ជន​ចាប់​រំលោភ​លើ​កុមារ​ខ្មែរ​និង​ហ្វីលីពីន កំពុង​ប្ដឹង​ឧទ្ធរណ៍

បុរសជាតិប៊ែលហ្សិក លោក ផែធ័រ សឺឡេន (Pieter Ceulen) អាយុ៦០ឆ្នាំ ត្រូវ​បាន​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ ១៩ឆ្នាំ កាល​ពីខែ​មករា ពីបទ​រំលោភ​សេព​សន្ថវៈ ទៅលើកុមារ។ តែជន​ជាប់ចោទរូបនេះ ​បាន​រត់​គេច​ខ្លួន​​ទៅ​សំងំ នៅ​ក្នុង​ប្រទេស​កម្ពុជា អស់ជាច្រើនខែ មុននឹងចេញ​សារភាព នៅ​ចំពោះ​មុខ​អាជ្ញាធរ​​ខ្មែរ នៅ​ខែ​មីនា​កន្លង​​មក និង​បាន​​ឡើង​​យន្តហោះ ត្រឡប់​មក​ប្រទេស​​ប៊ែលហ្សិក​​វិញ ដើម្បីធ្វើការ​ប្ដឹង​ឧទ្ធរណ៍។
ជន​ចាប់​រំលោភ​លើ​កុមារ​ខ្មែរ​និង​ហ្វីលីពីន កំពុង​ប្ដឹង​ឧទ្ធរណ៍

លោក ផែធ័រ សឺឡេន ជនជាប់ចោទ ក្នុងសំនុំរឿងចាប់រំលោភកុមារ នៅកម្ពុជា និងនៅហ្វីលីពីន។ (រូបថតនគរបាលខ្មែរ)

កាលពីពាក់កណ្ដាល​ខែឧសភា​កន្លងទៅនេះ សាលាឧទ្ធរណ៍ប្រចាំនៅក្រុង «Anvers (ភាគខាងជើង​នៃ​ប្រទេស​ប៊ែលហ្សិក)» បានបើកសវនាការពិនិត្យ ទៅលើករណីរប្ដឹងឧទ្ធរណ៍ របស់ក្រុមមេធាវី របស់កូនក្ដីរបស់ខ្លួន ឈ្មោះ ផែធ័រ សឺឡេន (Pieter Ceulen) ដែលត្រូវបានសាលាដំបូង ផ្ដន្ទាទោសកាលពីក្នុងខែមករាកន្លងមក ឲ្យ​ជាប់​ពន្ធនាគារចំនួន១៩ឆ្នាំ ពីបទចាប់រំលោភសេពសន្ធវៈ ទៅលើកុមារតូចៗ នៅក្នុងប្រទេសកម្ពុជា និង​ហ្វីលីពីន។

តែសវនាការនោះ គ្រាន់តែជាសវានាការបឋម នៃនីតិវិធីរបស់សាសាឧទ្ធរណ៍ ក្នុងប្រទេសប៊ែលហ្សិកប៉ុណ្ណោះ និង​គ្មានវត្តមាន របស់ជនជាប់ចោទនោះទេ។ សវនាការបន្ទាប់ និងអាចជាសវនាការសម្រេចក្ដី ត្រូវបាន​តុលាការ​គ្រោង​បើក​ធ្វើ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ។

ការប្ដឹងឧទ្ធរណ៍ ទៅលើទោសជាប់ពន្ធនាគារ ១៩ឆ្នាំ ដែលបុរសជាតិប៊ែលហ្សិក អាយុ៦០ឆ្នាំរូបនេះ បាន​ប្រព្រឹត្តិ​ទៅ​លើកុមារ ទំនងជាត្រូវបាន​ជនជាប់ចោទ​ខ្លួនឯង​ទទួល​ស្គាល់ ដើម្បីស្នើសុំ​ការសណ្ដោស​សម្រាល​ទោស ពី​សំណាក់​​ចៅ​ក្រម​កាត់​សេចក្ដី សម្រាប់ការសម្រាលទោសណាមួយ។ នេះបើតាមការអះអាង របស់ក្រុម​មេធាវី​របស់​លោក ផែធ័រ សឺឡេន។ មេធាវីថែមទាំងអះអាង ប្រាប់សវនាការទៀតថា លោក ផែធ័រ សឺឡេន ត្រៀម​ទទួល​​ការ​​ព្យបាល​​ខ្លួន នៅ​ក្នុង​ពនាគារ ដើម្បីបញ្ជៀសគ្រោះថ្នាក់ សម្រាប់សង្គមជាតិ។

ជាការរំលឹកឡើងវិញ បន្ទាប់ពីត្រូវបានសាលាដំបូងផ្ដន្ទាទោស នៅខែមករា ឆ្នាំ២០១៦កន្លងទៅ លោក ផែធ័រ សឺឡេន បានរត់គេចខ្លួនទៅកាន់ប្រទេសកម្ពុជា។ ប៉ុន្តែនៅប៉ុន្មានខែក្រោយមក គឺនៅខែមីនា លោកបាន​ប្រគល់​ខ្លួន ឲ្យអាជ្ញាធរកម្ពុជា មុននឹងត្រូវបានបញ្ជូនខ្លួនតាមយន្ដហោះ ជាលក្ខណៈធម្មតា មកកាន់​ប្រទេស​ប៊ែលហ្សិក​វិញ។ លក្ខណៈធម្មតា ដោយសារតែប្រទេសកម្ពុជា មិនមានកិច្ចព្រមព្រៀង ធ្វើបត្យាប័នបញ្ជូន​អ្នកទោស ជា​មួយ​នឹង​ប្រទេស​ប៊ែលហ្សិកនោះទេ។

លោក ផែធ័រ សឺឡេន មានជីវិតមុខពីរ​ដ៏អស្ចារ្យ។ ម្ខាងលោកជាអ្នកធ្វើជំនួញមួយរូប ដែលទទួលបាន​ជោគជ័យ​គួរសម។ ម្ខាងទៀត លោកបានផលិត និងផ្ទុកទុកនូវរូបភាព (ជារូបថត និងវីដេអូ) អាសអាភាស ប្រមាណជា ៧០០ ហ្សីហ្គាអូ (Giga Octets) នៃអង្គចងចាំ (Hard Disk)។ សកម្មភាពទាំងនេះ ត្រូវបានលោកធ្វើ តាំង​ពី១៥ឆ្នាំ​មក​ហើយ តែត្រូវបានបែកធ្លាយ ដោយសារការរកឃើញ ពីសំណាក់ភ្នាក់ងារ​​ស៊ើបអង្កេត​សហព័ន្ធ​របស់អាមេរិក (FBI) និង​បានរាយការណ៍ ​មកកាន់​អាជ្ញាធរ​ប៊ែលហ្សិក។

ក្រុមអ្នកសើបអង្កេត បានឲ្យដឹងទៀតថា ក្រៅពីផលិត និងផ្ទុករួបភាពទាំងនេះ ដែលភាគច្រើន ជារូបភាពថត​ជា​មួយកុមារ និងអនីតិជននោះ លោក ផែធ័រ សឺឡេន នៅបានបង្ហោះផ្សាយផលិតផល ដែលលោកបានផលិត នៅ​តាម​បណ្ដាញអ៊ិនធើណែតទៀត។ ជាពិសេសមានវីដេអូ ដែលបង្ហាញថា លោក សឺឡេន ធ្លាប់ធ្វើដំណើរ​ទៅ​កាន់​ប្រទេសហ្វីលីពីន ដើម្បីថតពីការរួមភេទ រវាងរូបលោកផ្ទាល់ និងទារិកា ឬកុមារីជាច្រើន (អាយុរវាងពី២ ទៅ​៤ឆ្នាំ)។

នៅកម្ពុជា បុរសជាតិប៊ែលហ្សិករូបនេះ បានទទួលកុមារាម្នាក់ និងកុមារីចំនួន៣នាក់ មកចិញ្ចឹម។ នៅក្នុង​សវនាការ​សាលាដំបូង កាលពីខែមករា តុលាការបានរកឃើញថា លោកបានរំលោភកុមារីម្នាក់ ពីក្នុង​ចំណោម​កូន​ចិញ្ចឹម​ជាតិ​ខ្មែរ​ទាំង​នេះ៕