រដ្ឋមន្ត្រីអង់គ្លេស​មួយរូប​គិតថា​ អង់គ្លេស​អាច​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ថ្ងៃ១មករា​២០១៩​

នៅថ្ងៃអាទិត្យ១៧កក្កដានេះ លោក លីយ៉ាំ ហ្វុក ជារដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក Brexit បានលើកឡើងថា អង់គ្លេសប្រហែលអាចចាកចេញជាផ្លូវការ ពីអឺរ៉ុបនៅថ្ងៃទី១ មករា ឆ្នាំ២០១៩។ ពេលនេះ អង់គ្លេសកំពុងស្វែងរកការចរចាជាមួយប្រទេសមួយចំនួន ទាក់ទងការផ្តោះប្តូរ ពាណិជ្ជកម្មសេរី ក្រោយពេលខ្លួនចាកចេញពីអឺរ៉ុប។

លោក លីយ៉ាំ ហ្វុក រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស និងជាអ្នកទទួលបន្ទុកប្រិចស៊ីត បានប្រាប់សារព័ត៌មាន សាន់ដេ ថែមស៍ ថ្ងៃអាទិត្យនេះថា ថ្ងៃ១មករា ឆ្នាំ២០១៩ ជាថ្ងៃដែលអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។

មានន័យថា ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៦ រដ្ឋាភិបាលអង់គ្លេសនឹងអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញាក្រុងលីស្បូន។ យោងតាមសន្ធិសញ្ញានេះ អង់គ្លេសជូនដំណឹងទៅអឺរ៉ុបពីបំនងចាកចេញរបស់ខ្លួន បន្ទាប់មកមានការចរចាពីលក្ខខណ្ឌផ្សេងៗនៃការចាកចេញនេះ។ ការចរចាអាចប្រើពេល២ឆ្នាំ។

ឥឡូវនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោកស្រី ថេរេសា មៃ កំពុងស្វែងរកដៃគូពាណិជ្ជកម្ម សម្រាប់ពេលអនាគត គឺពេលដែលអង់គ្លេសចាកចេញដាច់ស្រលះពីអឺរ៉ុប។ អង់គ្លេសបានពិភាក្សាពីការផ្តោះប្តូរពាណិជ្ជកម្មសេរី ជាមួយប្រទេស២រួចហើយ គឺអូស្ត្រាលី និងកាណាដា។ លោកស្រីថេរេសា មេ បានជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី។ លោកស្រីប្រាប់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីសង្ឃឹមថា អាចភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអង់គ្លេស អោយបានឆាប់ បើអាចធ្វើទៅបាន។

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លីយ៉ាំ ហ្វុក កំពុងសម្លឹងចង់បានកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរី ជាង១២ទៀត ជាមួយបណ្តាប្រទេសក្រៅទឹកដីអឺរ៉ុប។ ក្នុងសប្តាហ៍ថ្មីនេះ អង់គ្លេសនឹងចរចាជាមួយអាមេរិក។

ពេលនេះ អង់គ្លេសមិនទាន់ចាកចេញពីអឺរ៉ុប ដូច្នេះ នៅមិនទាន់អាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយប្រទេសដទៃទៀតទេ៕

ប្រភពៈ RFI


Related Posts