Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន

អង្គការ Unesco ទើបបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពកុមារក្នុងលោក។ របាយការណ៍បានប្រាប់ឲ្យដឹងថា មានកុមារជាង ២៦០លាននាក់នៅទូទាំងពិភពលោកមិនបានទៅសាលារៀនទេ ក្នុងនោះ មាន ១ភាគ៤ ថែមទាំងមិនបានចូលរៀននៅសាលាបឋមសិក្សាផង។ ក្រៅពីតំបន់អាហ្រ្វិកសាហារ៉ាដែលកុមារមិនចូលសាលាមានអត្រាខ្ពស់ អាស៊ីខាងត្បូងបាននិងកំពុងក្លាយជាតំបន់មួយដែលមានចំនួនកុមារកាន់តែច្រើនឡើងៗមិនអាច ឬក៏គ្មានលទ្ធភាពទៅសាលាទេ។

នៅក្នុងចំនួនកុមារទាំងជាង ២៦០លាននាក់ក្នុងលោកដែលមិនបានចូលសាលារៀន មាន ១ភាគ៣ រស់ក្នុងតំបន់អាស៊ីខាងត្បូង ហើយគឺនៅក្នុងតំបន់នេះដដែលដែលមានយុវជនយ៉ាងតិចពាក់កណ្តាលមិនបានទៅរៀនសូត្រនៅសាលាទេ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការ Unesco។ ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលមានអត្រាកុមារមិនបានចូលសាលាច្រើនជាងគេ គឺឥណ្ឌា ប៉ាគីស្ថាន និងប្រទេសបង់ក្លាដែស។ ឥណ្ឌាត្រូវបានអង្គការ Unesco ចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានយុវជនរហូតដល់ទៅ ៤៧លាននាក់មិនបានចូលសាលារៀន ពោលមានយុវជនម្នាក់ក្នុងចំណោម ២នាក់។

លក្ខណៈពិសេសមួយទៀតនៅក្នុងតំបន់អាស៊ីខាងត្បូងស្តីពីការអប់រំ គឺគន្លាតខ្លាំងនៃអត្រាអ្នកអាចចូលសាលាដោយគិតតាមភេទ មានន័យថា ភេទប្រុសមានសំណាងជាងភេទស្រីដើម្បីចូលសាលា។ កុមារ៉ានៅអាស៊ីខាងត្បូងមានសំណាង ៣ដងច្រើនជាងកុមារី។ គិតសរុប មានក្មេងស្រីក្រោមអាយុ ១១ឆ្នាំប្រមាណជា ៥លាននាក់រស់ក្នុងតំបន់អាស៊ីខាងត្បូងមិនបានចូលសាលរៀនទេ។ ជាទូទៅ ឱពុក ម្តាយ និងក្រុមគ្រួសារតែងតែគិតថា ការបញ្ជូនកូនស្រីទៅសាលាជារឿងឥតប្រយោជន៍ ព្រោះទុកកូនស្រីឲ្យជួយធ្វើកិច្ចការផ្ទះគ្រាន់បើជាងកូនប្រុសឆ្ងាយណាស់។

តែគំនិតនេះមិនត្រូវបានអង្គការ Unesco យល់ស្របតាមទេ និងថា កុមារគ្រប់រូបទោះបីមានភេទប្រុស ឬស្រី និងរស់នៅទីកន្លែងណាក៏ដោយក្នុងលោកត្រូវតែចូលសាលារៀនដោយមិនអាចខានបាន។ អង្គការ Unesco បានប្រមើលមើលថា ដើម្បីអនុញ្ញាតឲ្យយុវជនក្នុងលោកអាចចូលរៀននៅអនុវិទ្យាល័យបាន ពិភពលោកត្រូវការប្រាក់ចំនួន ៣៩ ០០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីពេលនេះទៅដល់ឆ្នាំ ២០៣០ ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យអប់រំ៕

ប្រភពៈ RFI


Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន

ប៉ាគីស្ថាន៖​នារី​តារា​បណ្តាញសង្គម​ម្នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​សម្លាប់​ចោល

Unesco៖​មាន​កុមារ​ជាង ២៦០លាននាក់​ក្នុង​លោក​មិន​បាន​ចូល​សាលារៀន

រដ្ឋមន្ត្រីអង់គ្លេស​មួយរូប​គិតថា​ អង់គ្លេស​អាច​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ថ្ងៃ១មករា​២០១៩​