តុលាការក្រុង​សម្រេច​លើក​ពេល​បើកសវនាការ​លើ លោក នី ចរិយា និពន្ធដោយ : រឿន ភារុន       July-18-2016, 9:53 am         32

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការក្រុង​សម្រេច​លើក​ពេល​បើកសវនាការ​លើ លោក នី ចរិយា​តុលាការក្រុង​ភ្នំពេញ បានសម្រេច​លើក​ពេល បើកសវនាការ លើ​សំណុំរឿង​របស់លោក នី ចរិយា ជុំវិញ​បណ្តឹង​ដែល​ប្តឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប និង លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​។

​ព្រះរាជអាជ្ញារង​អម ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ប្តឹង​លោក នី ចរិយា​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ប្តឹង​បង្កាច់​កេរ្តិ៍​ឲ្យ​ផ្សព្វផ្សាយ​នៅ​អត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ តាម​មាត្រា​៣១៥ ៣០៩ នៃ​ក្រមព្រហ្មទណ្ឌ​។

​មូលហេតុ ដែល​តុលាការ​សម្រេច លើក​ពេល​បើកសវនាការ​នេះ គឺ​ដោយសារ លោក នី ចរិយា បាន​ប្តឹង​«​ដិត​ចិត្ត​» (​សុំ​ប្តូរ​ចៅក្រម​ជុំនុំជម្រះ​) ទៅកាន់​សាលាឧទ្ធរណ៍​។

​បើតាម លោក នី ចរិយា មាន​មូលហេតុ​ចំនួន​៣ ដែល​លោក ប្តឹង​សុំ​ប្តូរ​ចៅក្រម​ជុំនុំជម្រះ​នេះ​។ មូលហេតុ​ទី​១ គឺ​មិន​សុខចិត្ត​ដែល​ដំណើរការ​សវនាការ​នេះ អវត្តមាន​ដើម​បណ្តឹងរដ្ឋប្បវេណី​។ មូលហេតុ​ទី​២. លោក នី ចរិយា បានលើកឡើង​ដែរ​ថា ប្រសិនបើ​លោក ចូលរួម​នៅក្នុង​សវនាការ​នេះ មានន័យថា​លោក ចូលរួម​ក្នុង​អំពើ​អយុត្តិធម៌​នៅក្នុង​តុលាការ​ដែរ តាម​មាត្រា​៣៤៣ ៣២៦ នៃ​ក្រមរដ្ឋប្បវេណី​។ មូលហេតុ​ទី​៣ លោក នី ចរិយា បាន​បញ្ជាក់ថា​ស្ថាប័ន​ចំនួន​៣ មិនទាន់​ឆ្លើយតប​នឹង​សំណើរ​របស់លោក នៅឡើយ ជុំវិញ​បណ្តឹង​នេះ គឺ​ក្រសួងយុត្តិធម៌ តុលាការ​ឧទ្ធរណ៍ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​។

​ចៅក្រម​ជុំនុំជម្រះ បាន​ទុក​រយៈពេល​១​ខែ ដើម្បី​ឲ្យ​លោក នី ចរិយា និង​មេធាវី ដើម្បី​ធ្វើ​ពាក្យបណ្តឹង​«​ដិត​ចិត្ត​» (​សុំ​ប្តូរ​ចៅក្រម​ជុំនុំជម្រះ​) ទៅកាន់​សាលាឧទ្ធរណ៍​។ ប្រសិន​សាលាឧទ្ធរណ៍ សម្រេច​បែបណា​នោះ ចៅក្រម​ជុំនុំជម្រះ នឹងធ្វើ​តាម​សេចក្តីសម្រេច​របស់​ស្ថាប័ន​មួយ​នេះ​៕