ប៉ាគីស្ថាន៖​នារី​តារា​បណ្តាញសង្គម​ម្នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​សម្លាប់​ចោល

នៅក្នុងប្រទេសប៉ាគីស្ថាន ទង្វើឧក្រិដ្ឋកម្មដើម្បីកិត្តិយសគ្រួសារបានកើតមានជាថ្មីកាលពីយប់ថ្ងៃសៅរ៍ ទី១៦ កក្កដា។ នារីតារាបណ្តាញសង្គមល្បីល្បាញម្នាក់ក្រោមឈ្មោះថា Qandeel Baloch ត្រូវបានបងប្រុសបង្កើតខ្លួនឯងសម្លាប់ចោល រួចបានរត់គេចខ្លួន។ តែប៉ូលិសបានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៧ កក្កដានេះពីការចាប់បានយុវជនរូបនោះ និងចោទប្រកាន់ពីបទឃាតកម្មសម្លាប់មនុស្ស។

ឈ្មោះពិតរបស់នារីតារាលើបណ្តាញសង្គមដែលត្រូវបានបងប្រុសបង្កើតខ្លួនឯងសម្លាប់ចោលដើម្បីស្រោចស្រង់កិត្តិយសគ្រួសារនោះមិនមែន Qandeel Baloch ទេ តែ Fouzia Azeem។ អ្នកប្រើបណ្តាញសង្គមក្នុងប្រទេសប៉ាគីស្ថានពិតជាស្គាល់នារី Fouzia Azeem ក្រោមឈ្មោះ Qandeel Baloch ច្បាស់ណាស់ ព្រោះនារីតារាក្នុងបណ្តាញសង្គមរូបនេះតែងតែបានបង្ហោះរូបថតរបស់ខ្លួនដែលមានលក្ខណៈលេចលើ លេចក្រោម ផាត់ម្សៅពេញមុខ លាបក្រែមពណ៌ក្រហមឆ្អៅលើបបូរមាត់ និងថែមទាំងធ្វើម៉ូដសក់មិនខុសពីនារីស៊ីវីល័យ ឆើតឆាយនៅក្នុងប្រទេសលោកខាងលិចទេ។

រូបភាពទាំងអស់នេះរបស់កញ្ញា Fouzia Azeem បានបង្កឲ្យមានប្រតិកម្មប្រឆាំងផង និងគាំទ្រផងពីសំណាក់មហាជនប៉ាគីស្ថានគ្រប់ជាន់ថ្នាក់។ តែសម្រាប់ក្រុមគ្រួសាររបស់កញ្ញា Fouzia Azeem វិញ ពិសេសបងប្រុសបង្កើតបានយល់ឃើញ អកប្បកិរិយារបស់ប្អូនស្រីខ្លួនបានធ្វើឲ្យអាប់ឱនកត្តិយសគ្រួសារយ៉ាងខ្លាំង រួចក៏បានសម្រេចចិត្តច្របាច់ ក សម្រាប់ចោលតែម្តង។ បន្ទាប់ពីបានរត់គេចខ្លួនពេញមួយថ្ងៃសៅរ៍ ទី១៦ កក្កដា ប៉ូលិសទើបបានប្រកាសឲ្យដឹងពីការចាប់ខ្លួនបាននៅថ្ងៃអាទិត្យ ទី១៧ កក្កដានេះ និងចោទប្រកាន់ពីបទឃាតកម្មសម្លាប់មនុស្ស។

ក្រៅពីធ្វើខ្លួនជានារីស៊ីវិល័យ និងឆើតឆាយតាមបែបបច្ចិមលោក កញ្ញា Fouzia Azeem មានអាយុ ២៦ឆ្នាំរូបនេះក៏បានប្រៀបប្រដូចខ្លួន និងយកគំរូតាមតារាចម្រៀងអាមេរិកាំង Lady Gaga ឬតារា Kim Kardashian។ ចរិត កាយវិការ និងអកប្បកិរិយារបស់កញ្ញា Fouzia Azeem គឺជារឿងមួយដែលគេកម្រឃើញមានណាស់នៅក្នុងចំណោមស្រ្តីប៉ាគីស្ថាន។ មួយថ្ងៃ មុនស្លាប់ដោយស្នាដៃរបស់បងប្រុសបង្កើតខ្លួនឯង កញ្ញា Fouzia Azeem បានបង្ហោះសារលើបណ្តាញសង្គមថា ទោះជាបីជាទង្វើរបស់កញ្ញាត្រូវបានសង្គមទាត់ចោល និងស្អប់ខ្ពើមក៏ដោយ ក៏កញ្ញានឹងបន្តធ្វើដើម្បីនារីប៉ាគីស្ថានគ្រប់រូបដែលត្រូវសង្គមជិះជាន់ និងមើលងាយ។

សូមរម្លឹកជូនថា ឧក្រិដ្ឋកម្មដើម្បីកិត្តិយសឧស្សាហ៍កើតមានញឹកញាប់ណាស់នៅក្នុងសង្គមប៉ាគីស្ថាន និងដែលច្បាប់បានអនុញ្ញាតឲ្យបុរសឃាតកររួចពីកណ្តាប់ដៃតុលាការ ប្រសិនបើក្រុមគ្រួសារយល់ព្រមលើកលែងទោសជាថ្នូរនឹងការបង់ប្រាក់មួយចំនួន។ នៅដើមឆ្នាំ ២០១៦ នេះ លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានសន្យាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដើម្បីកិត្តិយស តែមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បង្កើតមានច្បាប់ណាមួយទាក់ទងនឹងបញ្ហានេះនៅឡើយទេ៕

ប្រភពៈ RFI


Related Posts