីបអាហ្រ្វិក ហើយបណ្តុះបណ្តាលឲ្យពួកគេធ្វើការលើគម្រោងសម្រាប់ក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ បេសកកម្មនោះបានទទួលការជំរុញទឹកចិត្តកាលពីខែមុន នៅពេលដែលជំនួញ Andela នេះត្រូវបានជ្រើសរើសជាការវិនិយោគដំបូងដោយមូលនិធិដែលទើបតែចាប់ផ្តើមថ្មីៗនេះរបស់សហស្ថាបនិកហ្វេសប៊ុក គឺលោក Mark Zuckerberg។ ក្រុមអ្នកវិភាគនិយាយថា ការវិនិយោគនេះ គឺជាការបង្ហាញពីការគាំទ្រដល់ការចាប់ផ្តើមជំនួញថ្មីផ្នែកបច្ចេកវិទ្យា ដែលយកវិស័យអប់រំជាអាទិភាព។

ទីក្រុងឡាកូស (LAGOS) —ទីស្នាក់ការកណ្តាលកំពស់៣ជាន់ នៅទីក្រុងឡាកូស (Lagos) របស់ក្រុមហ៊ុន Andela មើលទៅដូចជាមិនធំដុំប៉ុន្មានទេ ប៉ុន្តែវាជាកន្លែងមួយដែលបុគ្គលិកត្រូវបានជ្រើសរើសដោយការសម្រិតសម្រាំងបំផុតនៅក្នុងទ្វីបអាហ្វ្រិក ហើយពួកគេធ្វើការលើគម្រោងបច្ចេកវិទ្យាខ្នាតយក្ស ដូចជាក្រុមហ៊ុន IBM និងក្រុមហ៊ុន Microsoft។

ក្រុមហ៊ុននេះអាចនឹងត្រូវការអគារការិយាល័យថ្មីឆាប់ៗនេះ។ ក្រុមហ៊ុននេះទើបតែប្រមូលថវិកាបាន ២៤លានដុល្លារ ដោយមានការវិនិយោគធំបំផុតពីគំនិតផ្តួចផ្តើមឈ្មោះ Chan Zuckerberg ដែលផ្តួចផ្តើមឡើងដោយសហស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក និងភរិយារបស់លោកគឺអ្នកស្រី Priscilla Chan។

លោក Seni Sulyman នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Andela បាននិយាយថា ក្រុមហ៊ុននេះសង្ឃឹមថានឹងបញ្ជូនលុយនោះចូលទៅក្នុងការពង្រីកលើដំណើរការជ្រើសរើសបុគ្គលិក ការស្វែងរកអតិថិជនបន្ថែម និងជាពិសេសនោះគឺការបើកសាខានៅក្នុងប្រទេសទីបីក្នុងទ្វីបអាហ្វ្រិក បន្ទាប់ពីប្រទេសនីហ្សេរីយ៉ា និងប្រទេសកេនយ៉ា។

«វាមើលទៅហាក់ដូចជាចំនួនទឹកប្រាក់ច្រើនណាស់ ប៉ុន្តែមានរឿងជាច្រើនដែលយើងចង់ធ្វើ ហើយខ្ញុំប្រាកដណស់ថា យើងនឹងរកវិធីចំណាយប្រាក់ទាំងនេះ»។

ក្រុមហ៊ុន Andela ជួលអ្នកបង្កើតកម្មវិធីដែលមានបំណងប្រាថ្នាខ្ពស់សម្រាប់កម្មវិធីមួយមានរយៈពេលបួនឆ្នាំ ដែលនៅទីនេះពួកគេរៀនពីភាសារសម្រាប់បង្កើតកម្មវិធីកុំព្យូទ័រ និងជំនាញកុំព្យូទ័រ ហើយបន្ទាប់មកពួកគេអាចធ្វើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗពីចម្ងាយ គឺពីការិយាល័យនៅក្នុងទីក្រុង Lagos ឬ Nairobi។

ក្រុមហ៊ុននេះមានការសម្រិតសម្រាំងយ៉ាងខ្លាំង និងទទួលបានការដាក់ពាក្យចូលធ្វើការចន្លោះពី៣០០០ ទៅ ៥០០០ពាក្យស្នើសុំ សម្រាប់ការជ្រើសរើសរៀងរាល់បីខែម្តង។ តែជាធម្មតា ពួកគេជ្រើសរើសយកតែ១២នាក់ប៉ុណ្ណោះ ក្នុងមួយលើក។

“គោលដៅរបស់យើងគឺបណ្តុះបណ្តាអ្នកបង្កើតកម្មវិធីលំដាប់ថ្នាក់ពិភពលោកឲ្យបាន១០ម៉ឺននាក់ក្នុងរយៈពេល១០ឆ្នាំ នៅទ្វីបអាហ្វ្រិក»។

ជាមួយនឹងបទពិសោធន៍ដែលពួកគេទទួលបានពីក្រុមហ៊ុន Andela លោក Suleyman និយាយថា លោករំពឹងថា អ្នកបង្កើតកម្មវិធីជាច្រើន នឹងចាកចេញហើយបង្កើតស្នាដៃរបស់ពួកគេលើវិស័យបច្ចេកវិទ្យាក្នុងទ្វីបអាហ្វ្រិក។

«ពួកគេម្នាក់ៗមានការបង្ហាញជាក់លាក់ ដែលពួកគេមានអារម្មណ៍ថា នៅដំណាក់កាលណាមួយនៃជីវិតរបស់ពួកគេ មានកន្លែងមួយដែលពួកគេចង់ទៅ ក្រោយពេលបាននូវបទពិសោធន៍ទាំងអស់នេះហើយ។ ហើយខ្ញុំគិតថា នោះគឺជាចំណង់ចំណូលចិត្ត និងកម្លាំងជំរុញដែលអាចផ្លាស់ប្តូរទ្វីបនេះបាន»។

ទស្សនៈគំនិតរបស់ក្រុមហ៊ុននេះ បានទាញចំណាប់អារម្មណ៍របស់លោក Zuckerberg និងអ្នកស្រីChan។ គូស្វាមីភរិយានេះបានចាប់ផ្តើមគំនិតផ្តួចផ្តើមនេះកាលពីឆ្នាំមុន បន្ទាប់ពីកំណើតនៃកូនដំបូងរបស់ពួកគេ ដោយមានគោលដៅ «ជំរុញសក្តានុពលរបស់មនុស្ស និងលើកកម្ពស់សមភាព»។

ទឹកប្រាក់២៤លានដុល្លារ សព្វថ្ងៃនេះមិនមែនជាតួលេខចម្លែកពេកទេនៅក្នុងការចាប់ផ្តើមក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅទ្វីបអាហ្រ្វិក។ ក្រុមហ៊ុនមួយឈ្មោះ Africa Internet Group ដែលដំណើរការគេហទំព័រជំនួញតាមអនឡាញនាំមុខគេមួយឈ្មោះថា Jumia បានបន្ថែមប្រាក់មូលនិធិ ៣០០ លានដុល្លារក្នុងឆ្នាំនេះ។ គេហទំព័រ iROKOtv សម្រាប់ផ្សាយខ្សែភាពយន្តក៏ទទួលមូលនិធិ១៩លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងទ្វីបអាហ្រ្វិកដែរនៅឆ្នាំនេះ។

ប៉ុន្តែខណៈពេលដែលក្រុមហ៊ុនទាំងនោះផ្តោតគោលដៅទៅលើតែពាណិជ្ជកម្មនិងការកម្សាន្ដ លោក Bankole Oluwafemi និពន្ធនាយកនៃគេហទំព័រព័ត៌មានបច្ចេកវិទ្យាឈ្មោះ TechCabal បាននិយាយថា ការផ្តោតគោលដៅរបស់លើការអប់រំរបស់ក្រុមហ៊ុន Andela ធ្វើឱ្យក្រុមហ៊ុននេះលេចធ្លោរនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងតែរះឡើងនៅទ្វីបអាហ្វ្រិក។

«ក្រុមហ៊ុន Andela វាយលុកលើបញ្ហានេះ ហើយវាមានចំណុចសំខាន់ខុសពីក្រុមហ៊ុនផ្សេងទៀត ត្រង់ថា វាជាក្រុមហ៊ុនចាប់ផ្តើមថ្មីមួយក្នុងចំណោមក្រុមហ៊ុនដំបូងៗ ដែលវាយលុកលើបញ្ហានេះតាមភាពជាក់ស្តែង នោះគឺបញ្ហាក្នុងការអប់រំ»។

គំនិតផ្តួចផ្តើមរបស់ Chan Zuckerberg បានទទួលស្គាល់ថាក្រុមហ៊ុននេះផ្តោតលើការអប់រំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គំនិតផ្តួចផ្តើមនេះបានលើកឡើងពី «គំរូច្នៃប្រឌិតថ្មីនៃការរៀនសូត្រ» របស់ ក្រុមហ៊ុន Andela ថាជាហេតុផលមួយដែលពួកគេសម្រេចចិត្តវិនិយោគនៅក្នុងក្រុមហ៊ុននេះ៕

ប្រភពៈ VOA


ក្រុមហ៊ុន​ថ្មី​របស់​អាហ្រ្វិក​មួយ​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ ​លោក ​Mark Zuckerberg

គណបក្ស​បៃតង​នៅ​អាមេរិក​គាំទ្រ​​គុណធម៌​ជា​និរន្តរភាព​ប៉ុន្តែ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​អ្នក​គាំទ្រ

ក្រុមហ៊ុន​ថ្មី​របស់​អាហ្រ្វិក​មួយ​នេះ​នាំ​មក​ជូន​លោក​អ្នក​ដោយ ​លោក ​Mark Zuckerberg

ប៉ាគីស្ថាន៖​នារី​តារា​បណ្តាញសង្គម​ម្នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​សម្លាប់​ចោល