ចិន មិនអាច​បោះបង់​ដែន​អធិបតេយ្យ​ខ្លួន​សូម្បី​តែមួយ​ចំណិត ដែល​ដូនតា​ខ្លួន​បាន​បន្សល់ទុក​ឲ្យ​ឡើយ​ និពន្ធដោយ : People’s Daily       July-18-2016, 9:48 am         190

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន មិនអាច​បោះបង់​ដែន​អធិបតេយ្យ​ខ្លួន​សូម្បី​តែមួយ​ចំណិត ដែល​ដូនតា​ខ្លួន​បាន​បន្សល់ទុក​ឲ្យ​ឡើយ​លោក Yang Jiechi ទីប្រឹក្សារដ្ឋចិន​ទីប្រឹក្សា​រដ្ឋ​ចិន លោក Yang Jiechi នៅ​ថ្ងៃទី​១៤ ខែកក្កដា បានផ្តល់​កិច្ចសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​លើ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បង្ហាញ​គោលជំហ​របស់​ចិន​លើ​បញ្ហា​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ច្បាស់លាស់​ថែមទៀត​។​

​លោក Yang បាន​អះអាងថា រដ្ឋាភិបាល​ចិន បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ និង «​សៀវភៅ​ស​» ឬ White Paper ដែល​បានបញ្ជាក់​គោលជំហ​មិន​ប្រែប្រួល​ក្នុងការ​ប្រឆាំងនឹង​ម​ជ្ឈ​ត្ត​កម្ម និង​មិន​ទទួលស្គាល់ និង​មិន​ទទួលយក​សាលក្រម​នោះឡើយ​។ ជំហ​រដ្ឋាភិបាល ទទួលបាន​ការគាំទ្រ និង​ប្រកាស​ទទួលស្គាល់​ពី​សំណាក់​ប្រជាជន​ពី​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​ចិន​។​

​លោក Yang បាន​ហៅ​សាលក្រម​នោះ​ថា ផ្ទុយ​នឹង​ច្បាប់ និង​មិនមាន​អនុភាព​គតិយុត្ត​ឡើយ ពោលគឺ វា​គឺជា​រឿង​នយោបាយ ដែលមាន​របៀបវារៈ​លា​ក់​លៀម​។ ទីប្រឹក្សា​រូបនោះ ពន្យល់​បន្ថែមថា ម​ជ្ឈ​ត្ត​កម្ម បាន​ដើរ​ផ្ទុយទៅនឹង​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ យក​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ដាក់​ក្នុង​ភាពគ្រោះថ្នាក់ និង​បំផ្លាញ​ផលប្រយោជន៍​សហគមន៍​អន្តរជាតិ​ទៀតផង​។

​ក្នុង​កិច្ចសម្ភាសន៍​ដដែល លោក Yang ក៏បាន​បញ្ជាក់ថា ប្រទេស​ជាច្រើន​របស់​ពិភពលោក ជាង​៧០​ប្រទេស និង​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់ បានចេញ​សេចក្តីថ្លែងការណ៍​ដើម្បី​បង្ហាញ​ពី​ការយល់ដឹង​របស់​ពួកគេ​ពី​ស្ថានភាព និង​គាំទ្រ​ជំហ​របស់​ចិន​ផងដែរ​។

​លោក​សង្កត់ធ្ងន់ថា «​ចិន មិនអាច​បោះបង់ចោល​ដែន​អធិបតេយ្យ​របស់ខ្លួន​សូម្បី​តែមួយ​ចំណិត ដែល​ដូនតា​ខ្លួន​បាន​បន្សល់ទុក​ឲ្យ​ឡើយ​។ ហើយ​យោងតាម​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​ផ្នែក​ច្បាប់ អធិបតេយ្យ និង​ផលប្រយោជន៍ និង​សិទ្ធិ​ដែនសមុទ្រ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​អនុវត្ត​តាំងពី​ជាង​២០០០​ឆ្នាំមុន​មកម្ល៉េះ​»​។

​លោក អះអាង​ជាថ្មី​ដែរ​ថា សាលក្រម មិនអាច​ផ្លាស់ប្តូរ​ការពិត​នៃ​ប្រវត្តិសាស្ត្រ និង​ការទាមទារ​នៃ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បានដែរ ពោលគឺ សាលក្រម​នោះ​មិនអាច ធ្វើ​ឲ្យ​យន្តការ​នៃ​ការដោះស្រាយ និង​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​សិទ្ធិ និង​ផលប្រយោជន៍​របស់​ចិន​បានឡើយ​។

​លោក សង្កត់ធ្ងន់​ដែរ​ថា បញ្ហា​នៃ​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ពាក់ព័ន្ធ​នឹង​ការកំណត់​អធិបតេយ្យ និង​ដែនសមុទ្រ ដែល​មិន​ស្ថិតក្រោម​អនុភាព​របស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ច្បាប់​សមុទ្រ​(UNCLOS)​។

​លោក បកស្រាយ​បន្តទៀតថា ការបង្កើត​ម​ជ្ឈ​ត្ត​កម្ម​ដោយ​ឯកតោភាគី​របស់​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​ប្រឆាំង​ទៅនឹង​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយនឹង​ចិន ដែល​បាន​កំណត់ថា សមុទ្រ​ចិន​ខាងត្បូង គួរ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​, បាន​បំពាន DoC ដែល​ចុះហត្ថលេខា​ដោយ​អាស៊ាន និង​ចិន​នៅ​ឆ្នាំ​២០០២ និង​បំពាន​នឹង​UNCLOS ផងដែរ​។​

​ទីប្រឹក្សា​រដ្ឋ​រូបនោះ ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​បញ្ហា​រវាង​ចិន និង​អាស៊ាន​ឡើយ​។ លោក បន្ត​អះអាងថា ចិន នឹង​បន្ត​រក្សា​ទំនាក់ទំនង និង​ការពិគ្រោះ​យោបល់​ជាមួយនឹង​សមាជិក​អាស៊ាន​ដែល​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ហើយ ចិន នឹង​រក្សា​គោលជំហ​នេះ​មិន​ប្រែប្រួល​ផងដែរ​។

​ក្រៅពី​ការលើកឡើង​ពី​គោលជំហ និង​អំ​ណេះ​អំ​ណា​ងរ​បស់​ចិន លោក​ទឹ​ប្រឹក្សា​រដ្ឋ ក៏បាន​រិះគន់​ប្រទេសក្រៅ​តំបន់​មួយចំនួន​ដែល​បាននិងកំពុង​តែ​លូកលាន់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ លោក បាន​ថ្លែងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ខាងក្រៅ​តំបន់​មួយចំនួន បាន​ជ្រៀតជ្រែក​នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​លេស​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​រក្សា​សន្តិភាព​ក្នុង​តំបន់ ដែល​បានធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង​ជាង​មុន​។

​លោក​ទីប្រឹក្សា​រដ្ឋ បាន​សង្កត់ធ្ងន់​ចុងក្រោយ​នៃ​កិច្ចសម្ភាសន៍​ថា «​ចិន ត្រៀមខ្លួន​រួចរាល់​ក្នុង​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​ជាមួយនឹង​ប្រទេស​ពាក់ព័ន្ធ​ដោយផ្ទាល់ ដោយ​គោរព​ការ​អង្គហេតុ​ប្រ​វ​តិ្ត​សាស្ត្រ និង​ស្របតាម​ប្រវត្តិសាស្ត្រ​ដែល​រាប់បញ្ចូល​ទាំង UNCLOS ផងដែរ​។ ចិន ក៏​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ពិភាក្សា​ជាមួយនឹង​នឹង​ភាគី​ពាក់ព័ន្ធ​អំពី​ការព្យួរ​នៃ​ការដោះស្រាយ​ជម្លោះ​ចុងក្រោយ​បណ្តោះអាសន្ន​សិន ដែល​រាប់បញ្ចូល​ទាំង​ការអភិវឌ្ឍ​រួម​នៅក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​ផលប្រយោជន៍​រួម និង​លទ្ធផល​ឈ្នះ​ឈ្នះ​។ ដូច្នេះ ទាំងអស់គ្នា អាច​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​»៕