ចិន​​​ជួយ​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្រោយ​​​ពីជំនួប​​​​​​​​​សាមគ្គី​​​សមុទ្ទ​​​ចិន​​​ខាង​​​ត្បូង​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីម្សិលមិញថា ប្រទេសចិននឹងផ្តល់ឲ្យកម្ពុជានូវជំនួយជាងពាក់កណ្តាលប៊ិលលានដុល្លារ គឺមានរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីកម្ពុជាជាថ្មីម្តងទៀតបានបដិសេធមិនគាំទ្រសេចក្តីថ្លែងការណ៍អាស៊ានដែលរិះគន់ការទាមទាររបស់ក្រុងប៉េកាំងយកសមុទ្ទចិនខាងត្បូង។ ជំនួយនេះដែលជាជំនួយឥតសំណងដ៏ធំបំផុតដល់ប្រទេសនេះ គឺធ្វើឡើងក្រោយពីការចេញសាលក្រមនៅឯតុលាការក្រុងឡាអេ ដែលច្រានចោលការទាមទារយកទាំងស្រុងរបស់ប្រទេសចិនទៅលើទឹកដីក្នុងសមុទ្ទចិនខាងត្បូង។ ដែនទឹកនោះក៏ត្រូវទាមទារដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងទៀតដែរ ហើយរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍និយាយថា កម្ពុជាបានដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យខូចដល់សេចក្តីថ្លែងការណ៍ដែលគាំទ្រសាលក្រម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាន បានព្រមឲ្យថវិកាក្នុងអំឡុងពេលកិច្ចប្រជុំក្នុងក្រុងអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ដែលនៅទីនោះលោកកំពុងតែចូលរួមក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១១។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “នាយករដ្ឋមន្ត្រីចិនបានប្រកាសផ្តល់ជំនួយឥតសំណងឲ្យកម្ពុជាចំនួន៣៦០០លានយន់ ប្រហាក់ប្រហែលជិត៦០០លានដុល្លារអាមេរិកសម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ដល់២០១៨។ តាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ៣,៦ទ្រីលានយន់អាចស្មើនឹង៥៣៨លានដុល្លារ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “តាមសំណូមពររបស់ខ្ញុំ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោត ដល់វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជា ស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៏សម្រាប់ប្រជាជនយើង”។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសេចក្តីថ្លែងការណ៍នាថ្ងៃទី៩ ខែកក្កដាដោយក្រសួងការបរទេស ដែលអះអាងជាថ្មីថា ប្រទេសចិននិងប្រទេសហ្វីលីពីនគួរដោះស្រាយជម្លោះទឹកដីដោយទ្វេភាគី ដោយមិនមានការលូកដៃពាក់ព័ន្ធពីរដ្ឋបរទេសផ្សេងទេ។ សេចក្តីថ្លែងការណ៍និយាយថា “កម្ពុជាយល់ថា បណ្តឹងរបស់ប្រទេសហ្វីលីពីន គឺដើម្បីសុំឲ្យតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ដោះស្រាយជម្លោះរបស់ខ្លួនជាមួយប្រទេសចិន ហើយដែលដំណើរការនេះមិនពាក់ព័ន្ធជាមួយរដ្ឋទាំងអស់ជាសមាជិកអាស៊ានឡើយ”។ សេចក្តីថ្លែងការណ៍និយាយថា “ដោយហេតុនេះ កម្ពុជានឹងមិនចូលរួមក្នុងការបញ្ចេញជំហរណាមួយចំពោះសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននោះឡើយ”។ កាលពីថ្ងៃព្រហស្បតិ៍ រ៉យទ័របានរាយការណ៍ថា សមាជិកអាស៊ានបានខកខានមិនបានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍គាំទ្រសាលដីការបស់តុលាការទេ។ វាមិនមែនជាលើកទីមួយទេដែលប្រទេសកម្ពុជាបានកាន់ជើងប្រទេសចិនក្នុងជម្លោះទាំងឡាយដែលតទល់នឹងប្រទេសអាស៊ានភាគច្រើន។ សារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ប្រទេសកម្ពុជាបានធ្វើឲ្យរាំងស្ទះដល់សេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយដែលគាំទ្រប្រទេសហ្វីលីពីនក្នុងខែមិថុនា។ ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ កម្ពុជាបានបញ្ចប់ការកាន់តំណែងរបស់ខ្លួន ដោយមិនបានចេញសេចក្តីថ្លែងការណ៍រួម ក្រោយពីបដិសេធមិនអនុញ្ញាតឲ្យមានការរៀបរ៉ាប់ពីវិវាទកំពុងបន្តកើតមាននៅក្នុងសមុទ្ទចិនខាងត្បូង ដោយនាំឲ្យមានការសន្និដ្ឋានថា ការគាំទ្ររបស់កម្ពុជាត្រូវទិញបានដោយជំនួយសប្បុរសធម៌ចិន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា លោកមិនបានដឹងពីមូលហេតុនៅពីក្រោយកញ្ចប់ជំនួយ៦០០លានដុល្លាររបស់ចិនទេ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបានសួរថា “មែនហើយ ចុះហេតុអ្វីក៏លោកមិនបញ្ជាក់ជាមួយប្រទេសចិន?”។ លោក ស៊ីផាន បាននិយាយថា ការដល់ពេលផ្តល់ជំនួយ គឺគាប់ជួនគ្នាប៉ុណ្ណោះ។ លោកបាននិយាយថា “វាអាចថ្ងៃនេះ វាអាចថ្ងៃស្អែក។ យើងត្រូវការប្រាក់។ ប្រសិនបើសហរដ្ឋអាមេរិកឲ្យលុយយើង យើងយក។ សហភាពអឺរ៉ុបឲ្យលុយយើង យើងក៏យកដែរ”។ អ្នកផ្សេងទៀតក៏កាន់តែមានមន្ទិល។ លោក អៀន ស្តូរី អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានការសិក្សាអាស៊ីអាគ្នេយ៍ក្នុងប្រទេសសឹង្ហបុរីបាននិយាយថា “នៅកម្ពុជា ជំនួយសេដ្ឋកិច្ចទិញបានឥទ្ធិពលនយោបាយចិន”។ លោក ស្តូរី បានសរសេរក្នុងសារអ៊ីម៉េលកាលពីថ្ងៃសុក្រថា “ប្រទេសចិនប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យខូចដល់ឯកភាពអាស៊ានច្រើនលើកហើយ។ ដោយធ្វើតាមបង្គាប់ចិននៅក្នុងអាស៊ាន ប្រទេសកម្ពុជាត្រូវទទួលបានអំណោយសប្បុរសសេដ្ឋកិច្ច។ ប៉ុន្តែខ្លួនពិតជាមិនធ្វើឲ្យមានប្រជាប្រិយភាពជាមួយសមាជិកអាស៊ានទេ”។ លោក ធីទីណាន ពង្សស៊ុតធិរាក់ នាយកវិទ្យាស្ថានសន្តិសុខនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យជូឡាឡុងកន ក្នុងក្រុងបាងកកបាននិយាយថា ជំនួយទទួលបានក្នុងពេលដែលមានការបង្ក្រាបដែលឃើញបុគ្គលិកសិទ្ធិមនុស្សត្រូវជាប់ពន្ធនាគារ ហើយរងការរិះគន់ពីម្ចាស់ជំនួយបស្ចិមប្រទេស ដូចជាសហភាពអឺរ៉ុបជាដើម។ ពង្សស៊ុតធិរាក់ បានសរសេរកាលពីថ្ងៃសុក្រថា “ជំនួយថ្មីនេះនឹងឃើញថាជាផ្នែកនិងកញ្ចប់នៃបក្ខពួកនិងឥទ្ធិពលរបស់ប្រទេសចិនទៅលើប្រទេសកម្ពុជានៅពេលមួយ ក្នុងពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិចំពោះការរំលោភសិទ្ធិមនុស្សឥតលាក់លៀម និងនិន្នាការផ្តាច់ការ”។ លោកបាននិយាយថា “កាលណាកម្ពុជាកាន់តែនៅដាច់ពីគេឯងនិងឯកោពីសហគមន៍អន្តរជាតិដែលគ្របដណ្តប់ដោយបស្ចិមប្រទេសនោះ ប្រទេសចិនក៏កាន់តែបញ្ជូនជំនួយសប្បុរសនិងជំនួយសេដ្ឋកិច្ចកាន់តែច្រើនដែរ”។ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្របក្សប្រឆាំងព្រួយបារម្ភថា ជំនួយនឹងមិនផ្តល់ឲ្យដោយតម្លាភាពទេ។ អ្នកស្រី សុខហួរ បាននិយាយថា “ខ្ញុំក៏ឮដែរថា នឹងយកទៅធ្វើអណ្តូងនិងស្រះទឹក ដែលគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីទាក់ទាញអ្នកបោះឆ្នោតតាមរយៈអំណោយ។ ជាទូទៅ កម្ចីនិងជំនួយពីប្រទេសចិន វាពិបាកនឹងទទួលបានកំណត់ត្រានិងឃ្លាំមើលដោយមានគណនេយ្យភាពណាស់”។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា លោកមិនបានដឹងថា ក្នុងចំនួនទឹកប្រាក់៦០០លានដុល្លារ តើមានលុយប៉ុន្មាននឹងប្រើសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខទេ។ លោក ពុទ្ធា បាននិយាយកាលពីថ្ងៃសុក្រថា “ប្រសិនបើប្រទេសណាចង់ជួយដំណើរការបោះឆ្នោត ដោយមិនមានលក្ខខណ្ឌណាដែលអាចប៉ះពាល់ដល់អព្យាក្រិតភាពនោះ គ.ជ.ប.នឹងពិចារណាទទួលយក ដើម្បីឲ្យប្រាកដថា ដំណើរការបោះឆ្នោតនឹងទទួលយកបានដោយភាគីពាក់ព័ន្ធទាំងអស់”។ លោកនាយករដ្ឋមន្ត្រីបានបដិសេធដដែលៗចំពោះការអះអាងថា ជំនួយចិនបានប៉ះពាល់ដល់អធិបតេយ្យភាព ហើយបានកោតសរសើរគោលនយោបាយមិនលូកដៃរបស់ម្ចាស់អំណោយទាក់ទងនឹងសិទ្ធិមនុស្ស អំពើពុករលួយនិងបញ្ហាផ្សេងទៀតដែលតែងតែលើកឡើងដដែលៗដោយម្ចាស់ជំនួយបស្ចិមប្រទេស។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងឆ្នាំ២០១២ថា “កម្ពុជាមិនមែនជាទំនិញដែលគេទិញបានទេ គឺជារដ្ឋអធិបតេយ្យ និងជាសមាជិកទទួលខុសត្រូវរបស់អាស៊ាន”។ ក្រោយពីនាយករដ្ឋមន្ត្រីចិន លោក វ៉េន ជាប៉ាវ បានផ្តល់ជំនួយដល់កម្ពុជាចំនួន៦០០លានដុល្លារក្នុងឆ្នាំ២០០៦ លោក ហ៊ុន សែន បានពន្យល់ពីការចូលចិត្តជំនួយចិន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅពេលនោះថា “ចិននិយាយតិច តែធ្វើច្រើន”៕     © 2016, ខេមបូឌា ដេលី. All rights reserved. No part of […]

The post ចិន​​​ជួយ​​​៥៣៨​​​លាន​​​ដុល្លារ​​​ក្រោយ​​​ពីជំនួប​​​​​​​​​សាមគ្គី​​​សមុទ្ទ​​​ចិន​​​ខាង​​​ត្បូង​​​ appeared first on The Cambodia Daily.