សហព័ន្ធ​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ចូល​សមាជិក​អង្គការ​នៃ​ប្រជាជាតិ​និង​ប្រជាជន​ដែល​គ្មាន​តំណាង

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ នៃការចូលជាសមាជិកអង្គការនៃប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO) របស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ កម្មវិធីនេះធ្វើឡើងនៅវត្តសាមគ្គីរង្សី នៅថ្ងៃទី១៧ កក្កដា។

ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា និងជាប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក តាំង សារៈ ថ្លែងថា ការក្លាយខ្លួនជាសមាជិកអង្គការនៃប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO) បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋខ្មែរក្រោម ពិសេសគឺត្រួសត្រាយផ្លូវឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិសំខាន់ៗ។

លោក តាំងសារៈ ថ្លែងថា៖ «នៅឆ្នាំ២០០៤ គណៈកម្មាធិការអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ទទួលបន្ទុកជនជាតិដើម បានអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោម តំណាងដោយសហព័ន្ធខ្មែរកម្ពុជា ចូលរួមប្រជុំនៅក្នុងសម័យប្រជុំរបស់ខ្លួន ដែលបានធ្វើឡើងនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញីវយ៉ក (New York) រហូតមកដល់សព្វថ្ងៃ រៀងរាល់ឆ្នាំម្តង។ ទីពីរ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការធំនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) អញ្ជើញឲ្យទៅចូលរួមរាល់សម័យប្រជុំ»។

លោក តាំង សារៈ បញ្ជាក់ទៀតថា ចាប់តាំងពីពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានក្លាយជាសមាជិកអង្គការ យូ.អិន.ភី.អូ (UNPO) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០១ មក បញ្ហារបស់ខ្មែរកម្ពុជាក្រោម ត្រូវបានលាតត្រដាងទៅកាន់ពិភពលោក ហើយក៏ចាប់ពីពេលនោះមក ខ្មែរកម្ពុជាក្រោម លែងឯកោដូចកាលពីមុន៖ «សំខាន់បំផុត គឺធ្វើឲ្យបញ្ហាខ្មែរកម្ពុជាក្រោម ដែលពីមុនខ្មែរកម្ពុជាក្រោម រស់នៅដោយឯកោ។ រដ្ឋាភិបាលវៀតណាម បានដឹងបានយល់ និងបានធ្វើការគាបសង្កត់ ធ្វើទារុណកម្មចំពោះខ្មែរកម្ពុជាក្រោម តែបណ្ដាប្រទេស និងអង្គការដទៃមិនបានដឹងទេ។ មិនបានដឹង មិនបានស្គាល់ខ្មែរកម្ពុជាក្រោមទេ ប៉ុន្តែពេលនេះបញ្ហារបស់ខ្មែរកម្ពុជាក្រោម បានក្លាយជាបញ្ហាអន្តរជាតិតូបនីយកម្ម»។

អង្គការនៃប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង (UNPO) ជាអង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យអន្តរជាតិ បង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ១៩៩១ នៅទីក្រុងហេឃ (Hague) ប្រទេសហូល្លង់ដ៍ (Netherland)។ គោលដៅនៃអង្គការនេះ គឺផ្តល់សំឡេងដល់ប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង និងគ្មានការយកចិត្តទុកដាក់នៅទូទាំងពិភពលោក។

ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាអធិបតីនៅក្នុងពិធីនោះថ្លែងថា ការដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិករបស់អង្គការ យូ.អិន.ភី.អូ (UNPO) គឺជាជំហានចាប់ផ្ដើមនៃការបំបាត់ភាពឯកោរបស់ខ្មែរកម្ពុជាក្រោម ដែលធ្លាប់កើតមានជាច្រើនទសវត្សរ៍មក ហើយក៏ជាការចាប់ផ្តើមភ្ជាប់ជីវិតពលរដ្ឋខ្មែរកម្ពុជាក្រោម ទៅនឹងពិភពលោកដែរ។ លើសពីនេះ លោកក៏បានអំពាវនាវដល់អង្គការសមាគម និងខ្មែរកម្ពុជាក្រោមទាំងអស់ ឲ្យគាំទ្រដល់សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីជំរុញឲ្យបេសកកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឆាប់ឈានដល់គោលដៅ។ នោះគឺការទាមទារសិទ្ធិសម្រេចដោយខ្លួនឯងនៅលើមាតុភូមិកម្ពុជាក្រោម។

ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា និងជាប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក តាំង សារៈ បញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមទាំងអស់មានចំនួនជាង ៨លាននាក់ ក្នុងនោះប្រហែល ៧លាននាក់កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយវៀតណាម ជាង ១លាននាក់ រស់នៅកម្ពុជា និងប្រហែល ៧ម៉ឺននាក់រស់នៅប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។ លោកសង្កត់ធ្ងន់ថា ទោះជារស់នៅទីណាក៏ដោយ ក៏ពលរដ្ឋខ្មែរក្រោមតែងចាត់ទុកខ្លួនឯងជាខ្មែរដដែល និងតែងខិតខំរក្សាអត្តសញ្ញាណរបស់ខ្លួនជានិច្ច៕

ប្រភពៈ RFA


Related Posts